រាជធានីភ្នំពេញ ៖ ​សិស្ស​វិទ្យាល័យ​បឹង​​ត្របែក​​ និង​វិទ្យាល័យព្រែកចំនួន​៤នាក់​បាន​ត្រូវ​​​​​​​​នគរបាល​​ប៉ុស្តិ៍​​ច្បារអំពៅទី២ ខណ្ឌមាន​ជ័យ ​ឃាត់​ខ្លួននៅចំណុច​​ភ្លើង​ស្តុប​​​ច្បារ​អំពៅ ស្ថិតនៅ​​លើ​កំណាត់​​​ផ្លូវ​ជាតិ​លេខ​១ សង្កាត់ច្បារអំពៅ​​ទី២ ​កាលពីវេលាម៉ោង​១០ និង​៣០នាទី​ព្រឹកថ្ងៃទី២០ មករា ។ សិស្ស​​​​​​ថ្នាក់​វិទ្យាល័យ​ដែលសមត្ថកិច្ច​​​ឃាត់ខ្លួន​​១-ឈ្មោះ​ម៉ាក់ សំបូរ ​ភេទប្រុស អាយុ​១៩ឆ្នាំ ​​មានទីលំនៅ​​សង្កាត់​​ចាក់អង្រែក្រោម​ខណ្ឌ​មានជ័យ ​២-ឈ្មោះ ​​រដ្ឋ ប៊ុនណា ​អាយុ​១៧​ឆ្នាំ ​មានទីលំនៅ​សង្កាត់​​​ផ្សារ​​ដើម​ថ្កូវ ខណ្ឌចំការ​មន ​៣-ឈ្មោះ​​លី វិច្ឆិកា ​អាយុ១៩ឆ្នាំ ​មានទី​លំ​នៅ​​​សង្កាត់ព្រែកឯង​​​ ខណ្ឌ​​មាន​ជ័យ ៤-​​ឈ្មោះ​វ៉ាន់ ​​បញ្ញា ​អាយុ​១៨​ឆ្នាំ ​ស្នាក់នៅ​​សង្កាត់ព្រែក​ឯង ​ខណ្ឌមានជ័យ ​។ ខណៈពេលឃាត់​ខ្លួន​ក្រុម​យុវសិស្ស​​​ទាំង​៤នាក់​នេះ សមត្ថកិច្ច​​​បាន​ដកហូត​​ម៉ូតូ៣គ្រឿង​ពីក្រុម​ពួក​គេ។ ​​​ក្នុងចំណោម​​យុវ​សិស្សទាំង៤នាក់​នេះ ឈ្មោះ​ម៉ាក់ សំបូរ ​បាន​រង​របួស​​បែកក្បាល និង​​​រយះ​គុម្ពត្រចៀកហូរឈាម​កក្លាក់​។

តាមប្រភពព័ត៌មាន​​ជុំវិញ​ការ​ឃាត់ខ្លួន​យុវ​សិស្ស​​​ទាំង៤នាក់​​ខាង​លើ​នេះ ​ បើតាម​ប្រភពព័ត៌​មាន​ពីនគរបាល​​ប៉ុស្តិ៍​​ច្បារអំពៅ​ទី២ បានឱ្យ​ដឹង​ថា ​មុនពេល​សមត្ថកិច្ច​​​ឃាត់ខ្លួន គឺ​ពួកគេបាន​ជិះម៉ូតូ​ដេញវាយតប់គ្នា​នៅតាម​ផ្លូវ​សាធារណៈ​ ហើយ​ខ្លះបាន​ប្រើ​ដុំថ្ម​គប់គ្នា បណ្តាលឱ្យ​​ខ្ទាត​ទៅ​ត្រូវកញ្ចក់​លំនៅឋាន​ប្រជាពលរដ្ឋ​​​ ទើប​សមត្ថ​កិច្ច​​​​ឈាន​ទៅ​ឃាត់​ខ្លួន​ពួកគេតែម្តង ។​​ ក្រោយ​​ពេល​ឃាត់ខ្លួន​​​សួរនាំ​​ហើយ សមត្ថកិច្ច​​​បានបំភ្លឺ​ថា ​​ពួកគេ​ទាំងអស់គ្នា​​ទើប​នឹង​ចេញ​ពីមើលការ​ប្រកួត​បាល់ទះ​រវាង​សិស្សវិទ្យា​ល័យ​ព្រែកឯង​​ និងសិស្ស​​​វិទ្យាល័យ​បឹងត្របែក​​ ហើយ​​លទ្ធផល​​ក្រុម​កីឡាករបាល់ទះ​វិទ្យាល័យ​ព្រែក​ឯង​ ឈ្នះ​ក្រុ​មកីឡា​ករបាល់ទះ​​វិទ្យា​ល័យ​បឹង​ត្របែក ។ ​ផ្តើមចេញ​​ពី​បញ្ហានេះ ពួកគេក៏​តាម​ដេញ​​​វាយតប់គ្នា​​​​ពេញដងផ្លូវ​ លុះ​ដល់​ចំណុច​ភ្លើង​ស្តុប​​ច្បារអំពៅ​​​​ ក៏​មាន​រឿង​ហិង្សា​ធ្ងន់ធ្ងរ​​​រហូត​មានអ្នក​ខ្លះ​របួសតែម្តង ។

បើ​តាម​​ចម្លើយ​របស់យុវសិស្ស​ទាំង​៤នាក់​​ខាង​លើបាននិយាយថា ​ពួកគេ​​អត់ដឹងថា ​មាន​រឿង​​​អ្វីកើត​ឡើង​​​ឡើយ ​ស្រាប់តែ​​​​​​មានគេ​ដេញ​​វាយ​តប់​ និងគប់​ដោយ​​ដុំ​ថ្ម​​ប្រសាច​ពេញ​ផ្លូវ
ដូច្នេះ ។ ​​​ទោះជា​ក្រុម​យុវសិស្ស​​​​ទាំង​៤នាក់​នេះ​ខំប្រឹង​​ឆ្លើយ​ដោះសា​យករួច​ខ្លួនយ៉ាងណា​ក៏ដោយ ក៏សមត្ថ​កិច្ច​​បន្ត​ឃាត់ខ្លួន​សួរនាំ​រកហេតុ​ផល​ពាក់ព័ន្ធ​​នឹង​ក្រុម​ក្មេងទំនើងដែរ ។

សូម​បញ្ជាក់​ថា មួយ​រយៈមកនេះ ​ពិសេសគឺ​​​ដើមឆ្នាំ​២០១២តែម្តង  ក្រុម​ក្មេងទំនើងបាន​បង្ក​​​បាតុភាព​​អនាធិបតេយ្យ​​​កើនឡើង​​​គួរឱ្យកត់​សម្គាល់​នៅក្នុង​​​រាជធានីភ្នំពេញ​​​ ពិសេស​គឺ​​នៅ​ក្នុងប្លុក​​​​​មជ្ឈមណ្ឌល​​​​​កោះពេជ្រ​​តែម្តង ។ ​ចំពោះ​បញ្ហា​នេះ​សមត្ថកិច្ច​​អាជ្ញាធរ​គ្រប់ជាន់ថ្នាក់​​គួរ​តែ​​​ចាត់​វិធានការ​ឱ្យបានតឹងរ៉ឹង​​​លើក្រុម​ក្មេងទំនើង​​​ ដើម្បីឆ្លើយ​​​តប​តាម​អនុសាសន៍​​​របស់សម្តេច​​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន ដែល​​​បាន​ដាក់​បទបញ្ជា​​​យ៉ាង​ម៉ឺងម៉ាត់​ឱ្យលុបបំបាត់​​​ដល់​ប្ញស​គល់​នូវ​សមាស​ភាពក្មេងទំនើង​​​ក្នុងសង្គម ។

ដោយឡែក​​​ករណីខាង​លើនេះ ​ប្រជាពលរដ្ឋ​រស់នៅច្បារអំពៅ​​​សូមកោតសរសើរ​​​​​ចំពោះ​ការ​ដឹកនាំ​របស់លោក​គួច ចំរើន ​អភិបាលខណ្ឌ​​​មាន​ជ័យ ​ក្នុង​នាមជា​ប្រធាន​គណៈ​បញ្ជា​ការ​​ឯកភាព​ខណ្ឌ​​ដែល​តែងក្រើនរំលឹក​ដល់មន្ត្រី​​សមត្ថកិច្ច​​ក្រោមឱវាទ​​ឱ្យយកចិត្តទុកដាក់​អំពីក្មេងទំនើង​​​ ហើយឈាន​​​ទៅឃាត់ខ្លួន​បានភ្លាមៗ​ដូចករណី​​ខាងលើ​ជាដើម  ៕

ដកស្រង់ ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]