ភ្នំពេញៈ ចំណងស្នេហ៍ រវាងកីឡាករបាល់ទាត់ ជម្រើសជាតិ ដ៏ល្បីរបស់កម្ពុជា ចាន់ វឌ្ឍនាកា និងកីឡាការិនី ហែលទឹក ជម្រើសជាតិ រូបស្រស់ ហែមថុន វិទិនី បានក្លាយជា ប្រធានបទក្ដៅ ដ៏គួរឲ្យចាប់អារម្មណ៍ នៅក្នុងវិស័យកីឡា ក្រោយពីទស្សនិកជនគាំទ្រ និងជាអ្នកស្នេហា វិស័យកីឡាក្នុងស្រុក ជាច្រើន បានដឹង និងលើកយកមកជជែកគ្នា រហូតធ្វើឲ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ ដែលកំពុងចូលចិត្ត ទស្សនាកីឡាជាតិ នាពេលបច្ចុប្បន្ន ។

ប្រភពពីមជ្ឈដ្ឋាន អ្នកគាំទ្រវិស័យកីឡា ក្នុងប្រទេសកម្ពុជា និងកីឡាករ-កីឡាការិនីរួមអាជីព ជាច្រើន តែងតែនិយាយគ្នាលេង ទាំងស្រពិចស្រពិល រាល់ពេលដែល បានឃើញ កីឡាករ ចាន់ វឌ្ឍនាកា និងកីឡាការិនី ហែមថុន វិទិនី នៅជាមួយគ្នាថា “តើ វឌ្ឍនាកា និង វិទិនី ត្រូវជាអ្វីនឹងគ្នា ? តើពួកគេត្រូវជា សង្សារនឹងគ្នា ឬក៏មិនមែន? ហេតុអ្វីបានជាពួកគេ ឧស្សាហ៍ នៅជាមួយគ្នាម្ល៉េះ.?” ។

ប៉ុន្ដែទោះជាយ៉ាងណា ការលើកឡើងបែបនេះ មិនមែនជាចម្ងល់របស់ ទស្សនិកជនគាំទ្រ វិស័យកីឡាទាំងអស់នោះទេ ព្រោះមានអ្នកគាំទ្រ ជាច្រើនទៀត គេបានដឹងអំពី ជីវិតឯកជន របស់កីឡាករ-កីឡាការិនី ឆ្នើមទាំង២ខាងលើហើយ ពោលគឺពួកគេបាន ចាប់ផ្ដើមបង្កើត ចំណងស្នេហានេះ ប្រហែលជាជាង ២ឆ្នាំមកហើយ ប៉ុន្តែមានអ្នកខ្លះបានដឹង និងអ្នកខ្លះទៀត ក៏មិនបានដឹង ព្រោះពួកគេមិនបាន ប្រាប់មិត្តរួមអាជីព ឬមហាជនឲ្យបានដឹងពី ចំណងស្នេហ៍ នេះឡើយ។

មិនត្រឹមតែប៉ុណ្ណោះ មានមជ្ឈដ្ឋាន មួយចំនួន បានបញ្ជាក់ទៀតថា កីឡាករពូកែញាក់បាល់ ចាន់ វឌ្ឍនាកា និង កីឡាការិនីហែលទឹក ដ៏ស្រស់សោភា ហែមថុន វិទិនីនេះ ធ្លាប់មានភាពរកាំរកូស និងមិនចុះសម្រុងគ្នា រហូតត្រូវចែកផ្លូវអស់មួយរយៈពេល ទៀតផង ប៉ុន្ដែក្រោយមកពួកគេ ត្រូវរ៉ូវគ្នាវិញ ហើយក៏បន្ដ សេចក្ដីស្រឡាញ់គ្នាទៅវិញទៅមក និងខ្លាំងជាងមុនទៅទៀត រហូតមកដល់បច្ចុប្បន្ននេះ ។

អ្វីដែលពិសេសនោះ ថ្មីៗនេះ ក្រោយពីបរាជ័យ លើទឹកដីមីយ៉ាន់ម៉ា ក្នុងការចូលរួម ប្រកួតកីឡា SEA Games លើកទី២៧ហើយនោះ គេឃើញ ចាន់ វឌ្ឍនាកា និង ហែមថុន វិទិនី បង្ហាញវត្តមាន នៅលើទឹកដីអច្ឆរិយៈ នៃខេត្តសៀមរាបយ៉ាងសប្បាយរីករាយ ដោយពួកគេ បានបង្ហោះរូបថតល្អូកល្អឺន នឹងគ្នា ជាច្រើនសន្លឹក ក្នុងប្រព័ន្ធទំនាក់ទំនង សង្គមហ្វេកបុក របស់ពួកគេ ដើម្បីបញ្ជាក់អំពីទំហំ នៃសេចក្ដីស្រឡាញ់ ឲ្យគ្នាទៅវិញទៅមក ។

ប៉ុន្ដែទោះជាយ៉ាងណា នៅក្នុងជីវិតឯកជន នៃគូស្នេហ៍រួមអាជីពមួយនេះ គឺគ្មានអ្នកណាម្នាក់ដឹង ពីគម្រោងនាពេលអនាគត របស់អ្នកទាំងពីរនៅឡើយទេ គ្រាន់តែដឹងថា ពេលនេះ វឌ្ឍនាកា និង វិទិនី កំពុងធ្វើឲ្យទស្សនិកជនគាំទ្រវិស័យកីឡា ចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ដែលពួកគេទាំង២ ចេះស្រឡាញ់គ្នាផ្អែមល្ហែមដូច្នេះ និងសូមជូនពរឲ្យពួកគេ បានសាងក្ដីសុភមង្គល ដូចបំណង។

ពាក់ព័ន្ធនឹងបញ្ហានេះ គេហទំព័រ LookingTODAY បានធ្វើការទំនាក់ទំនង ទៅកាន់អ្នកទាំងពីរ ដើម្បីឲ្យបញ្ជាក់បន្ថែមពីបញ្ហានេះ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ នេះ តែមិនបានសម្រេច ខណៈដែលកីឡាការិនី ហែម ថុនវិទិនី ទូរស័ព្ទចូល តែគ្មានអ្នកទទួល រីឯកីឡាករ ចាន់ វឌ្ឍនាកា បានបិទទូរស័ព្ទ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា