ភ្នំពេញៈ បច្ចុប្បន្ននេះ មានសិល្បការិនី ល្បីឈ្មោះជាច្រើនដួង បានចំណាយលុយ សន្ធឹកសន្ធាប់ ធ្វើការកែប្រែ រូបសម្រស់ របស់ពួកគេ ឲ្យកាន់តែមាន ភាពស្រស់ស្អាត មួយកម្រិតបន្ថែមទៀត លើសពី សម្រស់ធម្មជាតិ។ តែដោយឡែក តារាសម្តែងក្នុងបទ “ខ្លាចគេមិនគិតដូចអូន” កញ្ញា សុទ្ធ ពេញបរមី បែរជាបង្ហាញពី ការខ្លាចរអា មិនហ៊ានប្រថុយ យកផ្ទៃមុខរបស់នាង ទៅប៉ះផ្លែកាំបិតវះកាត់ កែសម្ផស្សទេ ព្រោះតែខ្លាច មានបញ្ហាទៅថ្ងៃក្រោយ ។

តារាស្រីរូបស្រស់សោភា សក់វែងពណ៌ទង់ដែង ស័ក្តិសមនឹងសាច់ស ម៉ដ្ឋរលោង កែវភ្នែកសម្បូរមន្តស្នេហ៍ កញ្ញា សុទ្ធ ពេញបរមី បានប្រាប់ឲ្យដឹង ក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” របស់វិទ្យុដើមអម្ពិល FM 93.75 មេហ្គា ហឺត នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ ២០១៣ នេះថា តាំងពីនាងចាប់ផ្តើម ចូលប្រឡូក ក្នុងវិស័យសិល្បៈ រយៈពេលជាង១ ឆ្នាំនេះ នាងមិនដែលយក រូបសម្រស់របស់នាង ទៅប៉ះពាល់ជាមួយ ការកែច្នៃវះកាត់មុខ កែសម្ផស្សអ្វីឡើយ ចាប់តាំងពីចុងសក់ រហូតដល់ចុងជើង គឺជាសម្រស់ តាមធម្មជាតិ ទាំងអស់ នាងមិនបានកែខៃ អ្វីឡើយ ។

តារាស្រីវ័យ ២៣ឆ្នាំ ដែលមាន ឈ្មោះល្បីតាមរយៈ ការនិយាយពាក្យ ថា “ស៊ីអារម្មណ៍” រូបនេះ បានប្រាប់ឲ្យដឹងថា “បើទោះជាពេលនេះ ខ្ញុំក្លាយខ្លួនជា អ្នកសិល្បៈ ក៏ពិតមែន ប៉ុន្តែសម្រាប់ខ្ញុំ រូបសម្រស់ពី កំណើតប៉ុណ្ណេះ វាគ្រប់គ្រាន់ហើយ ។ ខ្ញុំមិនមានបំណង កែសម្រស់អីទេ ព្រោះថាការវះកាត់ កែសម្រស់វាអាចធ្វើឲ្យ យើងស្រស់ស្អាត ត្រឹមតែរយៈពេលខ្លី ហើយបើសិនជា កែសម្ផស្សខុសបច្ចេកទេសតែបន្តិច នឹងធ្វើឲ្យយើងមាន ផលលំបាក ទៅថ្ងៃក្រោយ ថាមិនត្រូវអាចមាន ជំងឺមហារីក ទៀត ក៏ថាមិនបាន ” ។

កញ្ញា ពេញបរមី បានប្រាប់ទៀតថា រាល់ថ្ងៃវិធីសាស្ត្រ ដែលនាងអនុវត្តន៍ ថែសម្រស់ គឺមានវិធីងាយៗ តាមរបៀបខ្មែរយើង និងមានឡេលាបថែរក្សា សម្រស់តិចតួច មិនមានអ្វីច្រើនទេ ព្រោះនាងគិតថា ការថែសម្រស់ តាមវិធី នេះ មិនប៉ះពាល់សម្រស់យើង ទៅថ្ងៃក្រោយ ដូចការកែសម្ផស្ស ឬវះកាត់នោះទេ។

ជាមួយគ្នានឹងការបង្ហើប ពីវិធីសាស្ត្រ ក្នុងការថែរក្សាសម្ផស្ស ឲ្យមានភាពស្រស់ស្អាត ស្ថិតស្ថេរនោះ កញ្ញា សុទ្ធ ពេញបរមី ហាក់មិនមាន ការលាក់លៀម អ្វីឡើយ ពោលគឺនាងបានបរិយាយ ទាំងទឹកមុខញញឹម ពព្រាយបិទមាត់មិនជិត ។ តែដល់ពេលសាកសួរពីជីវិតស្នេហា ក្រៅឆាកសិល្បៈ របស់នាងវិញ បែរជាប្រែប្រួលទឹកមុខ ហើយនិយាយយ៉ាងខ្លីថា “សម្រាប់រឿងស្នេហា ខ្ញុំមិនទាន់ ចង់និយាយ នៅពេលនេះទេ គឺសុំលាក់សិន ចាំដល់ពេលណាមួយ សមរម្យដែលខ្ញុំ អាចនិយាយបាន ទើបខ្ញុំនិយាយបើកចំហ"។

កញ្ញា សុទ្ធ ពេញបរមី បានបន្តទៀតថា "ទន្ទឹមនឹងការបដិសេធ មិននិយាយពីរឿង ស្នេហាក៏ដោយ តែខ្ញុំក៏អាចបង្ហើប ពីលក្ខណៈសម្បត្តិ បុរសក្នុងកក្តីស្រមៃ របស់ខ្ញុំបាន។ សម្រាប់ខ្ញុំបុរសក្នុងក្តីស្រមៃ គឺទាល់តែមាន កម្ពស់១,៨០ម៉ែត្រ មានចរិកស្លូត មិនកាច ចិត្ត ទូលាយ សម្បុរស មានចំណេះដឹង គឺគ្រប់គ្រាន់ហើយ សម្រាប់ខ្ញុំ ” ៕



















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]