កែប៖ តារាចម្រៀងសំឡេងស្អក មានកេរ្តិ៍ឈ្មោះល្បីល្បាញ របស់ផលិតកម្ម ថោន លោក ខេម ហាក់កំពុងតែឡើងកូដខ្លាំង ដោយសារការលើកតម្កើងពីផលិតកម្ម ថោន ជាពិសេស លោកបានច្រៀងរួមជាមួយ តារាចម្រៀង ស្រីសំឡេងក្រអួនក្រអៅ មាស សុខសោភា តាមរយៈបទចម្រៀងឆ្លើយឆ្លង ធ្វើឲ្យ ខេម ទទួលការគាំទ្រជាបន្តបន្ទាប់ ។

ថ្មីៗនេះក្រសួងទេសចរណ៍ បានរៀបចំបុណ្យសមុទ្រ ជាលើកទី២ ក្រោមការសហការ ជាមួយផលិតកម្មចម្រៀងល្បី ដូចជា ហង្សមាស និងថោន និងស្ថាបនពាក់ព័ន្ធនានាជាច្រើនទៀត ដើម្បីឲ្យវីធីមានភាពសម្បូរបែប និងអស្ចារ្យជាងបណ្ដាឆ្នាំមុនៗ។ ក្នុងនោះ ក៏មានវត្តមានតារាចម្រៀង ពីផលិតកម្ម ថោន ពីរដួង គឺកញ្ញា អេនីហ្សាម និង លោក ខេម ។ តារាចម្រៀងទាំងពីរ ជាតំណាងផលិតកម្ម ថោន ចូលរួម តែអ្វីដែលគួរឲ្យងឿងឆ្ងល់ គឺចុងបញ្ចប់នៃកម្មវិធី គេសង្កេតឃើញលោក ខេម ពុំបានបង្ហាញនៅស្នាមញញឹម ដាក់មហាជនឡើយ ពោលបែរជាបង្ហាញទឹកមុខស្រពោន ហាក់ធុញថប់នឹងអ្វីម្យ៉ាង។

ប្រភពជិតស្និទ្ធនឹង លោក ខេម បាននិយាយប្រាប់ LookingTODAY ថា ខេម អន់ចិត្តខ្លាំងណាស់ ស្ទើរតែស្រែកយំ ក្នុងថ្ងៃបុណ្យសមុទ្រ លើកទី២ នៅខេត្តកែប ដោយសារតែពេលអ្នករៀបចំកម្មវិធី អញ្ជើញលោកឲ្យទៅច្រៀង បានសុំបទចម្រៀងពីលោកជាច្រើនបទ ហើយបាននិយាយថា លោកនឹងត្រូវបានបង្ហាញមុខ រួមជាមួយបទច្រៀងជាច្រើន ក្នុងថ្ងៃបុណ្យសមុទ្រ រួមទាំងបង្ហាញស្ទីលថ្មី ទៅកាន់បងប្អូននាខេត្តកែប ផងដែរ ។

តែអ្វីដែល លោក ខេម ទទួលបានបញ្ច្រាសត្រឡប់មកវិញ ក្នុងថ្ងៃបុណ្យសមុទ្រនោះ គឺលោក ខេម ទទួលបានតែបទចម្រៀង១បទគត់ ដែលជាបទ ត្រូវច្រៀងឆ្លើយឆ្លងជាមួយ កញ្ញា អេនីហ្សាម ទៀត មានន័យថា ច្រៀងបានតែកន្លះបទ តែប៉ុណ្ណោះ ។ ប្រភពដដែលបានបន្ត លោក ខេម ទៅខេត្តកែបលើកនេះ មិនមែនទៅម្នាក់ឯងទេ ថែមទាំងមានអ្នករាំ៤ទៅ៥ នាក់ទៀត រួមទាំងរថយន្តផ្ទាល់ខ្លួន ដែលសរុបទាំងថ្លៃ ធ្វើដំណើរមិនក្រោម ៤០០ ដុល្លារជាងទេ ។ លោក ខេម មិនបានទទួលថវិកាសមរម្យត្រឡប់មកវិញទេ សូម្បីតែ១ដុល្លារ ព្រោះវត្តមានលោក ជាវត្តមានកិត្តិយស ។

ប្រភពនោះ បាននិយាយថា តាមពិតទៅកំហុសមិនមែន មកពីអ្នករៀបចំកម្មវិធីទេ ក៏មានចំណែកមកពី លោក ខេម ខ្លួនឯងដែរ ព្រោះពេលហាត់សម នៅកោះពេជ្រ លោកពុំបានអញ្ជើញមក ពេលប្រជុំក៏ពុំបានមក គឺលោកចាំតែទៅច្រៀងប៉ុណ្ណោះ ។ រីឯតំណាងខាងក្រុមហ៊ុន លោកក៏ពុំបានអញ្ជើញទៅប្រជុំដែរ។ ដូចនេះមិនដឹងជាកំហុសខាងណា ឲ្យប្រាកដទេ មានតែចែកគ្នា ខុសបន្តិចម្នាក់ទៅគឺត្រូវហើយ ។ ខេម បន្ទាប់ពីខឹងដាច់ក្បាលដាច់កន្ទុយ ក៏ទៅហូបក្ដាបសមុទ្រជាងដប់គីឡូ ជាមួយក្រុមរាំ រួចក៏ទៅភ្នំពេញវិញ ទាំងយប់តែម្ដង ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា