CNNGO គឺជាកម្មវិធីដំណើរកំសាន្ដជុំវិញ ពិភពលោករបស់ស្ថានីយ៍ទូរទស្សន៍ អន្ដរជាតិ CNN ដែលនៅក្នុងនោះ ពួកគេរុករនៅទីកន្លែង ដ៏ស្រស់ស្អាត និងគួរឲ្យទាក់ទាញ រួមមាន រមណីយដ្ឋាន ភោជនីយ៍ដ្ឋាន តំបន់ទេសចរណ៍ ។ល។ ដើម្បីចែកចាយទៅកាន់មនុស្សរាប់លាននាក់ នៅក្នុងពិភពលោកនេះ។

នៅក្នុងនោះ CNNGO ក៏បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ហើយអ្វីដែលកាន់តែពិេសស មិនថាតែប្រជាពលរដ្ឋខ្មែរ ដែលស្គាល់និងចង់ទៅលេងកំសាន្ដនោះទេ សូម្បីតែ CNNGO ក៏បានណែនាំ មនុស្សទាំងឡាយ ឲ្យមកធ្វើដំណើរកំសាន្ដនៅឆ្នេរដ៏ស្រស់ស្អាតទាំង ៥ ដែលនៅក្នុងក្រុងព្រះសីហនុ។ យ៉ាងណាមិញ ឆ្នេរទាំងនោះ មានដូចជា៖

១. កោះរ៉ុង គឺជាកោះមួយដ៏ស្រស់ស្អាត ដែលមាននៅក្នុង ក្រុងព្រះសីហនុ ហើយក៏ជា កោះមួយ ដែលមានចំងាយជាង ៤៣គីឡូម៉ែត្រពីឆ្នេរ ទៅ ឈូងសមុទ្រ ប្រទេសថៃផងដែរ។ នៅផ្នែកខាងភាគនិរតីនៃកោះរ៉ុង មានឆ្នេរលាតសន្ធឹងជិតប្រាំគីឡូម៉ែត្រ ឬ ៥,០០០ម៉ែត្រ ដែលមានខ្សាច់ពណ៌ស អមជាមួយនឹង ដើមឈើដូងនិងទឹកសមុទ្រដ៏ខៀវស្រងាត់ ។


នៅចុងខាងត្បូងនៃឆ្នេរនេះ មានថ្មជាច្រើន ដែលជាទីកន្លែងដែល មានអ្នកមុជទឹកជាច្រើន ចុះទៅមើលបាតសមុទ្រ ដែលពួកគេអាចមើលឃើញ ត្រីចម្រុះពណ៌ ត្រីសេក និងប្រភេទត្រីឹផ្សេងៗទៀត។ ការធ្វើដំណើរមកដល់កោះរ៉ុងនេះ ត្រូវចំណាយពេលរវាងពីរទៅបីម៉ោង ពីឆ្នេរព្រះសីហនុ។

២. ជាមួយគ្នានោះ ឆកសមុទ្រតូច នៅខាងត្បូងកោះរ៉ុង នេះវិញ ត្រូវបានអ្នកស្រុកហៅ ថា ឡងសេត (Long Set) បន្ទាប់ពីមាន កសិករដែលរស់នៅលើទីនេះ អាចដាំដើមដូងស្វាយនិងគ្រាប់ស្វាយចន្ទី ដោយមានការរីកចម្រើន លូតលាស់នោះ។

សម្រាប់ឆ្នេរខ្សាច់ពណ៌ស នេះ ភ្ញៀវទេសចរ អាចចំណាយរយៈពេលខ្លី តែប៉ុណ្ណោះពីកន្លែង ស្នាក់នៅ នៅក្នុងកោះរ៉ុង ហើយវាក៏ជាទីកន្លែងដ៏ល្អបំផុត សម្រាប់ ការដើររើសសម្បកខ្ចង និងក្ដាមនោះ។

៣. នៅលើកោះរ៉ុងនេះ ក៏មានឆ្នេរខ្ជិលផងដែរ (Lazy Beach) ដែលនៅក្នុងនោះ មានភ្ញៀវទេសចរជាច្រើន តែងតែធ្វើដំណើរទៅលេង កំសាន្ដសម្រាកកាយ ហើយជាពិសេសវា គឺជា កន្លែងមួយ ដែលសំបូរទៅដោយ អ្នកមុជទឹកនិង ស្ទូចត្រី។ ចំណែកពេលល្ងាចអ្នកអាចមើលទេសភាពថ្ងៃលិចជ្រៅពណ៌ផ្កាឈូកពីឆ្នេរជាមួយនឹង ការញ៉ាំស្រាក្រឡុក ដែលលោកអ្នកកាន់នៅក្នុងដៃផងដែរ។



៤. ឧទ្យានជាតិរាម គឺឆ្នេរដ៏ស្រស់ស្អាតមួយ នៅក្នុងចំណោមឆ្នេរល្អបំផុតរបស់ ប្រទេសកម្ពុជារួមទាំង នៅលើនោះក៏មាន កោះថ្មីមួយ ដែលជាកោះតូចមួយដែលអមដោយព្រៃឈើព្រៃកោងកាង។ កោះថ្មី គឺជាកោះមួយ ដែលគ្មានអ្នកភូមិតាំងទីលំនៅនោះទេ គឺមាន តែបឹងហ្គាឡូ (កន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរ) និងមានប្រភេទសត្វស្លាប ផ្សេងដែលរស់នៅលើទីនេះ ជាមួយនឹងឆ្នេរខ្សាច់ពណ៌លឿង លោកអ្នកនឹង អាចមើលព្រះអាទិត្យរៀបលិច យ៉ាងត្រជាក់ភ្នែក។

៥. សុខាឆ្នេរគឺជាឆ្នេរឯកជន ដ៏ល្អបំផុតនៃខេត្តព្រះសីហនុ ដោយមានខ្សាច់ពណ៌សដ៏ធំទូលាយ ដែលមានប្រវែងជាងមួយគីឡូម៉ែត្រ និងជាទីកន្លែងដ៏ ល្អឥតខ្ចោះសម្រាប់ការហែលទឹក។ មួយផ្នែកតូចមួយនៃឆ្នេរនេះ គឺនៅតែបើកចំហជាសាធារណៈ ប៉ុន្តែនៅសល់គឺអាចប្រើបានតែមួយគត់ សម្រាប់ភ្ញៀវស្នាក់នៅក្នុង សណ្ឋាគារឬអ្នកទាំងឡាយណា ដែលបង់ប្រាក់សម្រាប់ចូលក្នុងមួយថ្ងៃ ដែលរួមបញ្ចូលទាំងការហែលទឹក ក្នុងអាងសណ្ឋាគារនេះផងដែរ។



ប្រិយមិត្ដអាចចំណាយពេលចុងសប្ដាហ៍ ឬថ្ងៃបុណ្យទាន ទៅកន្លែងកំសាន្ដខាងលើនេះ នោះលោកអ្នកនឹង អាចទទួលបាន បរិយាកាសយ៉ាងរីករាយ រួមជាមួយនឹងខ្យល់សមុទ្រដ៏បរិសុទ្ធ៕

ប្រភពពី CNNGO

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]