ឧបករណ៍សម្រាប់លេងហ្គេម ទម្រាំឈានដល់កម្រិតយ៉ាងជឿនលឿន ដូចសព្វថ្ងៃ គឺបានឆ្លងកាត់ដំណាក់កាលយ៉ាងច្រើន។ ឈានមកដល់សម័យបច្ចុប្បន្ន ការកម្សាន្តហ្គេមត្រូវបានពេញនិយមបំផុត ក្នុងស្រទាប់យុវវ័យ ទាំងចាស់ទាំងក្មេង។ ក្នុងនោះ Smartphone ត្រូវបានពេញនិយមច្រើន ព្រោះងាយស្រួលយកតាមខ្លួន ម្យ៉ាងដោយសារសមត្ថភាព Smartphone ស៊េរីថ្មីៗបច្ចុប្បន្នក៏អាចដំណើរការហ្គេមល្អលេង ទំហំធំៗ ក្រាហ្វិកស្អាតៗបានដូច កុំព្យូទ័រ និង game console ដែរ។ ខាងក្រោមនេះគឺជាហេតុផល ៧យ៉ាង ដែលគេនិយមលេងហ្គេមលើ Smartphone៖១. ហ្គេមនៅលើ Smartphone បង្រៀនអ្នកដោះស្រាយបញ្ហា៖

ការលេងហ្គេមនៅលើ Smartphone អាចបង្រៀនឱ្យអ្នកចេះគិត។ ហ្គេមទូរសព្ទមួយចំនួនមានលក្ខណៈពិសេស ដែលអាចបង្រៀនអ្នកលេងឱ្យមាន សមត្ថភាពក្នុងការដោះស្រាយបញ្ហាបាន ជាក់ស្ដែងដូចជាហ្គេម Cut the Rope បង្រៀនឱ្យអ្នកលេងមានភាពរហ័សរហួនស្គាល់ពីទីតាំង ច្បាស់លាស់ និងបែបបទនៃការអូសកាត់ខ្សែ។

២. បង្កើនភាពមានទំនាក់ទំនងសង្គម៖

ក្រៅពីការលេងហ្គេមកម្សាន្តសប្បាយជាលក្ខណៈ offline ហើយនោះ យុវវ័យជាច្រើនក្នុងពេលបច្ចុប្បន្ននាំគ្នាងាកមកចាប់អារម្មណ៍ការ លេងហ្គេមអនឡាញយ៉ាងច្រើន។ ហ្គេមនៅលើ Smartphone ប្រភេទអនឡាញក៏កាន់តែសម្បូរបែប ល្អៗលេង ទទួលបានការពេញនិយមយ៉ាងខ្លាំង ដែលនេះក៏ជាផ្នែកមួយនៃការបង្កើនទំនាក់ទំនងសង្គមរវាងអ្នកលេងដូច គ្នាដែរ។

៣. ធ្វើឱ្យអ្នកលេងកាន់តែមានគំនិតវិជ្ជមាន៖

តាមធម្មតាអ្នកលេងស្ទើរតែទាំងអស់តែងមានគំនិតចង់យកឈ្នះហ្គេម ទាំងនោះ មិនថាតែហ្គេមនៅលើ Smartphone ឡើយ។ គំនិតអ្នកលេង កាន់តែពិបាក គឺកាន់តែចង់ទៅស្វែងយល់ និងដោះស្រាយ ពោលមិនបោះបង់ចោលនោះទេ។ ដូចនេះ វាក៏ជាកត្តាជំរុញទឹកចិត្តអ្នកលេងហ្គេម ឱ្យមានគំនិតវិជ្ជមានទៅដោះស្រាយបញ្ហាខាងក្រៅបានមួយផ្នែកផងដែរ។

៤. ជួយឱ្យអវយវៈ (ដៃ និងភ្នែក) បញ្ចេញសមត្ថភាពកំពូល៖

ខណៈពេលអ្នកកំពុងលេងហ្គេមប្រាកដត្រូវការចាំបាច់នូវ ភាពរហ័សរហួនដោយប្រើដៃបញ្ជា និងភ្នែកសម្លឹងយ៉ាងមុត។ ដូច្នេះ នេះក៏អាចឱ្យអ្នកថ្នឹក មានសកម្មភាពរវៀសរវៃប្រឈមនឹងបញ្ហាបានមួយផ្នែក។

៥. បង្រៀនការគិតបានល្អ៖

ជាការពិតណាស់ ការលេងហ្គេមមិនថាប្រភេទហ្គេមអ្វីនោះឡើយ គឺសុទ្ធតែត្រូវឱ្យមានការគិត កម្រិតផ្សេងគ្នា។ ទន្ទឹមនោះ ការខំព្យាយាមគិតនេះគឺជារឿងល្អ ដែលអាចបង្រៀនដល់អ្នកលេងឱ្យពូកែគិតបានវែងឆ្ងាយមិនថានៅក្នុង ហ្គេម តែរឿងរ៉ាវខាងក្រៅក៏ដូចគ្នា។

៦. អាចជួយបន្ធូរអារម្មណ៍នៅពេលអផ្សុក៖

សម្រាប់ មនុស្សស្ថិតក្នុងវ័យសិក្សា ឬបម្រើការងារ នៅកន្លែងធ្វើការប្រាកដជាមានភាពធុញថប់ពេលខ្លះជាមិនខាន។ រយៈពេល ១៥នាទីដើម្បីផ្ដល់ចំណីអារម្មណ៍ កម្សាន្តជាមួយហ្គេមនៅលើ Smartphone ក៏ជួយឱ្យការងារបានប្រសើរជាងការព្យាយាមធ្វើទាំងអារម្មណ៍តានតឹង ដែរ។ អ្នកអាចកម្សាន្តជាមួយហ្គេមជាច្រើន ដូចជា Temple Run ឬ Subway Surfers អាចជាគ្រូពេទ្យយ៉ាងពូកែព្យាបាលបានយ៉ាងសក្ដិសិទ្ធិ។

៧. ធ្វើឱ្យក្រុមគ្រួសារកាន់តែជិតស្និទ្ធ៖

ហ្គេមនៅលើ Smartphone មិនមែនលេងបានតែចំពោះក្មេងជំទង់ប៉ុណ្ណោះទេ តែមនុស្សធំ ឬក្មេងតូចៗក៏អាចលេងបាន។ សមាជិកក្នុងគ្រួសារមួយអាចបបួលគ្នាលេងដើម្បីប្រកួតប្រជែង បង្កើនភាពសប្បាយរីករាយ និងបន្ធូរភាពតានតឹងក្នុងគ្រួសារបានយ៉ាងល្អ៕







ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]