ភ្នំពេញ ៖ មន្ដ្រីនគរបាល ចរាចរណ៍ រាជធានីភ្នំពេញ ម្នាក់ ពេលកំពុង បើកម៉ូតូតែម្នាក់ឯង ស្រាប់តែត្រូវ រថយន្ដប៉ាសេរ៉ូ មិនស្គាល់ស្លាកលេខ មួយគ្រឿង បានបុកចំពីក្រោយ បណ្ដាលឱ្យដួលម៉ូតូ បោកក្បាល ទៅផ្លូវ ហូរឈាមជោករងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្ដសង្គ្រោះបន្ទាន់ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ ក្បែរកន្លែងកើតហេតុនោះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើនេះ បាន កើតឡើងកាល ពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទល់មុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយចុះ ទៅជួយអន្ដរាគមន៍នៅកន្លែង កើតហេតុ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សួន សុខុម អាយុជាង៣០ ឆ្នាំ ជាមន្ដ្រីនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រស់នៅក្នុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

បើតាមសមត្ថកិច្ច ដែលដកស្រង់សំដី របស់សាក្សី បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូម៉ាកស៊ីរូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AF-8440 តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែរថយន្ដមួយគ្រឿង ម៉ាកប៉ាសេរ៉ូ មិនចាំស្លាកលេខ បានបើកមកពី ក្រោយ បុកពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះដួល បោកក្បាលទៅថ្នល់ រងរបួសធ្ងន់ ។

ក្រោយបង្កគ្រោះថ្នាក់ចរាចរ អ្នកបើក រថយន្ដ បានបង្កើនល្បឿនទៅមុខ ដោយសុវត្ថិភាព ។

សាច់ញាតិជនរងគ្រោះ សង្ឃឹមថា ថ្នាក់ ដឹកនាំនគរបាលរាជធានីភ្នំពេញ និងឧបត្ថម្ភ ថវិកាខ្លះជូនដល់ ជនរងគ្រោះ ដែលជាមន្ដ្រី ក្នុងជួរអង្គភាពរបស់ខ្លួន ដើម្បីយកទៅព្យា បាលមុខរបួស ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]