រាជ​ធានីភ្នំពេញ ៖ ​ រថ​យន្ត​ម៉ាក​ឡែនរ៉ូវែរ និងរថយន្តម៉ាកមែរសឺដេស​ពណ៌​ខ្មៅ ស៊េរីទំនើប ដែល​ចតនៅលើចិញ្ចើមផ្លូវ​ជិត​ភ្លើង​ស្តុប​បូកគោ ស្ថិតក្នុងខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវ​ដើម​ឈើដួលរលំសង្កត់​លើរង​ការខូចយ៉ាងដំណំ កាលពីវេលា​ម៉ោង​៣ និង​២៥​នាទី​រសៀលថ្ងៃទី៨ ឧសភា ២០១២​ដោយសារ​​សារ​តែភ្លៀង​ជញ្ជ្រុំ​ និងខ្យល់​​បក់បោក​​​រំលើង​គល់ ។

សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ខណៈពេលដែលភ្លៀងកំពុងបង្អុរនៅឡើយ​ផ្លូវជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញបាន​ ត្រូវ​ទឹក​ភ្លៀងជន់លិចត្រឹមជង្គង់ កន្លែងខ្លះ​លិច​ដល់​ភ្លៅមនុស្សចាស់​ និង​ត្រឹម​ចង្កេះ​បង្កអោយ​មានការលំបាក​យ៉ាង​ច្រើនដល់​ប្រជា​ពលរដ្ឋក្នុង​ ការធ្វើដំណើរ និងកកស្ទះចរាចរណ៍ ម៉ូតូខ្លះ​​ទឹក​ចូល​​ក្នុង​ម៉ាស៊ីន​​ម៉ូតូ ​រលត់​ម៉ាស៊ីន បណ្តើរ​លុយ​ទឹក គួរ​ឱ្យ​សៅហ្មង ។

នៅក្នុង​​ទឹកដី​ខណ្ឌ​សែនសុខ​, ទួលគោក ​និង​​ ដូនពេញ​​ ក៏​មានដើម​ឈើ​​​រលំ និង​លិចផ្លូវ​ជា​ច្រើន ​​កន្លែងផង​ដែរ ប៉ុន្តែ​ខណៈ​​ពេល​នេះ ​​​អាជ្ញា​ធរ​​​មូល​ដ្ឋាន​​​​​​កំពុង​​ប្រឹង​ប្រែង​​​បូមទឹក​ចេញ​ពីកន្លែង​​ ​​លិច ​យ៉ាង​ញាប់ដៃ ​ញាប់ជើង ​​ដោយ​ប្រើ​ម៉ាស៊ីន​បូម​ទឹក​​​​ច្រើន​គ្រឿង ។ គួរ​​បញ្ជាក់ថា ​​​កន្លងមក​​ អាជ្ញា​ធរ​​​រាជធានីភ្នំពេញ ​​​បានខិត​ខំ​​ប្រឹង​ប្រែង​​​ផ្លាស់ប្តូរ​​ប្រព័ន្ធ​លូ​ពីតូច​​ទៅធំ ច្រើន​កន្លែង​ផង ​​​ដែរ ជាពិសេស​​​​ក្នុងខណ្ឌ​​​ដូនពេញ​តែម្តង ប៉ុន្តែ​​​ទឹក​នៅ​តែ​លិច​​ដោយសារ​​ធ្លាក់​ភ្លៀងគំហុកខ្លាំង ប្រព័ន្ធ​លូ​ហូរ​ទឹក​មិនទាន់ ។ ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ គេ​សង្កេត​ឃើញ​កន្លែង​​​​ដែល​លិច​​ទឹក​ខ្លាំង​នៅ​​សង្កាត់​​ផ្សារ​កណ្តាល​១ ក្នុង​រយ​ៈ​ពេលជាង​១ម៉ោង​​ក្រោយមក​បានស្រក់​​អស់ទៅ​វិញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]