រាជធានីភ្នំពេញ ៖ មហាជនធ្លាប់លេចឮថា តារាចម្រៀងនាងពៅ សុជាតា មានកូនស្រីម្នាក់តាំងពីមិន ទាន់ចូលពិភពសិល្បៈម៉្លេះ ប៉ុន្តែនាងតែងតែច្រានចោលថា ជារឿងមិនពិត និងជាការបង្អាប់នាងទៅវិញ ។ ទោះជាយ៉ាងណាក្តី គេទើបតែដឹងច្បាស់ថា ពៅ សុជាតា មានកូនស្រីមែន ព្រោះក្នុងពិធីរៀបការរបស់ នាងកាលពីថ្ងៃទី២៥ វិច្ឆិកា ២០១៣ ស្រាប់តែនាងប្រាប់គេឯង ពីក្មេងស្រីម្នាក់ថាជាកូនរបស់នាង ធ្វើឱ្យភ្ញៀវដែលចូលរួម និងអ្នកសារព័ត៌មានភ្ញាក់ផ្អើល ។

ពៅ សុជាតា ហាក់មិនព្រួយរឿងគេនិយាយថា មានកូនស្រីក្រោយរៀបការទៀតទេ នៅពេលដែលនាងបានសម្រេចចិត្ត លាតត្រដាងជាលក្ខណៈបើក ចំហក្នុងថ្ងៃពិសេសរបស់នាង ។ ពីមុនមក អ្នកណាៗក៏យល់ថា សុជាតា នៅក្រមុំទោះជាធ្លាប់មាន ពាក្យចចាមអារា៉មថា នាងមានកូនក្តី ព្រោះនាងកម្រនាំកូនស្រីទៅណា មកណាជាមួយឱ្យគេឃើញណាស់ ពិសេសអ្នកកាសែតខ្លាចសួរដេញដោល ។ អីុចឹងហើយទើបគេតែងតែហៅពៅ សុជាតា ថា កញ្ញាៗរហូតមកទល់ នឹងពេលនាងប្រកាស ចូលរោងការ ។

ពៅ សុជាតា ពេលឈរទទួលភ្ញៀវនាថ្ងៃរៀបការ នៅកោះពេជ្រ នៃរាជធានីភ្នំពេញ ឃើញនាងឧស្សាហ៍ឱបថើបក្មេងស្រីម្នាក់ ហើយពេលអ្នកសារព័ត៌មានសួរ នាងបញ្ជាក់ថា ជាកូនស្រីរបស់នាងដូចជា ការលេចឮកន្លងមកមែន ។ សុជាតា បានសុំឱ្យកោះសន្តិភាពជួយ ថតរូបកូនស្រីនាងឱ្យ មហាជនបានស្គាល់ ព្រោះដើម្បីរំសាយពាក្យចចាមអារា៉ម ។

សុជាតា ប្រាប់ទាំងទឹកមុខស្រស់បស់ថា នាងមិនរំលឹកស្នាមស្នេហ៍អតីតទៀតទេ ។ នាងចាត់ទុកថា នោះជារឿងមិនចាំបាច់ ហើយជារឿងចាស់លែងចង់ដឹងឮទៀត ។ អ្វីដែលសំខាន់នាងបាន ឆ្លងដល់វេលាថ្មី ដែលមានអ្នកត្រូវមើលថែទាំគ្នា ខណៈដែលនាង និងស្វាមីយល់ចិត្តគ្នាអស់ហើយ មុននឹងនាងនិយាយរឿងមាន កូននេះឱ្យគេដឹង ។  តារាដែលបង្ហាញមុខកូនស្រីក្នុងថ្ងៃ រៀបការរូបនេះឱ្យដឹងថា ស្វាមីនាងឈ្មោះជា បុណ្ណវឌ្ឍន៍ ជាមន្ត្រីប៉េអឹម និងជាអ្នករកសីុជួញដូររថយន្ត ។ មុននឹងសម្រេចចិត្តរៀបការនាង និងស្វាមីបានស្វែងយល់ចិត្តគ្នាយូរឆ្នាំមកហើយ ពុំមានអ្នកណាបង្ខិតបង្ខំឡើយ ។

ក្រោយរៀបការនាង និងស្វាមីគ្រោងបើកមុខជំនួញផ្ទាល់ខ្លួន គឺបើកហាងកែសម្រស់ និងហាងកាត់ដេរសម្រាប់ដោះស្រាយជីវភាព ។ ចំណែកសិល្បៈនាងកាត់បន្ថយច្រើន ពោលគឺឡើងច្រៀងតែតាមទូរទស្សន៍ប៉ុណ្ណោះ ដើម្បីទុកពេលមើលថែទាំគ្រួសារ ។  មង្គលការរបស់ ពៅ សុជាតា មានអ្នកសិល្បៈច្រើនចូលរួម និងសរុបជាទូទៅភ្ញៀវចំនួន៧០០នាក់ ។ បុរសដែលឆក់បេះដូង ពៅ សុជាតា បានរហូតក្លាយជាស្វាមីពេញច្បាប់នោះ បានជូនប្រាក់បណ្ណាការចំនួន២ម៉ឺនដុល្លារ និងគ្រឿងអលង្ការមួយចំនួនទៀត ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]