ភ្នំពេញ ៖ បុរសម្នាក់ ជាសន្តិសុខយាម នៅក្នុងការដ្ឋានមួយកន្លែង ស្ថិតនៅចំណុចខាងក្រោម វត្តលង្កា ផ្លូវ លេខ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ត្រូវរងរបួសធ្ងន់ធ្ងរ ដោយសាររថយន្តដឹកអេស្កាវ៉ាទ័រ មួយ គ្រឿង បើកលឿនទាក់ខ្សែភ្លើង បាក់បង្គោលភ្លើងរលំកិនពីលើ កាលពីវេលាម៉ោង ២២ និង០០ នាទីថ្ងៃទី ២៥ ខែវិច្ចិកា ឆ្នាំ២០១៣ ។

នគរបាលចរាចរណ៍ ខណ្ឌចំការមន បានឲ្យដឹងថា សន្តិសុខដែលរងរបួស ក្នុងហេតុការណ៍នេះមានឈ្មោះ អ៊ួយ គីមសេង ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៤៣ ផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ។ ចំណែករថយន្តបង្កហេតុម៉ាក កាម៉ាស ពណ៌លឿន ពាក់ស្លាកលេខភ្នំពេញ 3A 2506 ដឹកអេ ស្កាវ៉ាទ័រ ធ្វើដំណើរតាម បណ្តោយផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះបើកដល់ ចំណុចកើតហេតុ ដោយពុំមានការប្រុងប្រយ័ត្ន ទើបបណ្តាលទាក់ខ្សែភ្លើងកាត់ផ្លូវ បាក់បង្គោលភ្លើងមួយ ដើមសង្កត់ពីលើបុរសឈ្មោះ អ៊ួយ គីមសេង ជាសន្តិសុខយាម នៅកន្លែងកើតហេតុ បណ្តាលឲ្យរងរបួស ធ្ងន់ធ្ងរ បានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ។

បន្ទាប់ពីកើតហេតុ រថយន្តបង្កបានព្យាយាម បើករត់គេចខ្លួនជាង១គីឡូម៉ែត្រ រហូតដល់ចំណុចផ្លូវលេខ ២៨៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក៏ត្រូវនគរបាលឃាត់ជាប់ភ្លាមៗតែម្តង ។ ចុងក្រោយ ហេតុការណ៍ខាងលើនេះ គឺសមត្ថកិច្ចពុំហានឃាត់រថយន្តបង្កទៅរក្សាទុកឡើយ ដោយសារមានបុរសម្នាក់ មកចេញមុខអន្តរាគមន៍ សងថ្លៃខូចខាតទ្រព្យសម្បត្តិសាធារណៈ ជូនមន្រ្តីជំនាញខាងបង្គោលភ្លើង ហើយ សងសំណងទៅឲ្យសន្តិសុខ ដែលរងរបួសទាំងស្រុងតែម្តង ។

ពាក់ព័ន្ធនឹងហេតុការណ៍ សមត្ថកិច្ចគួរតែឃាត់ខ្លួន អ្នកបើកបររថយន្តបង្ក និង ឃាត់រថយន្តបង្កយកទៅរក្សា ទុក នៅការិយាល័យ ដើម្បីធ្វើការអប់រំអ្នកបើកបរ និងផាកពិន័យឲ្យ ស្របផ្លូវតាមច្បាប់ មិនគួរសមត្ថកិច្ច ដោះលែងឲ្យរួចខ្លួនស្រួល ព្រោះតែលុយចូលហោប៉ៅនោះទេ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]