រាជធានីភ្នំពេញ ៖ តាមការសង្កេតក្នុងរយៈពេលចុងក្រោយនេះ អ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងនៅតាមផលិតកម្មមួយចំនួន ងាកមកតាក់តែងនិពន្ធបទភ្លេង និងទំនុកច្រៀងថ្មី ដោយមិនចម្លងពីបរទេសជា បណ្តើរៗហើយ បន្ទាប់ពីប្រិយមិត្តអ្នកស្តាប់ រិះគន់រឿងលួចចម្លងគេ ។

កន្លងមកបទចម្រៀង របស់ផលិតកម្មក្នុងស្រុកដែល ចេញលក់នៅលើទីផ្សារ គឺគ្មានអ្នកណាមួយដែលមិនដឹងថា ភាគច្រើនជាបទដែលចម្លងពីបរទេសទេ ។ បើទោះបីជាមានការរិះគន់ក៏ដោយ ផលិតកម្មទាំងនោះហាក់មិនសូវអើពើឡើយ ផ្ទុយទៅវិញនៅតែបន្តលួចចម្លងគេ ព្រោះគិតថា ការធ្វើបែបនេះដើម្បីប្រកួតប្រជែងក្នុងទីផ្សារ និងភាពចំណេញដល់ក្រុមហ៊ុន ។

គេនៅមិនទាន់ភ្លេចនៅឡើយទេ ថា ផលិតកម្មរ៉ុកដែលជាផលិតកម្មធំមួយ ក្នុងចំណោមផលិតកម្ម ធំៗដែលផលិតបទចម្រៀងនៅក្នុងស្រុក បានចំណាយទុនច្រើនក្នុងការផលិតបទចម្រៀង ដែលចេញពីស្នាដៃខ្មែរ ពិតៗដោយមិនចម្លងពីបរទេស តែបានដួលទៅវិញដោយសារមិនអាចប្រកួតប្រជែង នៅលើទីផ្សារបទចម្រៀង បាន ។ មួយឆាវដំបូង ផលិតកម្មដ៏ក្មេងខ្ចីនេះហាក់មានសន្ទុះ គាំទ្រគួរឱ្យកត់សម្គាល់ ជាពិសេសបទចម្រៀងរបស់លោកខាន់ ជេមស៍ ប៉ុន្តែមិនយូរប៉ុន្មានផលិតកម្មមួយនេះ បែរជាមិនអាចឈរជើងរឹងមាំ នៅក្នុងទីផ្សារផលិតចម្រៀងទៅវិញ ។ ការដួលរលំនេះត្រូវអ្នកចាត់ការទូទៅ នៅក្នុងផលិតកម្មរ៉ុកធ្លាប់ បញ្ជាក់ថា បណ្តាលមកពីមានការលួចចម្លងខ្លាំងពេក ទើបក្រុមហ៊ុនពិបាកផលិត និងទាញយកប្រាក់ចំណេញមកក្រុមហ៊ុនវិញ ខណៈក្រុមហ៊ុនបានប្រើដើមទុនច្រើន ។

អ្នកវិភាគមួយចំនួន លើកឡើងថា ការផលិតបទចម្រៀងដែលជាស្នាដៃខ្លួនឯង គឺមិនអាចទទួលបានជោគជ័យ ទាំងស្រុងឡើយ ព្រោះត្រូវចំណាយទុនច្រើន ហើយការចេញបទចម្រៀងនោះ ក៏មិនសូវជាទាន់ទីផ្សារដែរ ។ បើក្រឡេកមើលពីផលិតកម្មហង្សមាសវិញ ដែលជាក្រុមហ៊ុនចាស់វស្សាជាងគេនោះ គឺជោគជ័យខ្លាំង បើទោះបីជាផលិតកម្មមួយនេះមានបទខ្លះនិពន្ធខ្លួនឯង និងមួយចំនួនចម្លងពីបរទេសក៏ដោយ ។ ការធ្វើបែបនេះនាំឱ្យគេគិតថា ផលិតកម្មអាចនឹងមានភាពរឹងមាំ និងឈរជើងបានយូរនៅលើទីផ្សារ ហើយផលិតកម្មមួយនេះហាក់មិនសូវ បារម្ភច្រើនពីការលួចថតចម្លងឡើយ ។

ការរិះគន់ពីប្រិយមិត្តអ្នកស្តាប់ បានបន្តកើតមានជា ហូរហែ ក្នុងពេលដែលប្រទេសបានឈានដល់យុគសម័យទំនើប ហេតុនេះរាល់ការនិពន្ធបទចម្រៀងថ្មី ឬចម្លងពីគេនោះមិនអាចគេចផុត ពីភ្នែកយុវវ័យបានឡើយ ។

ស្ថិត ក្នុងកាលៈទេសៈនេះចង់ ឬមិនចង់រាល់បណ្តាផលិតកម្មនានា ត្រូវតែចំណាយពេល និងដើមទុនបន្ថែមទៀត ផលិតបទចម្រៀងដែលជាស្នាដៃរបស់ខ្លួនមិនចម្លងពីគេ ដើម្បីជាការឆ្លើយតបការចង់បានពីប្រិយមិត្តអ្នកស្តាប់ និងដើម្បីរក្សាលំនឹងទីផ្សាររបស់ខ្លួន ។

អ្នកនិពន្ធបទ ចម្រៀងនៅក្នុងផលិតកម្មសាន់ដេ លោកខេមរៈ ភារុណ អះអាងថា «បច្ចុប្បន្នក្រុមហ៊ុនសាន់ដេ បានចាប់ផ្តើមផលិតបទភ្លេងថ្មី ដោយមិនចម្លងពីបរទេសជា បណ្តើរៗហើយ ដោយក្នុងនោះរាល់វ៉ុលចម្រៀងដែលចេញលក់នៅលើទីផ្សារ គឺយ៉ាងហោចណាស់ក៏មាន១បទទៅ២បទដែរ ដែលនិពន្ធបទភ្លេងថ្មី ។ ការធ្វើបែបនេះដើម្បីបង្ហាញអ្វីដែលជាស្នាដៃរបស់ខ្មែរយើង ប៉ុន្តែកន្លងមករាល់ទំនុកច្រៀងគឺយើងសរសេរថ្មីទាំងអស់ តែយើងទទួលស្គាល់ថា បទភ្លេងគឺយើងបានច្នៃពីគេមែន ។ ការធ្វើបទភ្លេងថ្មី អាចសម្រេចជោគជ័យទៅបាន គឺអាស្រ័យទៅលើអ្នកប្រើ ប្រសិនបើអ្នកប្រើនោះអាចមានលទ្ធភាពទិញផលិតផលពីក្រុមហ៊ុនបាន ច្រើននោះ គឺក្រុមហ៊ុនក៏អាចមានលទ្ធភាព និងមានការជឿនលឿននៅក្នុងការធ្វើរឿងនេះដែរ ។ ប្រសិនបើគាត់យល់ថា ការចំណាយតិចតួចរបស់គាត់ក៏អាចទិញថាសចម្រៀងយកមកស្តាប់បានដែរ នោះ គឺក្រុមហ៊ុនក៏មិនអាចមានលទ្ធភាពនៅក្នុងការធ្វើរឿងនេះដែរ ។

ការ ផលិតបទចម្រៀងនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំ គឺភាគច្រើនពឹងផ្អែកទៅលើម្ចាស់ឧបត្ថម្ភជាងការលក់នៅលើទីផ្សារ ព្រោះបើយើងរំពឹងតែទៅលើការលក់តែមួយមុខនោះ ក៏មិនអាចទៅរួចបានដែរ» ។ ទោះជាយ៉ាងណាក្តី ប្រភពដដែលអះអាងថា ក្រុមហ៊ុនរបស់លោកនឹងព្យាយាមតាក់តែងនិពន្ធបទភ្លេងថ្មីឱ្យកាន់ តែច្រើនទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ទន្ទឹមនេះលោកសូមការជួយគាំទ្រពីប្រិយមិត្តអ្នកស្តាប់ ដើម្បីភាពជោគជ័យទាំងអស់គ្នា ។

ចំណែកក្រុមហ៊ុនហង្សមាស នៅក្នុងពេលបច្ចុប្បន្ន ទើបតែទទួលយកអ្នកនិពន្ធវ័យក្មេងម្នាក់ មករួមការងារជាមួយ គឺលោកសួន ពិសិដ្ឋ។ អ្នកនិពន្ធរូបនេះធ្លាប់មានស្នាដៃរួចមកហើយនៅក្នុងផលិតកម្មរ៉ុក ។ បទចម្រៀងដែលជាស្នាដៃថ្មីរបស់អ្នកនិពន្ធវ័យក្មេងរូបនេះនៅក្នុង ផលិតកម្មហង្សមាស បានចេញលក់នៅលើទីផ្សារហើយ ជាមួយការរំពឹងទុកថា បទចម្រៀងទាំងនោះនឹងអាចមានការគាំទ្រច្រើនពីយុវវ័យ ។ បទចម្រៀងថ្មីមិនលួចចម្លងពីគេដែលផលិតកម្មរស្មីហង្សមាសបានចេញ លក់នៅលើទីផ្សារកាលពីពេល ថ្មីៗនេះមានចំនួន៩បទ សុទ្ធសឹងតែសម្រិតសម្រាំងក្រោមស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងរបស់កវីចំណូលថ្មីលោកសួន ពិសិដ្ឋ ។ តាមរយៈបទចម្រៀងទាំង៩បទនេះ គឺកំពូលតារាចម្រៀងចាស់វស្សាលោកព្រាប សុវត្ថិ និងតារាចម្រៀងលោកឆន សុវណ្ណរាជ ច្រៀង៣បទម្នាក់ ក្នុងនោះបទ «ស្រាអាល័យ» «Call មកខ្ញុំម្តេចសុំលេខគេ» និងបទ «មិត្ត ឬស្នេហា» ច្រៀងដោយលោកព្រាប សុវត្ថិ និងបទ «ពេលមានអ្នកទីពីរ ទើបដឹងថាអូនសំខាន់» «Power Up» និងបទ «Sallow Me» ច្រៀងដោយលោកឆន សុវណ្ណរាជ ។

ដោយឡែក៣បទទៀតធ្លាក់ទៅលើតារាចម្រៀងស្រី សួស វីហ្សា មួយបទ និងតារាចម្រៀងស្រីពូកែរាំឱក សុគន្ធកញ្ញា ២បទ មានបទ «សង្សារក្នុងចិត្ត» និង «Silly Girl» ។ ចំណែកផលិតកម្មថោន ក៏ខិតខំផលិតបទថ្មីជា បណ្តើរៗដែរ ពោលគឺក្នុងមួយវ៉ុលមានបទចម្រៀងដែលនិពន្ធបទភ្លេងដោយខ្លួនឯងមួយ បទ ឬពីរបទ ។

ក្រុមហ៊ុនផលិតបទចម្រៀងដែលងាកនិពន្ធបទ ថ្មីទាំងទំនុកច្រៀង និងបទភ្លេងបែបនេះ មហាជនអបអរសាទរ ។ ម៉្យាងធ្វើបែបនេះ ចៀសផុតពីរឿងក្តីក្តាំពាក់ព័ន្ធកម្មសិទ្ធិបញ្ញាផង ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា