រាជធានីភ្នំពេញ ៖ យោងតាមដំណឹងចុងក្រោយ នាព្រឹកថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៣ថា មន្ត្រីប៉ូលិសដែលបានស៊ើបអង្កេតសំណុំរឿង មរណភាពរបស់អ្នកនាងឈិន សុរ៉ាវី ត្រូវក្រុមសាច់ញាតិស្នើឱ្យបញ្ចប់ការ ស៊ើបអង្កេតជាផ្លូវការ ដោយសារអះអាងថា ឈិន សុរ៉ាវី មិនមានអ្នកណាធ្វើឃាតទេ គឺ «នាងធ្វើអត្តឃាត» ។

បងប្រុសរបស់អ្នកនាងឈិន សុរ៉ាវី លោកឈិន កុសល ប្រាប់ទៅសមត្ថកិច្ចថា មិនបាច់ស្រាវជ្រាវទៀតទេ ដោយសារតែលោកដឹងច្បាស់ថា សុរ៉ាវី ពិតជាធ្វើអត្តឃាតប្រាកដមែន។ មុនពេលដែលនាងសម្លាប់ខ្លួន នាងបានបិទទ្វារផ្ទះយ៉ាងជិត ខណៈដែលបងប្អូននៅខាងក្រៅ ។ នាងចាក់សោជិតឈឹង មិនមានអ្នកណាមួយទៅធ្វើឃាតនាងទេ ទោះបីជាលិខិតបណ្តាំបានទុកនៅ និងមើលមិនយល់ក៏ដោយ ។

លោកឈិន កុសល ហ៊ានទទួលខុសត្រូវចំពោះ មុខច្បាប់ទាក់ទិននឹងការស្លាប់នេះ ។ លោកទទួលខុសត្រូវចំពោះមុខច្បាប់ត្រង់ថា ប្អូនរបស់លោកពិតជាធ្វើអត្តឃាត ដោយចង.កមែន មិនមានអ្នកណាសម្លាប់ទេ ។ លោកសុំធានាអះអាងកុំឱ្យសមត្ថកិច្ចស៊ើបអង្កេតរឿងនេះទៀត ដើម្បីកុំឱ្យវែងឆ្ងាយ ។ ដូច្នេះហើយប៉ូលិសក៏ចាប់ផ្តើមដកថយពីសំណុំរឿងនេះ ។ ឥឡូវនេះករណីសំណុំរឿង របស់ឈិន សុរ៉ាវី ត្រូវប៉ូលិសបិទបញ្ចប់ហើយ ដោយចាត់ទុកថា ជាករណីធ្វើអត្តឃាត តាមការស្នើសុំពីក្រុមគ្រួសារ ។

តាមការឱ្យដឹងពីសាច់ញាតិរបស់ឈិន សុរ៉ាវី ប្រាប់ប៉ូលិសស្រាវជ្រាវពីជីវិតពិតរបស់នាងថា ទម្រាំបានផ្ទះមួយល្វែងនៅភូមិក្រាំងអង្ក្រង គឺនាងតស៊ូណាស់ និងជួបឧបសគ្គច្រើន ។សពតារាចម្រៀងឈិន សុរ៉ាវី បានបូជាតាមប្រពៃណីរួចហើយកាលពីព្រលប់ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៣ ក្រោមសំឡេងស្រែកទ្រហោយំពីសាច់ញាតិ បងប្អូន ដោយ ម្នាក់ៗសោកស្តាយអាឡោះអាល័យចំពោះ ការព្រាត់គ្នាគ្មានថ្ងៃវិលវិញនេះ ។ ចំណែកភ្ញៀវដែលចូលរួមរំលែកទុក្ខ ម្នាក់ៗក៏ខ្លោចផ្សាចិត្តណាស់ដែរ នៅពេលគេអានជីវប្រវត្តិរបស់នាងឈិន សុរ៉ាវី កាលនៅរស់ ។

កញ្ញាឈិន សុធារី ជាប្អូនស្រីរបស់អ្នកនាងឈិន សុរ៉ាវី យំឡើងទន់ខ្លួន ពេលបើកមើលមុខសពបងស្រី ហើយត្រូវគេជួយទប់កុំឱ្យដួល ។មុនពេលពិធីដង្ហែសពចេញទៅបូជា កញ្ញាឈិន សុធារី ដែលនៅមានស្មារតីល្អនោះបានប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពថា នាងមិនសប្បាយចិត្តទេ ពេលបងស្រីនាងលាចាកលោកនេះទៅហើយ លេចឮថានាងសម្លាប់ខ្លួនព្រោះស្នេហា ។ នាងមិនចង់ឱ្យគេលើកឡើងបែបនោះទៀតទេ ។ មានព័ត៌មានខ្លះថា រូបនាងជាប្អូនស្រីអះអាងថា បងស្រីនាងស្លាប់ដោយសារស្នេហាត្រីកោណ ឬវិបត្តិស្នេហា តែនាងមិនដឹងទេ ។

បងប្អូននាងក៏មិនសប្បាយចិត្តដែរ ដូច្នេះនាងសុំកុំឱ្យ លើកឡើងព័ត៌មានអីតទៅទៀតទាក់ទិននឹងបងស្រីនាង ព្រោះក្រុមគ្រួសារកំពុងតែមានទុក្ខ ហើយក៏មិនចង់ឮព័ត៌មានអីទៀតទេ ។មានអ្នកសិល្បៈមួយចំនួន ចូលរួមដង្ហែសពអ្នកនាងឈិន សុរ៉ាវី យកទៅបូជា គឺលោកសាពូន មីដាដា លោកឡេង ប៊ុនណាត លោកសុវណ្ណ មករា លោកសុិន ច័ន្ទវាសនា លោកយក់ ដួងតារា លោកបញ្ញា សិទ្ធិ និងកញ្ញាទេព សម្ផស្ស ៕



















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]