ភ្នំពេញៈ កញ្ញារូបស្រស់សម្បុរស្រអែម គង់ វិច្ឆិកា កន្លងមកធ្លាប់តែគ្រងតំណែងជាតួរង នៅក្នុងខ្សែភាពយន្ត បន្តបន្ទាប់ ដោយអ្នកដឹកនាំរឿង ច្រើនតែមើលរំលង មិនផ្តល់ឱកាសឲ្យនាង ក្នុងការសម្តែងជាតួធំដុំ ឬក៏តួឯកក្នុងរឿងអ្វីមួយឡើយ ។ ភាគច្រើនការសម្តែងនោះ គ្រាន់តែជាតួអង្គធម្មតាៗ ដែលមានអត្តចរិតក្រមិចក្រមើម តាមអ្នកដឹកនាំ តម្រូវឲ្យនាងសម្តែង ដើម្បីផ្គាប់ចិត្តផ្គាប់ថ្លើម។

ស្រីស្រស់ គង់ វិច្ឆិកា បានប្រាប់ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៣នេះថា បច្ចុប្បន្ននេះការងាររបស់នាង កំពុងតែចាប់ផ្តើមមមាញឹក និងត្រូវចេញថត តាំងពីព្រឹកដល់ល្ងាច ថតខារ៉ាអូខេផង ថតស្ពតពាណិជ្ជកម្មផង ធ្វើ ពិធីការិនី ហើយពេលនេះនាងក៏ទើបតែ ទទួលថតរឿងថ្មីមួយទៀត ឲ្យស្ថានីយទូរទស្សន៍យ័ន ក្នុងរឿង “អស្ចារ្យណាស់ប្តីខ្ញុំ” សម្តែងជាតួរង ជាអ្នកគ្រូពេទ្យ មានចរិកធម្មតា ចូលចិត្តលេងសើចដូចក្មេង ។

តារាស្រីសម្បុរស្រអែមស្រស់ ទើបតែស្រវ៉ាបានតំណែង ពិធីការិនីថ្មីៗរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “កន្លងមក ខ្ញុំគិតថា ការសម្តែង ទោះជាបានតួឯក ឬអត់គឺមិនសំខាន់ទេ សម្រាប់ខ្ញុំឲ្យតែមានឱកាស។ តែពេលនេះ ខ្ញុំក៏ចាប់ផ្តើម មានមហិច្ឆិតាចង់ក្លាយខ្លួនជា តារាស្រីមួយរូប ដែលមានឈ្មោះបោះសំឡេង កាន់តែខ្លាំងជាងមុន ។ ខ្ញុំខំប្រឹងហ្វឹកហាត់ សម្តែងបន្ថែមទៀត ធ្វើយ៉ាងណាឲ្យកាន់តែល្អ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងការផ្តល់ឱកាស ពីអ្នកដឹកនាំរឿង ក្រែងលោ...ថ្ងៃណាមួយអ្នកដឹកនាំផ្តល់ តំណែងតួឯកឲ្យសម្តែង ” ។

កញ្ញា វិច្ឆិកា បានប្រាប់ឲ្យដឹងទៀតថា ជាការពិតសម្រាប់មនុស្សគ្រប់រូប មហិច្ឆិតាពិតជាមាន មិនថាតែនាងទេ បើគិតរហូតមកដល់ពេលនេះ នាងក៏បានថតរឿង ច្រើនគួរសម ដោយនៅក្នុងនោះ នាងមានឱកាស បានសម្តែងជាតួឯក ក្នុងរឿង១មានចំណងជើងថា “រុកខ្លោចរោលឆៅ”។ សម្រាប់ទៅថ្ងៃអនាគត នាងមានបំណងប្រាថ្នាចង់ក្លាយ ជាតារាសម្តែងមួយរូប មានឈ្មោះបោះសំឡេងល្បីល្បាញ ជាងនេះមួយកម្រិតទៀត ព្រោះថា ក្នុងរយៈពេលនាងសម្តែង សង្កេតឃើញថា សន្ទុះកេរ្តិ៍ឈ្មោះរបស់នាង មានភាពខុសប្លែកពីមុខឆ្ងាយ ហើយសន្ទុះការងារ ក៏រវល់ទៅតាមហ្នឹង...។ ប៉ុន្តែ គង់ វិច្ឆិកា មិនទម្លាក់ការតស៊ូត្រឹមនេះទេ ព្រោះទស្សនិកជនកំពុងតែ គាំទ្រស្រឡាញ់ចូលចិត្តនាង គឺត្រូវខំប្រឹងបន្តទៀត។

ជាមួយគ្នានេះ ស្រីស្អាតវ័យក្មេង គង់ វិច្ឆិកា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅក្នុងរឿងថ្មី នាងកំពុងសម្តែង បើគិតរហូតមកដល់ពេលនេះ បានប្រមាណជិត ៥០ភាគរយហើយ។ សម្រាប់រឿងនេះ នាងរំពឹងថា អាចទទួលបានកេរ្តិ៍ឈ្មោះ និងធ្វើឲ្យនាងកាន់តែ មានភាពលេចធ្លោរ ធ្វើឲ្យទស្សនិកជនស្គាល់ នាងកាន់តែច្រើន ព្រោះថា នៅក្នុងរឿងនេះ មានការចូលរួមសម្តែងពីតារា ជើងចាស់ប្រុសស្រីល្បីៗ ឈ្មោះជាច្រើន សាច់រឿងក៏ល្អ។ មួយវិញទៀត នៅក្នុងរឿងនេះ អ្នកដឹកនាំតម្រូវឲ្យ យកសំឡេងផ្ទាល់ របស់តារាសម្ដែងទាំងអស់ និងមានការចុះថត តាមខេត្តមួយចំនួន ដើម្បីផ្តិតយកទេសភាពស្រស់ត្រកាល មកបញ្ចាំងជូនពុកម៉ែ បងប្អូនបានទស្សនា ។

គង់ វិច្ឆិកា និយាយថា “ជាការពិតក្នុងរឿង នេះខ្ញុំសង្ឃឹមថា អាចទទួលបានការ គាំទ្រមិនចាញ់រឿងមុន ដែលខ្ញុំធ្លាប់សម្តែងឲ្យ ទូរទស្សន៍បាយ័នទេ ព្រោះក្នុងរឿងនេះ អ្នកដឹកនាំយកចិត្តទុកដាក់ផ្ចិតផ្ចង់ ក្នុងការដឹកនាំតួសម្តែង ហើយតួសម្តែងសុទ្ធសឹង តែមានបទពិសោធ និងមានឈ្មោះល្បីថែមទៀតផង.. ” ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]