ខេត្តកំពង់ឆ្នាំង ៖ បុរសជាឪពុក ត្រូវបានកូនប្រុសបង្កើត កាប់មួយពូថៅពីក្រោយ បណ្តាលឱ្យដាច់ឆ្អឹងជំនីរចំនួន៣ និងធ្លាយដល់សួត រងរបួសជាទម្ងន់ ហើយត្រូវបានក្រុមគ្រួសារ ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត កំពង់ឆ្នាំង ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី១៣ វិច្ឆិកា ២០១៣ ស្ថិតនៅចំណុចខ្ទមស្រែ ក្នុងភូមិចាន់ជ្វា ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធបានឱ្យដឹងថា ប្តីគាត់ឈ្មោះចែម ហូវ អាយុ៤៣ឆ្នាំ ចំណែកកូនប្រុសដៃដល់វិញ ឈ្មោះហូវ ហឹប អាយុ២០ឆ្នាំ ជាកូនច្បង ក្នុងចំណោមកូន៦នាក់ ។ គ្រួសារគាត់មានទីលំនៅ ក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ប៉ុន្តែបានទៅធ្វើស្រែ នៅក្នុងភូមិកើតហេតុខាងលើ ។

ស្ត្រីរូបនោះបន្តទៀតថា នៅមុនពេលកើតហេតុ ប្តីគាត់បានផឹកស្រាស្រវឹង ហើយបានរករឿង និងវាយកូនប្អូនឈ្មោះហូវ វិត អាយុ៨ឆ្នាំ នៅពេលនោះកូនប្រុសច្បង បានទៅឃាត់ម្តងហើយម្តងទៀត ប៉ុន្តែនៅតែទៅវាយកូនតូចនោះទៀត ហើយកូនប្រុសច្បងគាត់ ក៏ទៅឃាត់ម្តងទៀត ស្រាប់តែប្តីគាត់ចាប់ដៃកូនប្រុសច្បងនោះជាប់ ហើយពេលនោះកូនប្រុសច្បងបានរើបំរះ រួចក៏រត់មកខ្ទមរបស់ខ្លួន ស្រវ៉ាបានពូថៅ សំដៅទៅរកកាប់ឪពុកតែម្តង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]