ខេត្តបន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែត បង្ហាញមុខក្រុមលក់ និងជក់គ្រឿងញៀន ៩នាក់ និងថ្នាំញៀនជាង ៣០០គ្រាប់ ក្រោយពី ប្រតិបត្តិការបង្ក្រាប កាលពីម្សិលមិញ ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ជនសង្ស័យទាំងនោះ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស តាមផ្លូវច្បាប់។

លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់នេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ នៅក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈពួកគេកំពុងធ្វើសកម្មភាពលក់ និងជក់គ្រឿងញៀន។ លោកបានបន្តថា ជនសង្ស័យទាំង ៩នាក់ រួមមាន ១. ឈ្មោះវ៉ាន់ សុផល ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅម្ដុំវិហារចាម ក្នុងភូមិបាលិលេយ្យ១ ជាមុខសញ្ញាជួញដូរយ៉ាងសកម្ម ឆែកឆេរលំនៅឋាន ដក ហូតបានថ្នាំញៀនប្រភេទយ៉ាម៉ា ២៩០គ្រាប់ ផ្លាកលេខម៉ូតូ៣ បំពង់ជក់៤ និងឧបករណ៍កែច្នៃមួយចំនួន។ ២.ឈ្មោះ ឡាច ពៅ ភេទប្រុស អាយុ ៣២ឆ្នាំ ជាមុខសញ្ញាជួញដូរដែរ ដកហូតបានថ្នាំញៀន ប្រភេទយ៉ាម៉ា១៨គ្រាប់ និងខេទឹកកក ៤ថង់តូច ៣. ឈ្មោះ អ៊ូច រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ ៤. ឈ្មោះ ជា ពេជ្រ ភេទប្រុស អាយុ ២៨ឆ្នាំ ៥.ឈ្មោះ អ៊ុំ ស៊ីថា ភេទប្រុស អាយុ៣២ឆ្នាំ ៦.ឈ្មោះ ចាន់ ថន ភេទប្រុស អាយុ៣០ឆ្នាំ (ជាអ្នកនាំភ្ញៀវនៅ ច្រក ប៉ោយប៉ែត) ៧.ឈ្មោះ ម៉ម វីរៈ អាយុ ២០ឆ្នាំ ៨.ឈ្មោះ វី តឿ ភេទប្រុស អាយុ ២១ឆ្នាំ ៩.ឈ្មោះ ងិន សុវណ្ណារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ជនសង្ស័យ ទាំង៧នាក់ ជាពួកជក់គ្រឿងញៀន។

លោកអធិការ អ៊ុំ សុផល បន្តថា ទន្ទឹមគ្នានៃការបង្ក្រាប ករណីជួញដូរគ្រឿងញៀននេះ សមត្ថកិច្ច បានរកឃើញស្លាកលេខម៉ូតូ ចំនួន៣បន្ទះ និង កង់ម៉ូតូចំនួន១០ ដែលពុំមានប្រភពច្បាស់លាស់ អាចជាប់ពាក់ព័ន្ធករណីកាច់សោម៉ូតូ។ បើទោះបីជាបែបណា នគរបាលក្រុងយើង កំពុងបើក ការស្រាវជ្រាវ បន្តលើវត្ថុតាងទាំងនេះ ថាតើបានមកពីណា។ ក្រោយសួរនាំជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបាន កសាងសំណុំរឿង បញ្ជូនទៅ តុលាការចាត់ការតាមនីតិវិធីច្បាប់៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]