រាជធានីភ្នំពេញ ៖ លោកស្រីគឹម ដានី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ វិច្ឆិកា បានបើកសវនាការលើសំណុំរឿងព្រហ្មទណ្ឌ ពីបទជួញដូរសារធាតុគ្រឿងញៀន ដែលមានជនជាប់ចោទចំនួន ៣នាក់គឺ ១-ឈ្មោះ ចាន់ រិទ្ធីឌី ភេទប្រុស អាយុ៤៥ឆ្នាំ អតីតឧត្តមសេនីយ៍ទោ នៃក្រសួងការពារជាតិ ២-ឈ្មោះ ឌៀប ឈុនឡាយ ភេទប្រុស អាយុ៥១ឆ្នាំ និង៣-ឈ្មោះ លៀប ស៊ុនរី ភេទប្រុស អាយុ២៦ឆ្នាំ។

សវនាការនេះធ្វើឡើងដោយមានវត្តមាន ជនជាប់ចោទទាំង៣នាក់ មេធាវីការពារក្តីជនជាប់ចោទ និងលោកជេត ខេមរា តំណាងអយ្យការ និងជាព្រះរាជអាជ្ញារង ។
លោកជេត ខេមរា ថ្លែងថា យោងតាមឯកសារ និងការសារភាពរបស់ជន ជាប់ចោទក្នុងពេលសវនាការ និងនៅពេលសាកសួររបស់ប៉ូលិស និងតុលាការកន្លងមក គឺពិតជាមានករណីជួញដូរគ្រឿងញៀនដែលប្រព្រឹត្ត ដោយជនជាប់ចោទចំនួន៣នាក់មានឈ្មោះ ចាន់ រិទ្ធីឌី ឈ្មោះ ឌៀប ឈុនឡាយ និងឈ្មោះ លៀប ស៊ុនរី ។ ប៉ូលិសបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១គីឡូក្រាម និងយ៉ាម៉ាចំនួន២០សុងនៅផ្ទះឈ្មោះ ចាន់ រិទ្ធីឌី នៅពេលចាប់ខ្លួនកាលពីថ្ងៃទី២៤ សីហា ២០១២ ហើយជាបទល្មើសជាក់ស្តែង ។ ជនជាប់ចោទឈ្មោះ ចាន់ រិទ្ធីឌី សារភាពថា គាត់ពិតជាបានជួញដូរថ្នាំញៀននេះមែន តែថ្នាំនេះគឺឈ្មោះ ឌៀប ឈុនឡាយ ទេជាអ្នកយកមកឱ្យគាត់យកទៅលក់ឱ្យគេ ឯថ្នាំយ៉ាម៉ា២០សុង និងរាប់ម៉ឺនកញ្ចប់យកពីស្ត្រីម្នាក់ក្នុង គោលបំណងយកទៅលក់បន្ត ។

ក្នុងឆ្នាំ២០១២ គាត់បានយកថ្នាំញៀនទៅលក់ឱ្យ គេនៅម្តុំវត្តសន្សំកុសល តែមិនទាន់បានលក់ផង ក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង ។ ក្នុងឆ្នាំ២០១២ គាត់បានទទួលថ្នាំញៀននេះពីឈ្មោះ ឌៀប ឈុនឡាយ ក្នុងគោលបំណងលក់ឱ្យទៅមនុស្សទី៣ ហើយឈ្មោះ ឌៀប ឈុនឡាយ បានយកថ្នាំញៀនទាំងនេះមកពីឈ្មោះប៊ុន ដែលជាជនជាតិឡាវ ។ ចំណែកជនជាប់ចោទឈ្មោះ ឌៀប ឈុនឡាយ និយាយថា គាត់បានស្គាល់ឈ្មោះប៊ុន និងនាំថ្នាំញៀន១០០ក្រាមប្រភេទម៉ាទឹកកកទៅឱ្យឈ្មោះ ចាន់ រិទ្ធីឌី បានកម្រៃ២០០ដុល្លារអាមេរិក តែនៅពេលក្រោយមកទៀតគាត់ មិនដឹងថាឈ្មោះប៊ុន និងឈ្មោះ ចាន់ រិទ្ធីឌី នេះរកស៊ីថ្នាំញៀនយ៉ាងណាទេ ។ នៅក្នុងឆ្នាំ២០១២ ឈ្មោះ ចាន់ រិទ្ធីឌី បាននាំគាត់ឱ្យរកម៉ូយទិញ និងលក់ថ្នាំញៀនទាំងនេះ ក្រោយមកគាត់ក៏បាននាំជនជាតិឡាវ ឱ្យទៅជួបជាមួយនឹងថ្នាំញៀន ។ ជនជាប់ចោទឈ្មោះ ឌៀប ឈុនឡាយ និយាយទៀតថា ថ្នាំញៀនម៉ាទឹកកក១គីឡូក្រាមមិនមែនជារបស់គាត់ទេ ហើយវាត្រូវបានប៉ូលិសរកឃើញនៅផ្ទះរបស់ឈ្មោះ ចាន់ រិទ្ធីឌី គឺមិនបានរកឃើញនៅផ្ទះរបស់គាត់ទេ ។ ចំពោះលុយ២០០ដុល្លារអាមេរិកនោះ បានមកពីការបកប្រែ និងការជូនជនជាតិឡាវឱ្យជួបជាមួយឈ្មោះ ចាន់ រិទ្ធីឌី ។ ការដែលប៉ូលិសចាប់ខ្លួនឈ្មោះ ចាន់ រិទ្ធីឌី នោះគាត់មិនបានដឹងទេ ព្រោះការចាប់ខ្លួនធ្វើឡើងខុសពេលវេលាគ្នា ។ ចំណែកឯឈ្មោះ លៀប ស៊ុនរី និយាយថា គាត់ជាអ្នកយាមផ្ទះឈ្មោះ ចាន់ រិទ្ធីឌី ហើយត្រូវបានចាប់ខ្លួននៅពេលប៉ូលិសឆែកឆេរផ្ទះរបស់ឈ្មោះ ចាន់ រិទ្ធីឌី ។

លោកណាច ទ្រី មេធាវីការពារក្តីជនជាប់ចោទឈ្មោះ ចាន់ រិទ្ធីឌី និយាយថា កូនក្តីរបស់លោកបានសារភាពទទួលស្គាល់នូវអ្វី ដែលបានធ្វើទាក់ទងនឹងគ្រឿងញៀនទម្ងន់១គីឡូក្រាម និងថ្នាំយ៉ាម៉ារាប់ម៉ឺនគ្រាប់ ។ ក្នុងករណីនេះដែរ ប៉ូលិសបានដកហូតនូវសម្ភារជាច្រើន ហើយបានសុំឱ្យតុលាការប្រគល់សម្ភារ ទាំងនោះមកឱ្យក្រុមគ្រួសាររបស់ឈ្មោះ ចាន់ រិទ្ធីឌី វិញ ។ ចំពោះករណីនេះលោកស្រីចៅក្រម គឹម ដានី ថ្លែងថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២៦ វិច្ឆិកា ២០១៣៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]