ភ្នំពេញៈ បុរសម្នាក់ទើបរៀបការបានជាង២ខែ បានជួបគ្រោះថ្នាក់ចរាចរ ដោយរថយន្តកូរ៉េចំណុះ១,៥ តោន កិនបែកទាំងមួកសុវត្ថិភាព និងក្បាលធ្លាយខួរហូរឈាមស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មកណ្តាល ដងផ្លូវលេខ២៧១ ក្រោមស្ពានអាកាសស្ពាន៧មករា ឃុំត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នា វេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១២។  

យោងតាមមន្ត្រីនគរបាលចរាចរណ៍ បានឲ្យដឹងថា លោក ចេង សុភក្តិ អាយុ ៣១ឆ្នាំ បានបែកក្បាលធ្លាយ ខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារជួបគ្រោះនឹងគ្រោះថ្នាក់ចរាចរ ខណៈដែលរូបលោកជិះ ម៉ូតូស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-4863 ក្នុងទិសដៅពីជើងទៅត្បូងតែម្នាក់ឯង លុះដល់ ចំណុចកើតហេតុបានប៉ះជាមួយរថយន្តកូរ៉េចំណុះ ១,៥តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-6960 ដឹកធ្យូងបើកបរក្នុងទិសដៅស្របគ្នា បណ្តាលឲ្យដួលហើយត្រូវរថយន្តកិនបែកក្បាលស្លាប់តែម្តង។

លោក លាង ហួត អាយុ ៤០ឆ្នាំ រស់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បានប្រាប់សមត្ថកិច្ចនៅកន្លែង កើតហេតុថា មុនពេលកើតហេតុរូបគាត់រួមនឹង៣នាក់ផ្សេងទៀត បានបើករថយន្តដឹកធ្យូងយកទៅឲ្យគេ ពេលបើកដល់កន្លែងកើតហេតុ ស្រាប់តែជនរងគ្រោះបានជិះម៉ូតូវ៉ារថយន្ត ហើយប៉ះដៃចង្កូតម៉ូតូ ដួលចូល ក្រោមរថយន្ត ហើយរូបគាត់មិនអាចចាប់ហ្រ្វាំងទាន់ ក៏កិនជនរងគ្រោះបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើត ហេតុ។

តែទោះជាយ៉ាងណា សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបើក បរក្នុងល្បឿនយ៉ាងលឿន តែករណីគ្រោះថ្នាក់ចរាចរនេះ មិនដឹងខាងណាខុស ឬត្រូវនោះទេ។

យោងតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងផងដែរថា ជនរងគ្រោះ ចេង សុភក្តិ ស្នាក់នៅក្នុង ភូមិត្នោតជ្រុំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទើបតែរៀបការបានជាង២ខែប៉ុណ្ណោះ។ ក្រោយពេល កើតហេតុក្រុមគ្រួសារជនរងគ្រោះ បានមកដល់កន្លែងកើតហេតុយំសោកសង្រេងឱបសពជនរងគ្រោះ ទាំងសោកស្តាយ និងគួរឲ្យសោកសង្រេងជាទីបំផុត។

ដោយឡែករថយន្ត ម៉ូតូជនរងគ្រោះ និងអ្នកបើកបរថយន្ត ត្រូវបានកម្លាំងនគរបាលចរាចរណ៍ នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយជាមួយក្រុមគ្រួសារ ជនរងគ្រោះ។ រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅតម្កល់ នៅវត្តសន្សំកុសលធ្វើបុណ្យតាម ប្រពៃណី៕

           លោក លាង ហួត អ្នកបើកបររថយន្តកូរ៉េដឹកធ្យូង

ដោយៈ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]