កំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង៦និង១៥នាទី ព្រលប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងស្ថានីយប្រេងសាំង តេលា មួយកន្លែង ចំណុចត្រពាំងគង ផ្លូវបែកជា ៣ច្រមុះជ្រូក ក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង យ៉ាងហោចណាស់មនុស្ស ប្រុសស្រី៥នាក់ ជាបុគ្គលិកនិង កម្មកររបស់ស្ថានីយលក់សាំង ក្នុងករណីផ្ទុះ សាំងពេលកំពុងបូមចេញ ពីរថយន្តដាក់ចូល ក្នុងស៊ីទែនក្រោមដី ចំហាយសាំងបាន សាយភាយ តាមរន្ធហឺយ ហើយនៅពេលគេកាច់បញ្ឆេះចង្ក្រានហ្គាស៍ដាំបាយ ក៏ផ្ទុះឆេះឡើង។

លោក ហ៊ុល វាសនា អធិការរង នគរបាលក្រុងកំពង់ឆ្នាំង ដែលបានដឹកនាំកងកម្លាំង ចុះទៅអន្តរាគមន៍ នៅកន្លែង កើតហេតុបានឲ្យដឹងថា ស្ថានីយលក់ប្រេងសាំងនេះ មានម្ចាស់ឈ្មោះ វណ្ណៈ ។ មុនពេល កើតហេតុ មានរថយន្តស៊ីទែន ដឹកសាំងមួយគ្រឿង កំពុងបូមសាំងចេញពីរថយន្ត ដាក់ចូលក្នុង ស៊ីទែន ក្រោមដីក្នុងស្ថានីយ។ ពេលនោះគេក៏បាន បើករន្ធហឺយស៊ីទែនសាំង មួយកន្លែងដែលមានចម្ងាយ ពីចង្ក្រាន បាយប្រមាណ៥ម៉ែត្រ ខណៈនោះដែរ អ្នកដាំបាយក៏បានកាច់ បញ្ឆេះ ចង្ក្រានហ្គាស៍ដាំបាយ ធ្វើឲ្យចំហាយ សាំងតាមរន្ធហឺយ ដែលសាយភាយនោះ បានផ្ទុះឆេះឡើង បណ្តាលឲ្យបុគ្គលិកកម្មករ ប្រុសស្រីចំនួន៥នាក់ បានរងរបួស ធ្ងន់និងស្រាល បន្ទាប់មកត្រូវបានគេដឹកតាមម៉ូតូរ៉ឺម៉ក យកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត។

នៅពេលកើតហេតុ គេបានប្រើប្រាស់បំពង់បាញ់ ពន្លត់អគ្គីភ័យអស់៨ធុង និងប្រើម៉ាស៊ីនបូមទឹកបាញ់ ពន្លត់មួយចំនួនទៀត ប្រមាណ១៥នាទីក្រោយមក  ទើបអគ្គីភ័យបានស្ងប់ ហើយការភ្ញាក់ផ្អើល របស់ប្រជាពលរដ្ឋរាប់ រយនាក់ក៏បានរំសាយវិញ។ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាល ខេត្ត១គ្រឿង ក៏បានមកដល់ត្រៀម ជួយអន្តរាគមន៍ផងដែរ។

ជនរងគ្រោះក្នុងគ្រោះថ្នាក់នេះគឺ យុវជន២នាក់របួសធ្ងន់ និងនារី៣នាក់របួសស្រាល អ្នករបួសធ្ងន់១ឈ្មោះ ម៉ៅ កាណាន់ ហៅពៅ អាយុ២៤ឆ្នាំ ២ឈ្មោះ យឹម មករា អាយុ១៧ឆ្នាំ ពួកគេមានទីលំនៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រោយពីធ្វើការសង្គ្រោះជាបឋមនៅក្នុងមន្ទីរពេទ្យខេត្ត  ជនរង គ្រោះទាំង២ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្រុងភ្នំពេញ។ ចំណែកនារីរបួសស្រាល៣នាក់នោះ ១.ឈ្មោះ គឹម យ៉ារា អាយុ១៧ឆ្នាំ រស់នៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ២.ឈ្មោះ រៀម ចន្ធូ អាយុ២៨ឆ្នាំ ៣.ឈ្មោះ រិន ស៊ីធឿន អាយុ៣០ឆ្នាំ ពួកគេទាំង២រស់នៅក្នុងភូមិឃុំជាមួយយុវជនរបួសធ្ងន់។ សមត្ថកិច្ចបាន ឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ដែលគិតស្មាន មិនដល់នេះគឺ បណ្ដាលមកពីការធ្វេស ប្រហែស របស់ម្ចាស់ស្ថានីយប្រេង ហើយក៏ជាមេរៀន សម្រាប់ម្ចាស់ ស្ថានីយផ្សេង ទៀតផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]