ក្រោយពីបានដឹង ឬក៏សង្ស័យថាប្រុសបណ្ដូលស្នេហ៍ របស់អ្នកកំពុងតែលួចក្បត់ អ្នកគួរតែជៀសវាងនូវ កំហុសបីយ៉ាងដូចខាងក្រោម៖

កំហុសទី១៖ ស៊ើបអង្កេត នៅពេលដែលស្រ្ដីសង្ស័យថាបុរសដែលខ្លួន ស្រឡាញ់ក្បត់ចិត្ត អ្វីដែលជាកំហុសទីមួយរបស់ស្រ្ដីគឺ ការបង្កើត បេសកកម្មស្វែងរកការពិត។ ការតាមដាន ដៃគូររបស់ខ្លួនឯង គឺជាការចំណាយកម្លាំងអត់ប្រយោជន៍ ដើម្បីស៊ើបឲ្យដឹងនូវអ្វីដែលជាការពិតទៅហើយនោះ។ ការធ្វើបែបនេះនឹងធ្វើឲ្យទំនាក់ទំនងកាន់តែប្រេះឆាថែមមួយកម្រិតទៀត។អ្នកមិនចាំបាច់រកភស្ដុតាងពីការផិតក្បត់របស់បុរសនោះទេ តែអ្នកត្រូវរកឲ្យឃើញថា តើអ្វីទៅដែលធ្វើឲ្យទំនាក់ទំនងអ្នកទាំងពីរក្លាយជាបែបនេះ។ ទោះបីជាអ្នករកឃើញថាប្ដីរបស់អ្នកក្បត់ ឬមិនក្បត់វាមិនអាចផ្លាស់ប្ដូរអ្វីបាននោះទេ។ ការព្យាយាមបែបខុសឆ្គងមួយចំនួន ក្នុងការរកឲ្យឃើញពីទង្វើក្បត់នេះ នឹងមិនផ្ដល់ឲ្យអ្នក នូវអារម្មណ៍ដែលអ្នកចង់បាននោះទេ វានឹងគ្រាន់តែធ្វើឲ្យអ្នកឆ្កួតតែប៉ុណ្ណោះ។

កំហុសទី២៖ បន្ទោសស្រ្ដីដទៃ

អ្នកប្រហែលជាគិតថាស្រ្ដីដែលលួចយកបេះដូងប្ដីរបស់អ្នក គឺជាកញ្ជ្រោងបិសាចហើយមែនទេ! ប៉ុន្ដែនេះមិនមែនជាចំណុចដែលអ្នកគួរធ្វើនោះទេ។ មនុស្សស្រីម្នាក់នោះមិនដែលបានប្ដេជ្ញា ឬក៏សន្យាថាស្មោះនឹងអ្នក រួចហើយក្បត់នឹងអ្នកនោះទេ អ្នកដែលធ្វើបែបនេះគឺប្ដីរបស់អ្នក។

នៅពេលដែលមនុស្សប្រុសក្បត់ មិនមែនមកពីគាត់ត្រូវបានពង្វក់ដោយស្រ្ដីដែលមានមន្តស្នេហ៍ផ្សេងនោះទេ។ មិនមែនគាត់ក្បត់ដោយសារមានស្រីផ្សេងផ្ដល់អ្វីឲ្យគាត់លើសពីអ្នកនោះទេ ហើយក៏មិនមែនស្រីម្នាក់នោះល្អជាងអ្នកដែរ។ អ្នកដែលក្បត់គឺជាប្ដីរបស់អ្នក បើគាត់មិនមែនជាមនុស្សដែលក្បត់នោះទេ ទោះបីមានស្រីស្អាតចុះពីឋានសួគ៌ាល័យក៏គ្មានប្រយោជន៍ដែរ។

សូមកុំបន្តការខឹងច្រឡោតដាក់ស្រីដូចគ្នាទៀតធ្វើអ្វី។ ចូរផ្ដោតអារម្មណ៍ទៅលើមូលហេតុអ្វីបានជាប្ដីរបស់អ្នកបានក្បត់ពាក្យសន្យាដែលថាស្នេហ៍តែអ្នកមួយ វិញទើបជាការប្រសើរ។ ទោះបីអ្នកកំចាត់មនុស្សស្រីម្នាក់នោះចោល ក៏គង់តែគាត់ទៅរកស្រីផ្សេងបានដូចតែគ្នាទេ ប្រសិនបើគាត់មិនចោលគំនិតក្បត់ទេនោះ ព្រោះមិនមែនមានស្រីតែម្នាក់ទេនៅលើលោក។

កំហុសទី៣៖ ផ្លាស់ប្ដូរខ្លួនឯងដើម្បីបុរសម្នាក់នោះ

ប្រសិនបើបុរសដែលអ្នកស្រឡាញ់កំពុងតែក្បត់អ្នក អ្វីចុងក្រោយដែលអ្នកចង់បាន គឺរក្សាគាត់ឲ្យជាប់។ ប៉ុន្តែការក្បត់គឺជាអកប្បកិរិយាមួយដែលពិបាកនឹងបញ្ឈប់ណាស់ ទោះបីជាគាត់បានសន្យាអ្វីចំពោះអ្នក ឬក៏អ្នកបានផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងដែលគាត់ចង់បានក៏ដោយ។

អ្នកត្រូវចាំថា អ្នកមិនមែនជាដើមហេតុដែលធ្វើឲ្យគាត់ក្បត់នោះទេ ដូច្នេះហេតុអ្វីបានជាអ្នកត្រូវធ្វើ នូវរឿងដែលអ្នកមិនពេញចិត្ត។ ត្រូវគិតថា បុរសដែលក្បត់គឺជាមនុស្សដែលគ្មានទំនួលខុសត្រូវ ក្នុងការថែរក្សានូវទំនាក់ទំនងស្នេហាដែលខំសាង ដោយអ្នកទាំងពីរនាពេលកន្លងមក៕


(រូបភាពតំណាង)

អត្ថបទៈ មករា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]