ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូហុងដាឌ្រីម ១គ្រឿង បោះពួយយ៉ាងលឿនបានបុកជាមួយគោយន្តកន្ត្រៃដឹកស្រូវ ដែលខូចចតចោលលើដងផ្លូវជាតិលេខ៥ បណ្តាលឲ្យរបួសធ្ងន់ស្រាល ៣នាក់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី២២ តុលា ២០១៣ នៅចំណុចភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ជនរងគ្រោះ ១.ឈ្មោះ ត្រេន ភេទប្រុស អាយុប្រហែលជាង ២០ឆ្នាំ មានទីលំនៅភូមិនិមិត្ត២ សង្កាត់កើតហេតុ (របួសធ្ងន់) ២.ឈ្មោះ ត្រាញ់ ធា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិវាំងមួង ឃុំកូប ស្រុកអូរជ្រៅ (របួសស្រាល) និង ៣.ឈ្មោះ រិន ពន្លឺ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិនិមិត្ត៣ សង្កាត់កើតហេតុ (របួសធ្ងន់)។

ជនរងគ្រោះទាំង ៣នាក់ ជិះម៉ូតូម៉ាកសង់ហុងដាឌ្រីមសេរីឆ្នាំ២០០៥ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ ១C.៨៧៣៥។ ចំណែកគោយន្តកន្ត្រៃដឹកស្រូវពេញខូចបែកបាដាងកង់ ហើយចតចោលស្របទិសមកពីទិសខាងលិចដូចគ្នា ប៉ុន្តែ បានដាក់មែកឈើមួយបាច់ធំចម្ងាយប្រហែលជាង ២០ម៉ែត្រ ពីកន្លែងខូចផងដែរ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកតាមរថយន្តសង្រ្គោះរបស់អង្គការកាំម៉ា (CAMA) យកទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ចំណែកគោយន្តកន្ត្រៃត្រូវបាននគរបាលរដ្ឋបាលប៉ុស្តិ៍សង្កាត់និមិត្ត នាំយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជាមួយម៉ូតូជនរងគ្រោះ៕










បញ្ចូលអត្ថបទ ៖ វីយូឡែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]