ភ្នំពេញ៖ យុវជនម្នាក់បាន រងរបួសបាក់ម្រាមដៃខាងស្តាំ ខណៈដែលជិះម៉ូតូម៉ាកណិច មួយគ្រឿង បានជ្រុលចង្កូតបុក រថយន្តCRV មួយគ្រឿងទៀត កាលពីវេលាម៉ោង១៩ និង៣០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នៅក្នុងមជ្ឈមណ្ឌល កោះពេជ្រ តាមបណ្តោយផ្លូវប៉េតុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យោងតាមប្រភពពត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ បុរសម្នាក់ បើករថយន្ត CRV មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2D-9935 ធ្វើដំណើរតាមបណ្តោយ ផ្លូវប៉េតុង ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជនម្នាក់ ជិះម៉ូតូណិច ពណ៌សលាយផ្កាឈូក មិនចាំស្លាកលេខ បានជិះយ៉ាងលឿន ក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើង លុះមកដល់ចំណុច កើតហេតុ ក៏ជ្រុលចង្កូតម៉ូតូ ទៅបុកគូទរថយន្ត បណ្តាលឲ្យដួលបាក់ម្រាមដៃខាងស្តាំ ត្រូវបានបងប្អូនដឹកយក ទៅសង្គ្រោះនៅមន្ទីរភ្លាមៗ ចំណែកឯម៉ូតូនិងរថយន្ត រងការខូចខាតបន្តិចបន្តូច ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ សម្របសម្រួលភាគីទាំងសងខាង តែភាគី ទាំងពីរវែកញែក រកតែត្រូវរៀងៗខ្លួន ហើយក៏បែកផ្លូវគ្នារៀងៗខ្លួនចេញពីកន្លែងកើតហេតុ តែម្តង ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]