កំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ឈ្មោះ ទុយ មុំ បានរត់ ចូលទៅក្នុងព្រៃ គេចខ្លួនបាត់មួយយប់ មិនទាន់ហ៊ាន ចេញមកក្រៅ ធ្វើឲ្យ អាណាព្យាបាល និងក្រុមគ្រួសារ កំពុងតែព្រួយបារម្ភ អំពីសុវត្ថិភាព ក្មេងស្រីរូបនោះ ខណៈមានបុរសម្នាក់ ដែលគេស្គាល់ឈ្មោះ ម៉ៅ អាយុប្រមាណ ៤២ឆ្នាំ មានមុខរបរជា អ្នកស៊ីឈ្នួលអារទឹកកក នៅតំបន់ក្តុល មានប្រពន្ធឈ្មោះ មុំ រស់នៅតំបន់១០៦ ក្នុង ភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានទាញកាំបិត ដេញកាប់ក្មេងស្រីរងគ្រោះ កាលពីវេលា ម៉ោង៧និង១៥នាទី យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ រហូតមកដល់ វេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣នេះ ក្មេងស្រីរងគ្រោះមិនទាន់ឃើញ ចេញមកពីក្នុងព្រៃនៅឡើយ ។

 ប្រជាពលរដ្ឋ នៅក្បែរលំនៅដ្ឋាន ក្មេងស្រីរងគ្រោះត្រង់ តំបន់១០៦ បានឲ្យដឹងថា ដំបូងឡើយបុរស រូបនោះមិនដឹងមានបញ្ហាអ្វី ជាមួយក្មេងស្រីនោះឡើយ ស្រាប់តែទាញ កាំបិតដេញ កាប់ក្មេងស្រីនោះ ដោយនិយាយថា អញកាប់ និងវះស៊ីថ្លើម ក្មេងស្រីរូបនេះ ឲ្យទាល់តែបាន ធ្វើឲ្យក្មេងស្រីរងគ្រោះភ័យស្លន់ស្លោ រត់ចូលទៅ ក្នុងព្រៃបាត់ ស្រមោលរហូត មកដល់ពេលនេះ រកមិនទាន់ឃើញនៅឡើយ តាំងពីពេលកើតហេតុ រហូតមកដល់ពេលនេះ បុរសឈ្មោះម៉ៅ ជាជនបង្ក នៅតែបន្តសំលៀង កាំបិតគំរាម មិនឲ្យអ្នកជិតខាងណា ហ៊ានមកក្បែរ ឬសួរនាំដោយនៅតែស្រែកថា ស៊ីថ្លើមក្មេងស្រីរូបនោះ ឲ្យទាល់តែបាន ។

មកទល់ពេលនេះ គេមិនទាន់ឃើញ មានសមត្ថកិច្ចថ្នាក់ណា ចេញមុខអន្តរាគមន៍ ក្នុងករណីនៅឡើយទេ ។  ក្រោយពីទទួល បានព័ត៌មាន ខាងលើនេះ ភ្នាក់ងារមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល បានព្យាយាមទូរស័ព្ទ ទៅកាន់ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង ប៉ុន្តែទូរស័ព្ទ របស់លោកស្នងការ ទាំងពីរខ្សែ មិនអាចទំនាក់ទំនងបាន ដោយឡែក លោក ស្នងការរងចំនួន ៣រូបទៀត ទូរសព័្ទចូល ប៉ុន្តែ មិនមាន អ្នកទទួល ។

សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ឈ្មោះ ទុយ មុំ រស់នៅជាមួយជីតា ក្នុងតំបន់១០៦ ភូមិតំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈពេលនេះក្រុមគ្រួសារ និង សាច់ញាតិរួម និងអ្នកភូមិបាន សំណូមពរដល់ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជួយអន្តារាគមន៍ ជាបន្ទាន់ ព្រោះវាសនា ក្មេងស្រីរូបនេះ អាចនិងមានគ្រោះថ្នាក់ បាត់បង់អាយុជីវិតដោយសារ វង្វេងផ្លូវក្នុងព្រៃ អត់អាហារ ឬជួបគ្រោះថ្នាក់ ដោយឧប្បត្តិហេតុផ្សេងៗ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]