រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានបញ្ជូនសព មកដល់កម្ពុជា កាលពីរម៉ោងជាង១សៀល ថ្ងៃទី១៩ តុលាម្សិលមិញនោះរួចមក សពលោក យង់ សុំ អ្នកបើកបរយន្តហោះជើងចាស់ នឹងត្រូវបូជានៅម៉ោង៩យប់ ថ្ងៃទី២០ តុលា ២០១៣ នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

គួរបញ្ជាក់ថា សពលោក យង់ សុំ ដែលស្លាប់ជាមួយនឹងមនុស្ស ៤៨នាក់ផ្សេងទៀត ដោយការធ្លាក់យន្តហោះ បណ្តាលមកពីអាកាសធាតុ ក្នុងខេត្តចំប៉ាសាក់របស់ប្រទេសឡាវ កាលពីរសៀលថ្ងៃទី១៦ តុលា ២០១៣ បានត្រូវគេរកឃើញនៅម៉ោង៤ និង៥៦នាទីរសៀលថ្ងៃទី១៨ តុលា ។

លោក យង់ សុំ ហៅសំ អាយុ៥៩ឆ្នាំ ជាអាកាសយានិករយៈពេល ៣០ឆ្នាំមកហើយ លោកមានកូន៣នាក់ (ស្រី២ប្រុស១) ។ លោកយង់ សុំ ធ្លាប់បានទៅសិក្សានៅអតីត សហភាពសូវៀតរយៈពេល៥ឆ្នាំ និងរៀនបើកបរយន្តហោះនៅប្រទេសបារំាង ៤ឆ្នាំផងដែរ ។

បើតាមក្រុមគ្រួសារសព លោក យង់ សុំ គឺនៅតែជាងមួយខែទៀតប៉ុណ្ណោះ នឹងបញ្ចប់កុងត្រាឈប់បម្រើការងារនៅក្រុមហ៊ុនឡាវ អ៊ែរឡាញនេះ និងត្រៀមធ្វើកុងត្រាថ្មីនៅពេលដ៏ខ្លីខាងមុខផងដែរ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]