ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជាអ្នករត់តាក់ស៊ី ត្រូវជនសង្ស័យ ៣នាក់ ធ្វើសកម្មភាពកាប់ប្លន់យករថយន្ត ១គ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី១៩ តុលា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ 59A ចំណុចភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ គង់ ឌីណា អាយុ ៤៤ឆ្នាំ រស់នៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង មុខរបរជាអ្នករត់តាក់ស៊ី ត្រូវជនសង្ស័យ ៣នាក់ ម៉ៅរថយន្តពីប៉ោយប៉ែត ចេញពីផ្ទះសំណាក់ សុខសាន្ត ទៅខេត្តបាត់ដំបង ក្នុងតម្លៃ ១៩ម៉ឺនរៀល លុះមកដល់ភូមិកើតហេតុខាងលើ ក៏ធ្វើសកម្មភាពកាប់មួយកាំបិត ទៅលើជនរងគ្រោះចំថ្ពាល់ស្តាំ រងរបួសធ្ងន់ ប្លន់យករថយន្តកាមរីឆ្លាម ពណ៌ស្ករ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2.2Q-6155 ហើយបើកគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចេញកម្លាំងស្ទាក់ឆែកឆេរតាមដងផ្លូវ ជនសង្ស័យក៏បានបើករថយន្តទៅដល់ភូមិ៩៣ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ហើយចតរថយន្តទុកចោលរត់គេចខ្លួនបាត់អស់។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញា ចំណែករថយន្តត្រូវសមត្ថកិច្ច នាំយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]