ខេត្តកោះកុង ៖ ​លោក​អ្នក​អាន​​បានទស្សនា​ឈុត​សាហាវនេះ ​ប្រាកដ​ជាក្តុក​ក្តួលរន្ធត់​ក្នុងចិត្ត​​​​ខ្លាំងណាស់ ​​ព្រម​ទាំង​​ មិនគាំទ្រ​នូវ​បុគ្គល​​មួយ​ក្រុមនេះ​ឡើយ ។ ទុក​ឱ្យ​​ច្បាប់ដោះស្រាយ​តាម​ការ ​គួរ​ទៅចុះ ដើម្បី​ឱ្យ​​រាង​ចាល​​ក្នុងជីវិត​របស់​គាត់ដែល​ធ្លាប់រស់នៅ​យ៉ាង ​ខ្ពង់ខ្ពស់​ និង​បរិ​បូរណ៍​គ្រប់វិស័យ​​​ មិនគួរ​ប្រព្រឹត្ត​​អំពើដែល​​ មនុស្ស​​ជាតិស្អប់ខ្ពើម​បែប​នេះឡើយ ។ គួរ​​កត់​សម្គាល់​​ថា អ្នកដែល​ត្រូវគេ ​វាយ​​ទាត់​ធាក់ គឺ​ជា​ជន​ដែល​​គ្មាន​កំហុស​សោះ ។​

ឥឡូវមន្ត្រី​យោធា​​ផ្កាយ​២មួយ​រូបនេះ ត្រូវ ​​គេ​ ស្គាល់​ថា ​​ជើង​ខ្លាំង​​រក​ស៊ី... ​នៅ​​ខេត្ត​ព្រះវិហារ ​​​និង​អង្គ​រក្ស​៣​នាក់ ត្រូវ​បាន​ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​​កោះ​កុង​លោកខាំ សុផារី ចេញ​ដីកា​ បង្គាប់​ឱ្យ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​នៅ​ពន្ធ​នា​គារ​​កាលពី​រសៀល​ថ្ងៃទី​ ២៥ មេសា ២០១២ បន្ទាប់ពី​លោក​​ផ្កាយ​​២​ម្នាក់​នេះ និង​អង្គរក្ស​​ច្រើន​នាក់ ​​វាយ​ដំ​ច្រំ​ធាក់​ទៅលើ​បុរស​៤​នាក់ ព្រមទាំង​យក​​​ដំបង​អគ្គិសនីមក​ឆក់​​សាហាវ​​ព្រៃ​ផ្សៃ​ ដោយ​សារ​រឿង​​ទៅគោះ​ ទ្វារ​បន្ទប់​សណ្ឋា​គារ​​ប្រពន្ធ​របស់​គាត់​ស្នាក់​នៅ​​ ហើយ​សួរ​រក​ខ្សែ.ក​ ​ដែល​បាត់​​ កាល​ពួក​គេ​ (ជន​រងគ្រោះ) ស្នាក់នៅបន្ទប់​សណ្ឋាគារ​នេះមុន  ភរិយា​​លោកផ្កាយ​​២​ចូល​ស្នាក់បន្ត (ភ្ញៀវ​មុនបាត់​ខ្សែ.ក) ។

​លោក​ផ្កាយ​​​២ ដែល​​​កាច​សាហាវ​ជាង​សត្វ​​ខ្លា និង​ តោនេះ ​​ឈ្មោះ​ប៊ុន សុខា អាយុ​៣៨​ឆ្នាំ ​អតីត​ជំនួយ​ការស​​សម្តេច​នាយករ​ដ្ឋ ​មន្ត្រី និង​ជា​នាយ​រង​សេនា​ធិការ​ កងអង្គរក្ស , ចំណែក​​បរិ​វា​រ​៣​នាក់​ ទៀត​ឈ្មោះ​ស៊ុំ វាសនា អាយុ​៣៧​ឆ្នាំ, ម៉េង ឈាងលី អាយុ​២១​ឆ្នាំ​ អ្នកទាំង២​ ជាអង្គ​រក្សលោក​ផ្កាយ​២​ផ្ទាល់ និង​ឈ្មោះ​ស៊ុំ ឆាយា ​អាយុ​២៥​ឆ្នាំ ជា​អ្នក ​បើកបរ​​ជូនលោក​ផ្កាយ២... បច្ចុប្ប​ន្ន​​ពួក​គេ​ទាំង​៤​នាក់ កំពុងដេក និង​ សម្រាក​ក្នុង​គុក​នៅ​ខេត្ត​កោះកុង ។

ចំណែក​ភរិយា​​​​លោក​ផ្កាយ២​​​​ឈ្មោះ​ឡុង ​គឹមណាំ   អាយុ​៣៣​ឆ្នាំ ។ ដើម​​ចម​នៃ​រឿង​​ហិង្សា​ឃោរឃៅនេះ ​គឺ​ពួក​ជនរងគ្រោះ​​មាន​​ សន្តិសុខ​​សណ្ឋាគារ​បានទៅ​គោះ​ទ្វារ​​ភរិយា​​លោក​ផ្កាយ​២ ... ​សុំ​ចូល​ទៅ​ រក​ខ្សែ.ក​​ដែលបាត់ ឬ​​ភ្លេច​ ក្នុង​នោះ​ មួយ​លើក​ជសាពីរ​លើក ធ្វើ​ឱ្យ​ ភរិយា​​​​របស់​លោក​ផ្កាយ​២ ប៊ុន សុខា ខឹង​តូង ទូរស័ព្ទ​​ទៅ​ប្រាប់ប្តី​ អំពីរឿង​​ហេតុ ទើប​ប្តី​និងអង្គរក្ស​មក​ដល់ ចាប់ពួក​ជនរងគ្រោះ​​វាយទាត់​ ធាក់ វាយ​ដំ​ច្រំ ធាក់ ឃោរឃៅតែម្តង ។

តាម​មតិ​ អ្នកតាមដាន​សាច់រឿង​ហិង្សា​នេះ ​បាន​ លើកឡើងថា លោកស្រី​ភរិយា​​លោក​ផ្កាយ​២​ គួរ​ត្រូវ​​​​ចាប់​យក​ទៅ​សម្រាក​ ក្នុង​គុក​ដែរ ទើប​​​សម ព្រោះ​រឿង​ហេតុ​ផ្តើម​​ចេញ​ពី​គាត់ បើ​ពិត​មែនតែ​ គាត់ មិនបាន​វាយ​ដំ​ទៅ​លើ​ជនរងគ្រោះ​​ក៏ដោយ ក៏គាត់ជាប់ពាក់ព័ន្ធសម​គំនិត​ ដែរ ដោយ​ហេតុថា ​មិន​ដឹង​ជា​គាត់​​និយាយញុះញង់​​ប្តី​របស់គាត់ (លោក​ផ្កាយ២)  យ៉ាងម៉េច? ទើប​​ធ្វើ​ឱ្យ​លោកប៊ុន សុខា ផ្កាយ​២ ពុះពោរកញ្ជ្រោល​ទៅ​ដោយ​ ហិង្សា​ វាយ​ទាត់​ធាក់​ស្រេច​​ចិត្ត​បែប​នេះ... មិន​តែប៉ុណ្ណោះ ​បើ​មើល​​ តាម​រូប​ភាព​​វីដេអូ​​ឃ្លីប​វិញ​ ឃើញ​ភរិយា​លោក​ផ្កាយ​២​រូប​នេះ ចង្អុល​ ជនរងគ្រោះ​មុខ​ក្រោយ​ចុះឡើង ហាក់ដូច​ពន្យុះ​ប្តី​ថែម... ដូច្នេះ​ត្រូវ​ឃាត់ ​ខ្លួន​ពីបទ​សមគំនិត ទើប​ត្រឹមត្រូវ ។

រឿង​​ហេតុ​​វាយដំច្រំ​ធាក់​​ទៅ​លើ​បុរស​៤​នាក់ ​ក្នុង​នោះ​​មាន​មន្ត្រី​ប៉េអឹម និង​​សន្តិ​​សុខ​សណ្ឋា​គារ​ផង​នោះ បាន​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​​១១​និង​ ៤០​នាទី​​យប់​ថ្ងៃទី​​២២ មេសា ​២០១២ ​ហើយ​នៅ​យប់​ដដែល​នោះ​លោក​ផ្កាយ​២ ប៊ុន សុខា ​បាន​ចាប់​បុរស​៤​នាក់ ដែល​ខ្លួន​សង្ស័យ​​ថា មាន​គម្រោង​​មិន​ស្រួល​នោះ​ប្រគល់​ជូន​ប៉ូលិស ។ ​លុះព្រឹក​ឡើង​ថ្ងៃទី​​២៣ មេសា ២០១២ ​បុរស​៤នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​នៃ​ ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​កោះ​កុង ​ចោទ​ប្រកាន់​​ពី​បទ​ធ្វើ​ទារុណ​កម្ម ឬ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ ដោយ​មានរូប​ ភាព​ខ្សែ​​​អាត់​វីដេអូ (វីដេអូ​ឃ្លីប) ជា​ភស្តុ​តាង​បញ្ជាក់​ពី​សកម្ម​ភាព​វាយ​ដំ​ច្រំ​ធាក់​ផង​ដែរ ។

ថ្ងៃ​ទី២៤ មេសា ២០១២ ​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​ខេត្ត​កោះ​កុង ​បាន​ហៅ​លោក​​​ផ្កាយ​​២ ដែល​​នាំ​​ភរិយា​​ទៅវិស្សមកាល​នៅ​ខេត្ត​កោះ​កុង​នោះ ​​ទៅ​សាក​សួរ​ជុំវិញ​រឿង​​វាយ​ដំ​ច្រំ​ធាក់​ព្រៃ​ផ្សៃ​​ ដោយ​ប៉ូលិស​សំអាង​​ទៅលើ​ភស្តុ​តាង​​ខ្សែ​អាត់​វីដេអូ​របស់​សណ្ឋា​គារ​ដែល​ មើល​ទៅ​ឃើញ​សកម្ម​ភាព​វាយ​ដំ​ច្រំធាក់​​​សាហាវ​គួរ​ឱ្យ​ញាក់​សាច់ ។ ​រហូត​ដល់​ថ្ងៃទី២៥ មេសា ​២០១២ ​វេលា​រសៀល​​បន្តិច​ទៅ​ហើយ ​ចៅក្រម​ សាលាដំបូង​ខេត្ត​កោះ​កុងរិះ​រក​មធ្យោ​បាយ​​ជួយ​លោក​ផ្កាយ​​២ មិន​​បាន ​ដោយ​សារ​តែ​ឃើញ​ខ្សែ​អាត់​វីដេអូ​​បង្ហាញពី​​សកម្ម​ភាព​វាយ​ដំ​ ច្រំធាក់​ព្រៃ​ផ្សៃ​ជាក់​ស្តែង​​ពេក​ក៏​សម្រេចចេញដីកា​បង្គាប់​ឱ្យ​ឃុំ​ ខ្លួន​លោក​ផ្កាយ​២ បណ្តោះ​អាសន្ន​​នៅ​​ពន្ធនាគារ​​តែ​ម្តង ។

តាម​​ប្រភពព័ត៌មាន​​ពី​មន្ត្រី​​​ស្និទ្ធ​នឹង​លោក​ ផ្កាយ​​២ ប៊ុន សុខា បានឱ្យ​ដឹងថា ​ភ្លាមៗ​នោះ​​លោក​ផ្កាយ​២ បាន​សុំ​ខាង​​ តុលាការ​​តម្កល់​ប្រាក់​​រាប់​សិបម៉ឺនដុល្លារ ដើម្បី​បាននៅ​​ក្រៅឃុំ  ប៉ុន្តែ​​​​ខាង​តុលាការ​​​ជួយមិនបាន ។ ​​មិន​តែប៉ុណ្ណោះ ​​ខាង​លោក​ផ្កាយ២​  បានទៅ​និយាយ​សុំ​ផ្តល់​​សំណង​ដល់​​ជនរង​គ្រោះ​​ទាំង៤​​ ក្នុងម្នាក់ៗ​ ១៥.០០០ដុល្លារ ដើម្បី​​បញ្ចប់​រឿង​ ប៉ុន្តែ​​​ខាង​ជនរងគ្រោះ​​​មិនព្រម ​ ដោយទុក​​ឱ្យ​ច្បាប់​​​ចាត់​ការ ។

មក​ដល់​ថ្មីៗនេះ​ទៀត ​​តាមប្រភព​​មួយច​ំនួន ​​បាន​ឱ្យ ​ដឹងថា ​បក្សពួក​​ក្រុមគ្រួសារ​​​​របស់​លោក​ផ្កាយ​២​ប៊ុន សុខា ​កំពុងរវល់​​ ​​ញាប់ដៃ​ញាប់ជើង ​ រត់​ការ​ធ្វើយ៉ាង​​ណា​សុំឱ្យ​​​លោក​ផ្កាយ​​២​រូបនេះ ​ រស់នៅ​ក្រៅឃុំ ប៉ុន្តែ​មិន​​ទាន់​មាន​លទ្ធផល​វិជ្ជ​មាន​​​​សម្រាប់​​លោក​ ផ្កាយ​​​២​នៅ​ឡើយ ។ ក្រុម​​អ្នក​ច្បាប់​​លើក​ឡើង​ថា ទោះ​តម្លៃ​​​ណា​ក៏ដោយ ​ មិន​ត្រូវ​ឱ្យ​មនុស្ស​សាហាវ​ដូច​​លោក​ផ្កាយ​២ ប៊ុន សុខា ស្ថិត​នៅ​ក្រៅឃុំ​ នោះទេ ព្រោះ​ដូច​ជា​​​​​លែង​ខ្លា​ឱ្យ​ចូលព្រៃ... ​ម្យ៉ាង​​ធ្វើ​បែបនោះ ហាក់ ​ផ្តល់​ឱកាស​ឱ្យគាត់​​បង្កើន​​ឥទ្ធិពល​គំរាម​ជនរងគ្រោះ តាម​រូបភាព​ណាមួយ  ព្រោះគាត់ជា​​មនុស្ស​សាហាវ​ស្រាប់ ។

​កោះសន្តិភាព​​​នឹង​តាម​​ដាន​ការ​ប្រែប្រួល​នៃ​សំណុំ​ រឿង​អំពើ​ឃោរឃៅ​របស់​លោក​ផ្កាយ​​​២ ប៊ុន សុខា ​​នេះ រហូតដល់​​ទីបញ្ចប់​​  និង​ផ្សាយ​ជូន ​​នៅពេលក្រោយៗ​ទៀត ... ៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]