កំពង់ឆ្នាំង៖ កុមារាកំព្រាវ័យ១៣ម្នាក់ រស់នៅ ជាមួយដូនចាស់ ត្រូវរថយន្តបុករងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈត្រឡប់ ពីរាយមង និងស្ទួចត្រី កាលពីព្រលប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិភ្លុកយល់ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចម្ងាយជាង ៦៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

លោក ខ័ណ្ឌ សុផល ដែលបានឃើញហេតុការណ៍គ្រោះថ្នាក់នេះ បានឲ្យដឹងថា កុមារារងគ្រោះ ឈ្មោះ ធុន ឈាង អាយុ ១៣ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហេតុ ជាក្មេងកំព្រារស់នៅជាមួយជីដូនចាស់ជរា។

លោកបានឲ្យដឹងទៀតថា នៅរសៀលថ្ងៃកើតនោះ កុមារារងគ្រោះដ៏កម្សត់នេះ បានជិះកង់ទៅដាក់មង និងស្ទូចត្រី នៅកន្លែងកើតហេតុ។ លុះដល់ពេលព្រលប់កុមារារូបនេះ បានរៀបចំទុកដាក់សម្ភារៈ និងយកត្រីត្រឡប់ទៅផ្ទះតែ ជាអកុសល ពេលកំពុងជិះកង់ ស្រាប់តែរថយន្តមិនស្គាល់ម៉ាក បានបុកក្មេងប្រុសនោះ ផ្លោងជាច្រើនម៉ែត្រ ដួលបោកក្បាល រយះហូរឈាមនៅលើថ្នល់ស្តូកស្តឹង។ រីឯកង់វិញប៉ើងធ្លាក់ទៅក្នុងទឹក។

លោក ខណ្ឌ័ ចន្ទ័សុផល បានថ្លែងបន្ថែមទៀតថា ដោយឃើញសភាពកុមារារងរបួសធ្ងន់ធ្ងរនោះ រូបលោក និងក្រុម គ្រូពេទ្យសគ្ម្រ័ចិត្តប្រចាំខេត្តបាត់ដំបង របស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង ដែលបានធ្វើដំណើតាមផ្លូវជាមួយគ្នា នោះ ឈប់រថយន្ត និងជួយលើកមកលើផ្លូវ ព្រមទាំងជួយសង្រ្គោះបឋមភ្លាមៗ ពីក្រុមគ្រូពេទ្យសគ្ម្រ័ចិត្ត ដែលដឹក នាំដោយលោក វេជ្ជបណ្ឌិត អ៊ិន សុន្ទរ៉ា ដោយជូតលាងសំអាតមុខរបួស និងដេរក្បាល ។

ក្រោយពេលជួយសង្រ្គោះបានមួយសន្ទុះក្រុមអ្នកភូមិជាច្រើន បានមកមើល និងសម្តែងចិត្តរីករាយត្រេកអរយ៉ាងខ្លាំង ដោយឃើញក្រុមគ្រូពេទ្យសគ្ម្រ័ចិត្ត បានជួយកុមារអភ័ព្វរូបនេះ បានទាន់ពេលវេលា។

ចំណែកជីដូនចាស់របស់កុមារារងគ្រោះវិញ បានមកស្រែកយំឱបចៅដោយក្តីអាណិតអាសូរជាពន់ពេក ពេលឃើញចៅប្រុសរបស់គាត់រងរបួសធ្ងន់ធ្ងរបែបនេះ។

លោក សុផល ក្រៅពីជួយសង្រ្គោះក្មេងរបួសរងគ្រោះហើយនោះ ក៏បានឧបត្ថម្ភថវិកា ១០ដុល្លារ ផងដែរ។ បន្ទាប់ពីបានដេរមុខរបួសរួចរាល់ហើយ ក្រុមគ្រូពេទ្យ បានជូនកុមារារងគ្រោះ និងជីដូនដល់គេហដ្ឋាន និងជូនថ្នាំឲ្យទុក លេបជាច្រើនថ្ងៃ ព្រមទាំងផ្តែផ្តាំថា បើកុមារារងគ្រោះមានអាការៈមិនស្រួលឲ្យប្រញាប់បញ្ជូន មកពេទ្យគុន្ធបុប្ផានៅ ភ្នំពេញ ដោយគេព្យាបាលមិនយកលុយកាក់ឡើយ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]