ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបង្កឡើងដោយ ម៉ូតូជនបរទេស បណ្តាលឲ្យមនុស្សចំនួន ៣នាក់ រងរបួសធ្ងន់ស្រាល នៅចំណុចមុខហាងយូតូភៀ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង ៨ និង ១៥នាទី យប់ថ្ងៃទី១០ តុលា ២០១៣។

តាមការឲ្យដឹងពីសមត្ថកិច្ចប៉ូលិសចរាចរណ៍ថា គ្រោះថ្នាក់នេះ បង្កឡើងដោយម៉ូតូម៉ាកហុងដា she down ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1E-0600 បើកបរដោយជនបរទេសឈ្មោះ GAFAROV ALEYANWDER ភេទប្រុស អាយុ ៣៨ឆ្នាំ ជាជនជាតិរ៉ុស្ស៊ី បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបើកទៅបុកម៉ូតូជនជាតិខ្មែរ ម៉ាកវ៉េវឆ្លាម ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1C-3047 ឌុបគ្នា ៣នាក់ ប្តីប្រពន្ធ និងកូន បណ្តាលឲ្យស្ត្រីជាប្រពន្ឋឈ្មោះ ញ៉ែម សោភ័ណ្ឌ អាយុ ៣១ឆ្នាំ រងរបួសធ្ងន់ ឯកូនប្រុសឈ្មោះ សួន ចិត្រា ភេទប្រុស អាយុ ៥ឆ្នាំ រងរបួសស្រាល និងប្តីឈ្មោះ សួន រុន អាយុ ៣០ឆ្នាំ រងរបួសបន្តិចបន្តួច អ្នកទាំង៣ រស់នៅក្រុមទី១២ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

តាមសាក្សីបាននិយាយថា នៅមុនកើតហេតុគេបានឃើញម៉ូតូ ១គ្រឿង បើកឡើងមកផែទេសចរណ៍ពយតាមូង ដោយមានឌុបប្រពន្ធ និងកូនប្រុសម្នាក់ ខណៈពេលបើកមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូជនបរទេស ១គ្រឿង បើកក្នុងទិសដៅឡើងពីតោពីរ បុកយ៉ាងពេញទំហឹង (ខាងស្តាំដៃរបស់ម៉ូតូជនជាតិខ្មែរ) បណ្តាលឲ្យប្តីប្រពន្ធ និងកូន ខ្ទាតចេញពីម៉ូតូរងរបួសស្រាល ឯស្ត្រីជាប្រពន្ធរបួសធ្ងន់បែកមុខបែកមាត់។

បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាល នៅគ្លីនិកឯកជនរស្មីកំពង់សោម ចំណែកម៉ូតូទាំង ២គ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោកខេត្ត ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]