ភ្នំពេញ៖ របាំងថ្មចែកទ្រូងផ្លូវចំនួន ៦ កង់ ស្ថិតនៅមុខ ធនាគារកាណាឌីយ៉ា ផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ ២៦១ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌ ទួលគោក ត្រូវរងការខូចខាតបាក់បែកខ្ទេចខ្ទី ដោយសារជនជាតិចិនម្នាក់បើក រថយន្តទាំងស្រវឹង ក្នុងល្បឿនលឿន រេចង្កូត ជ្រុលបុករះ កាលពី វេលាម៉ោង ២៤ និង ១០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៣ ។

មន្រ្តីនគរបាល ចរាចរណ៍ បានឲ្យដឹងថា អ្នកបើកបរ រថយន្តខាងលើ ជាជនជាតិចិន មានឈ្មោះ ឌី ជៀងក័រ ភេទប្រុស អាយុ ៥៤ ឆ្នាំ ស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែករថយន្តបង្ក ម៉ាកមែកសឺដេស ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L 9688 ។

នគរបាលចរាចរណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជន ជាតិចិនរូបនេះ បានបើកបរ រថយន្តមែកសឺដេស មួយគ្រឿង ក្នុងល្បឿន យ៉ាងលឿន តាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ដោយសារតែជនជាតិចិន ម្នាក់នេះ ស្ថិតក្នុងសភាព ស្រវឹងស្រា បានរេចង្កូត ទៅបុករះរបាំងថ្ម ចែកទ្រូងផ្លូវ បាក់អស់ ចំនួន ៦ កង់ទាំងកម្រោលតែម្តង បណ្តាលឲ្យអ្នកបើកបរ រថយន្តរងរបួសបែកមុខ នឹង រថយន្តរងការខូចខាតគាប ជាប់របាំងថ្មបន្តដំណើរទៅមុខលែងរួច ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយកើតហេតុរថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការ វាស់វែងអូសយកទៅរក្សាទុក នៅការិយា ល័យចរាចរផ្លូវគោករាជធានី ភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ គ្រោះថ្នាក់នេះ សមត្ថកិច្ចបញ្ជាក់ថា បង្កឡើង ដោយសារជនជាតិចិន ស្ថិតក្នុងសភាព ស្រវឹងខ្លាំងពេក រួមទាំងបើករថយន្ត លឿន ទើបបណ្តាលឲ្យរេ ចង្កូតបុករះរបាំងថ្ម ទាំងកម្រោលតែម្តងទៅ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]