ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់បានសន្លប់បាត់ស្មារតី នៅកណ្តាលថ្នល់ ដោយសារមានឈាមហូរ ចេញពីក្បាលផ្នែកខាងក្រោយ ហើយសមត្ថកិច្ចបានដាក់ការសង្ស័យថា អាចជាករណីវាយប្លន់យកម៉ូតូ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ តុលា នៅចំណុចផ្លូវបំបែក គល់ស្ពានសេកុង ក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។

មន្ត្រីសមត្ថកិច្ចនៅកន្លែងកើតហេតុប្រាប់ថា  យុវជនម្នាក់នេះមិនដឹងថា ត្រូវគេវាយតាំងពីថ្មើរណា និងធ្វើដំណើរពីណាទៅណានោះទេ ហើយការពិនិត្យនៅកន្លែងកើតហេតុ ឃើញមានដំបងបាក់ចំនួនពីរកំណាត់ ឫស្សីមួយដើមប្រវែងជិតបីម៉ែត្រ និងស្បែកជើងខុសគ្នាបីចំហៀង និងនៅក្បែរជនរងគ្រោះ មានសីុមទូរស័ព្ទមិត្តហ្វូនមួយ ដែលត្រូវដោះបោះចោល ។

ប្រជាពលរដ្ឋដែលមានលំនៅឋានម្តុំនោះ បានឮសំឡេងម៉ូតូប្រដេញគ្នា និងឮសំឡេងវាយវាត់តែមិនបានដឹងថា មនុស្សវាយគ្នារហូតដួលសន្លប់នោះឡើយ ។ តាមមន្ត្រីសមត្ថកិច្ចសន្និដ្ឋានថា បើមិនមែនជាការវាយប្លន់ម៉ូតូទេ ជនរងគ្រោះអាចនឹងដួលម៉ូតូ ហើយត្រូវពួកឆ្លៀតឱកាសយកម៉ូតូ និងរបស់របររបស់ជនរងគ្រោះ ។

ឯមួយទៀតក៏អាចជារឿងគំនុំ ទើបឈានដល់ការវាយរហូត ស្ទើរស្លាប់ស្ទើររស់បែបនេះ និងមួយទៀតអាចជាករណីវាយប្លន់យកម៉ូតូ ព្រោះនៅចំណុចកើតហេតុយប់ងងឹត ចំណែកភ្លើងនៅតាមដងផ្លូវ និងអំពូលភ្លើងនៅលើស្ពាន ក៏ត្រូវបិទអស់ដែលអាចបង្កឱ្យមានភាពងាយស្រួល ក្នុងការធ្វើសកម្មភាពល្មើស ខណៈមានការឆក់ឱកាសក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ពេលយុវជនខាងលើ ធ្វើដំណើរត្រឡប់ពីកម្សាន្តនៅតាមវត្តអារាម ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់សើុបអង្កេតដឹងថា ជាករណីវាយប្លន់យកម៉ូតូឬជារឿងគំនុំឱ្យប្រាកដនៅឡើយទេ ។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]