ខេត្តសៀមរាប ៖ អាជ្ញាធរខេត្ត និងអាជ្ញាធរអប្សរា បានកំពុងសហការគ្នាយ៉ាងដុតដៃដុត ជើងក្នុងការជួសជុលទំនប់ទឹកតាកាវឡើងវិញ បន្ទាប់ពីបានបាក់ដោយសម្ពោធជំនន់ទឹកភ្លៀង កាលពីយប់ថ្ងៃទី០៥ តុលា ២០១៣ កន្លងទៅ បណ្តាលឲ្យផ្ទះប្រជា ពលរដ្ឋយ៉ាងតិច ៥ពាន់ខ្នង ក្នុងសង្កាត់ចំនួនពីរ គឺសង្កាត់គោកចក និងសង្កាត់ស្រង៉ែ ស្ថិតក្នុងសភាពត្រាំទឹករងការខូចខាត។

លោកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹង នៅរសៀលថ្ងៃទី០៧ តុលា នេះថា លោកបានបញ្ជូនកម្លាំងប៉ូលិស កងរាជអាវុធហត្ថ និងទាហាន ចំនួន ២៥០នាក់ ទៅសហការជាមួយកម្លាំងអាជ្ញាធរអប្សរា ដើម្បីទប់ទំបន់តាកាវ ដែលបានបាក់ដោយសារ ជំនន់ទឹកភ្លៀងនោះ ឡើងវិញហើយ កាលពីព្រឹកមិញនេះ។

លោកបានបញ្ចាក់បន្ថែមថា ការជួសជុលទំនប់នោះ អាចអូសបន្លាយ រយៈពេលយ៉ាងតិច ក៏ពីរថ្ងៃដែរ ព្រោះកន្លែងបាក់មានទំហំធំ រហូតដល់បណ្តោយ ២០ម៉ែត្រ ឯណោះ បើយើងទប់ទំបន់នោះ បានដូចដើមវិញ ក្រុងសៀមរាប នឹងពុំមានបញ្ហាជំនន់អ្វីទេ។

គួរបញ្ចាក់ថា ទំបន់តាកាវ ស្ថិតនៅជាប់ខ្លោងទ្វារតាកាវ (ខាងលិច) នៃរាជធានីអង្គរធំ ក្នុងភូមិគោកតាចន្ទ័ សង្កាត់គោកចក ក្រុងសៀមរាប ដោយសារតែមិនអាចទប់សម្ពោធទឹក ដែលមានចំនួនរាប់លានម៉ែត្រគូបបាន ក៏បាក់ទាំងកម្រោលក្នុងទំហំមុខកាត់ប្រមាណ ២០ ម៉ែត្រ កាលពីយប់ថ្ងៃទី០៥ តុលា។ ភ្លាមៗ មន្ត្រីសាលាខេត្តសៀមរាប បានអះអាងថា យ៉ាងហោចណាស់លំនៅដ្ឋានជាង ២០០ខ្នង នៅភូមិគោកតាច័ន្ទ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានលិចទឹក ហើយក្រោយមកទឹកបានហូរយ៉ាងគំហុក ជន់លិចស្ទើរទាំងសង្កាត់គោកចក ទាំងមូល និងឆ្លងកាត់ផ្លូវជាតិលេខ៦ ម្តុំភូមិវប្បធម៌ទៅលិច សង្កាត់ស្រង៉ែ  ហើយបង្កការប៉ះពាល់លំនៅដ្ឋានប្រមាណ ៥០០គ្រួសារ។

លោក ប៊ុន ណារិទ្ធិ អគ្គនាយកអាជ្ញាធរអប្សរា បានមានប្រសាសន៍ថា ទំបន់តាកាវ ដែលរងនូវការបាក់នោះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចៀស ទឹកចេញពីស្ទឹងសៀមរាប ចូលទៅបារាយខាងលិច ប៉ុន្តែ ដោយសារតែចំនួនទឹកហូរចូលច្រើន ហើយទ្វារបញ្ចេញទឹកសំខាន់ៗ ចំនួនបី ដែលគ្រប់គ្រងដោយមន្ទីរធនធានទឹកខូចទើបធ្ វើឲ្យទឹកចាល់រហូតបាក់បែបហ្នឹង។

ទន្ទឹមនឹងនោះ នៅមានស្រុកយ៉ាងតិចចំនួន ៦ ត្រូវបានជន់លិច ដូចជា ស្រុកអង្គរធំ ស្រុកវ៉ារិន ស្រុកអង្គរជុំ ស្រុកពួក ស្រុកក្រឡាញ់ ស្រុកស្រីស្នំ ជីក្រែង ដែលធ្វើឱ្យប៉ះពាល់ដល់គ្រួសារ ដំណាំ  ស្រូវ និងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋមួយចំនួន។

កាលពីព្រឹកថ្ងៃទី០៧ តុលា នេះដែរ លោកទេសរដ្ឋមន្ត្រី ញឹម វ៉ាន់ដា បេសកជនពិសេសទទួលបន្ទុក អនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងដំណើរចុះមកពិនិត្យគ្រោះទឹកជំនន់នៅខេត្តសៀមរាប បានមានប្រសាសន៍ថា គ្រោះទឹកជំនន់ក្នុងឆ្នាំ២០១៣ មានទំហំខូចខាតប្រមាណ ៥០ភាគរយ ធៀបនឹងគ្រោះទឹកជំនន់ឆ្នាំ២០១១ កន្លងទៅ។

លោកបានបន្ថែមថា ទឹកជំនន់ឆ្នាំនេះ បានបង្កឡើងទាំងជំនន់ទឹកទន្លេមេគង្គ និងភ្លៀងរដូវវស្សា ដោយបានធ្វើឲ្យប៉ះពាល់ ដល់រាជធានី/ខេត្ត ចំនួន ១៣ មានស្រុក-ក្រុង ចំនួន ៨០ ឃុំជិត ៤០០ ដោយបានធ្វើឲ្យប្រជាជនរងគ្រោះប្រមាណ ៧សែននាក់។

លោកក៏បានបង្ហាញអំពីចំនួនខូចខាតថា គិតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ មានចំនួនរហូត ៨៣នាក់ ស្រ្តី ៣០នាក់ និង ៤០នាក់ ជាកុមារអាយុត្រឹម ១-២ឆ្នាំ ក្រៅពីនោះ នៅមានផ្ទះប្រជាពលរដ្ឋជាង ១សែនខ្នង បានខូចខាត ៦៨ខ្នង ខូចខាតទាំងស្រុង។ ដោយឡែក នៅមានអគារសាធារណៈជាច្រើន ក៏រងការប៉ះពាល់ដែរ រួមមាន សាលារៀនចំនួន ៧៦០សាលា វត្តអារាម ចំនួន ៣៦០ មណ្ឌលសុខភាព ចំនួន ៣៥០។ បន្ថែមពីលើនោះ មានដំណាំស្រូវ ១២ម៉ឺនហិកតា ដំណាំរួមផ្សំ ចំនួន ៧ម៉ឺនហិកតា ផ្លូវជាតិ ៤៩គីឡូម៉ែត្រ ផ្លូវលំក្រាលគ្រួសក្រហម ចំនួន ១២០គីឡូម៉ែត្រ ស្ពានលិចទឹក ចំនួន ១០០ ផងដែរ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]