ភ្នំពេញ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានចេញ នូវវិធានការយ៉ាងតឹងរឹង ឲ្យកម្លាំងនគរបាលទាំងអស់ យកចិត្តទុកដាក់ពង្រឹងសន្តិសុខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជួយសម្រួលចរាចរនៅតាមដងផ្លូវ និងការការពារប្រជាពលរដ្ឋពី គ្រោះទឹកជំនន់ ពិសេសសន្តិសុខសណ្តាប់ធ្នាប់ទូទៅក្នុងប្រទេសកម្ពុជា។

លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ថា ស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវត្រៀមកម្លាំងនៅតាមដងផ្លូវទាំងអស់ ពិសេសច្រកចេញចូលរាជធានីភ្នំពេញ និងទីរួមខេត្ត ត្រូវជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋឲ្យបានល្អកុំឲ្យកកស្ទះ។

លោកបន្តថា សមត្ថិកិច្ចត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ព្រោះ ក្នុងពិធីបុណ្យនេះពួកគាត់មានការជួបជុំប្រមូលផ្តុំគ្នានៅទីវត្តអារាម ដែលជាឱកាសងាយស្រួលដល់ជនល្មើសធ្វើ សកម្មភាព។ ជាមួយគ្នានេះនៅតាមរមណីយដ្ឋាន ក៏ត្រូវពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋផងដែរ ពិសេសការអប់រំ ដល់ប្រជាពលរដ្ឋឲ្រចេះប្រុងប្រយ័ត្នខ្លួន។

លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បន្តទៀតថា ជំហានបន្ត គឺធ្វើយ៉ាងណាកាត់បន្ថយភាពអសកម្មរបស់អាជ្ញាធរក្នុងការយកប្រាក់ពីប្រជាពលរដ្ឋ ដោយមិនឲ្យអាជ្ញាធរយកប្រាក់ពីប្រជាពលរដ្ឋនោះទេ ហើយបើប្រជាពលរដ្ឋធ្វើ ខុសត្រូវផាកពិន័យតាមផ្លូវច្បាប់ ដោយប្រើវិក្កយបត្រ ឬបង់ការផាកពិន័យតាមប្រព័ន្ធធនាគារ ដើម្បីជៀសវាងការ ទទួលប្រាក់ពីប្រជាពលរដ្ឋ។

ទាក់ទងទៅនិងទឹកជំនន់វិញ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា នគរបាលត្រូវសហការជា មួយអាជ្ញាធរដែនដី ដោយត្រូវពង្រឹងសន្តិសុខ និងត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋ ជម្លៀសចេញពីគ្រោះទឹកជំនន់។ ទន្ទឹមនិងការជួយជម្លៀសប្រជាពលរដ្ឋទៅទីទួលមានសុវត្ថិភាព នគរបាលត្រូវមានវិធានការការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋផងដែរ៕



 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]