កាលពីវេលាម៉ោង ១និង៥នាទី រសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ កម្លាំងអ.ហ ស្នាក់ការសន្តិសុខ ៧៨២ សហការ ជាមួយកម្លាំង នគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី ស្ទាក់ចាប់ បានរថយន្ត ដឹកឈើប្រណិត ខុសច្បាប់មួយគ្រឿង តាមបណ្តោយផ្លូវជាតិ ៧៨ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ប្រភពព័ត៌មានពីមន្ត្រីអ.ហ ស្នាក់ការសន្តិសុខ ៧៨២ ប្រាប់ឲ្យដឹងថា ដោយមានសេចក្តីរាយការណ៍ពី បណ្តាញ កម្លាំងសម្ងាត់ ថាមានរថយន្តគួរឲ្យសង្ស័យបន្លំដឹកឈើប្រណិត ទៅលក់នៅប្រទេស វៀតណាម ខណៈនោះកម្លាំង អ.ហ ស្នាក់ការសន្តិសុខ សហការជាមួយកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តស្ទាក់ចាប់រថយន្ត ខាងលើ ។ ប៉ុន្តែអ្នកបើករថយន្តនោះ មិនបានឈប់ឲ្យត្រួតពិនិត្យ នោះទេថែមទាំងបើករថយន្ត រត់ថែមទៀតផង ទើបក្រុមសមត្ថកិច្ច យករថយន្ត ចំនួន៣គ្រឿងដេញតាមក្រោយហើយ រថយន្តដឹកបទល្មើស នោះមិនឈប់ទេ ហើយ ថែមទាំងបើកបំបុក រថយន្តមន្ត្រីអ.ហ បណ្តាលឲ្យខ្ទេចមួយកំណាត់ខាងមុខទៀតផង ។

ប្រភពព័ត៌មានខាងលើ បន្តទៀតថាបន្ទាប់មករថយន្ត ផ្ទុកបទល្មើសនោះ ត្រូវកម្លាំងសមត្ថកិច្ច ចាប់ជាប់រួចបានធ្វើ ការត្រួតពិនិត្យ ឃើញឈើប្រណិត ប្រភេទធ្នង់ ចំនួន៨សន្លឹក និងកាំភ្លើងខ្លីម៉ាក K59 មួយដើម មានគ្រាប់ចំនួន៨ ។ សមត្ថកិច្ចបន្ថែមទៀតថា អ្នកបើករថយន្តដឹកបទល្មើសនេះ មានឈ្មោះ សេង កីឡា ហៅពៅមានមុខរបរជាមន្ត្រី នគរបាល ក្នុងអង្គភាពវរការពារ ព្រំដែនគោកលេខ ៦២៣ ។

បច្ចុប្បន្នរថយន្តដឹកបទល្មើស និងឈើប្រណិត ចំនួន៨សន្លឹក ប្រគល់ទៅឲ្យជំនាញ រដ្ឋបាលព្រៃឈើ ផ្នែកបរកែវ ។ ចំណែកឯម្ចាស់រថយន្ត រួមទាំងអាវុធខ្លី ត្រូវបានកម្លាំងអ.ហ សន្តិសុខ៧៨២ បញ្ជូន មកកាន់ បញ្ជាការអ.ហ ខេត្ត រតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ចែងតាមច្បាប់ ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃក្រុមឈ្មួញរកស៊ីឈើប្រណិត ខុសច្បាប់គេសង្កេតឃើញថា ភាគច្រើន សមត្ថកិច្ច ជាអ្នករកស៊ីតែម្តង៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]