រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋ ព័ន្ធចាប់បាននៅលើដំបូលផ្ទះ ខណៈដែលយុវជនរូបនោះ រួមនិងបក្ខពួកម្នាក់ទៀតធ្វើសកម្មភាព បម្រុងលួចកង់របស់គេ តែត្រូវគេទាន់ក៏ស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យភ័យរត់ឡើងលើ ដំបូលផ្ទះផ្លោះពីមួយទៅផ្ទះមួយទៀត ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋរាប់រយនាក់ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០២ តុលា ២០១៣ នៅចំណុចវិហារអ៊ីស្លាមគីឡូម៉ែត្រលេខ៨ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្ស៊ីកែវ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភារុណ អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះជួលនៅព្រែកព្នៅ ខណ្ឌសែនសុខ និងមានបក្ខពួកម្នាក់ទៀត (រត់គេចខ្លួនបាត់) មកបម្រុងលួចកង់គេ តែត្រូវប្រជាពលរដ្ឋទាន់ ក៏ផ្អើលព័ន្ធចាប់បាននៅលើដំបូលផ្ទះបានម្នាក់វាយខ្នោះ ។

ភ្លាមៗ សមត្ថកិច្ចក៏ចុះទៅដល់ តែដោយសារតែមានប្រជាពលរដ្ឋរាប់រយ នាក់ភាគច្រើនជាជនជាតិអ៊ីស្លាម នៅខាងក្រោម ហើយម្នាក់ៗត្រៀមនឹងវាយជនសង្ស័យ ទើបសមត្ថកិច្ចទុកជនសង្ស័យ នៅលើដំបូលផ្ទះសិន និងកំពុងរកវិធានការរំដោះជនសង្ស័យ ។

រយៈពេលប្រហែលជិត ២ម៉ោង ក្រោយមក គឺនៅវេលាម៉ោង ៩ និង ៥០នាទី ទើបអធិការដ្ឋានខណ្ឌដឹកនាំកម្លាំង និងយករថយន្តទៅរំដោះជនសង្ស័យ ហើយបញ្ជូនទៅខណ្ឌ ដើម្បីធ្វើការសួរនាំបន្ត ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]