រាជធានីភ្នំពេញ ៖ យុវជន២នាក់ ត្រូវប្រជាពលរដ្ឋចាប់ខ្លួន ប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ទំនប់ទឹក កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៩ កញ្ញា ២០១៣ បន្ទាប់ពីយុវជនទាំង២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន ពីអ្នកដំណើរបានសម្រេច ហើយជិះម៉ូតូគេចទៅបុកគូទរថយន្តដួល ត្រូវប្រជាពលរដ្ឋចាប់ជាប់តែម្តង។

យុវជនទាំង២នាក់ ម្នាក់ឈ្មោះហ៊ី សុធា អាយុ២៤ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងម្នាក់ទៀតតុប មិនា ហៅម៉ៅ អាយុ២៤ឆ្នាំ ស្នាក់នៅសំណង់សូណី ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មុនពេលឃាត់ខ្លួន យុវជនទាំង២នាក់នេះជិះម៉ូតូម៉ាកអាយខន ពណ៌លឿងលាយសធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូនពីយុវជនម្នាក់ឈ្មោះរស់ ចាន់សុធា អាយុ២៤ឆ្នាំ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈម្ចាស់ទូរស័ព្ទកំពុងនិយាយទូរស័ព្ទបណ្តើរជិះម៉ូតូបណ្តើរតាមបណ្តោយផ្លូវលេខ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានសម្រេចហើយ ព្យាយាមជិះរត់គេចបានបន្តិច ក៏ត្រូវម្ចាស់ទូរស័ព្ទជិះម៉ូតូបុកដួល ស្របពេលនឹងជនសង្ស័យទាំង២នាក់ បម្រុងបុកគូទរថយន្តអ្នកដំណើរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រុវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ចំណែកទូរស័ព្ទដៃ ត្រូវបានដកហូតប្រគល់ឱ្យម្ចាស់វិញ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]