ខេត្ត​កំពង់​ស្ពឺ​​ ៖ ទី​បំ​ផុត​​ ការ​ភ្ញាក់​ផ្អើល​​​ពី​បុរស​​ជន​ជា​តិ​បារាំង​ និង​កូន​ៗ​​​៤​នាក់​​ដែល​បាន​បាត់​ខ្លួន​​​​ពី​ផ្ទះ​របស់​ខ្លួន​​​ដោយ​គ្មាន​ពន្លឺ​ និង​ងងឹត​សូន្យសុង​​​នោះ​​​​បាន​ក្លាយ​ជា​​​រឿង​គួរ​ឱ្យ​​​​​រន្ធត់​មួយ​នៅ​ក្នុង​​​រយៈ​ពេល​​ជា​ង​៣​ខែ​​ក្រោយ​មក​ ដោយ​សារ​តែ​​​ពួក​គេ​មិន​បាន​បាត់​​ទៅ​ណា​នោះ​ទេ​​​ តែ​​ឪពុក-កូន​​​ទាំង​អស់​​​បាន​ស្លាប់​ក្នុង​រថ​យន្ត​​​ពន្លិច​ក្នុង​ទឹក​​​ស្រះ​​ ដែល​​មាន​ជម្រៅ​​​ប្រ​មាណ​​​៣ទៅ​៤​ម៉ែត្រ​​​នៅ​ក្បែ​រ​លំ​នៅឋានរបស់​ខ្លួន​​​​ក្នុង​ភូមិ​​ទួល​ធ្នង់​​ សង្កាត់កាធំ​ ក្រុង​ច្បា​រមន។​​​ កា​រ​ឆោ​​ឡោ​ពី​ការ​ប្រទះ​ឃើញ​​​សព​បុរសជន​ជាតិ​បារាំង​​​​​ និង​កូន​ៗ​របស់​ខ្លួន​​៤​នាក់​​​នៅ​​ក្នុង​រថយន្ត​ពន្លិច​​ទឹក​នេះ​ បាន​​​កើត​មានកាល​ពី​ថ្ងៃ​ទី​១៤ មករា ។

ជាមួយ​នឹង​ព័ត៌​មាន​ពី​​ការ​​​ប្រទះ​ឃើញ​​សព​នៅក្នុង​រថ​យន្ត​​​ទាំង​ឪពុក​ និង​កូន​​នេះ​ នៅ​​ថ្ងៃ​ដដែល​​ស្ថាន​ទូ​ត​បា​រាំង​ប្រ​​ចាំ​នៅ​កម្ពុុជា​​​ ក៏​បាន​ប្រកាស​ថា​​​​ ស្ថាន​ទូត​បារាំង​ត្រូវ​បា​នផ្តល់​ដំណឹង​​​​ដោយ​នគរ​បាល​កម្ពុជា​​​​ អំ​ពី​​ការ​រក​ឃើញ​​​​​រថ​យន្ត​របស់​ពល​រដ្ឋ​បារាំង​​​​ម្នាក់​​រស់​នៅ​កម្ពុជា​​​ គឺ​លោក​វ៉ាលី​យេ​ ព្រម​ទាំង​គ្រោង​ឆ្អឹង​​​មនុស្ស​ទាំង​៥នាក់​នៅ​ក្នុង​​រថ​យន្ត​​នោះ។ ការ​ប្រកាស​របស់​ស្ថាន​ទូត​បារាំង​​ដដែល ​បាន​បង្ហាញ​ពីជំ​ហរ​របស់​ស្ថាន​ទូត​ជុំ​វិញ​​​ហេតុ​ការណ៍​​​ដ៏​រន្ធត់​នេះ​ថា ​នៅក្នុង​​ស្ថាន​​ភាព​បច្ចុ​ប្បន្ន​​គេ​មិនទាន់​អាច​សន្និ​ដ្ឋាន​បាន​ថា ​សាក​សព​​ទាំង​នោះ​គឺ​ជា​​សាក​សព​​របស់​លោក​វ៉ា​លី​យេ ​និង​កូន​ៗ​​របស់គាត់​​​បាន​ទេ​។ ​ស្ថាន​ទូត​​​​​កំ​ពុង​​​បន្ត​ធ្វើ​ការ​​​ទាក់​ទង​​ជាប់​ជា​និច្ច​​ជា​មួយ​នគរ​បាល​​យុត្តិ​ធម៌​​កម្ពុជា​ ដើម្បី​កំ​ណត់​​​អត្ត​សញ្ញាណ​​របស់់​សាក​សព​។

នេះគឺជា​សោកនាដ​កម្ម​ដ៏​ជូរ​ចត់​មួយ​ដែល​បាន​កើត​ឡើង​​នៅ​ក្នុង​រង្វង់​​គ្រួសារ​របស់​ជន​ជាតិ​បារាំង​​លោកឡូ​រ៉ង់ វ៉ាលីយេ ​ក្នុង​នោះ​មាន​ទាំង​កូន​៤​នាក់​ផង សរុប​ចំនួន​៥​នាក់ ដោយ​ពុំ​មាន​នរណា​ម្នាក់​អាច​មាន​ជីវិត​គេ​ច​​ផុត​​ពី​សេចក្តី​​ស្លាប់​ឡើយ និង​ជា​ការ​សម្លាប់​ផ្តាច់​ពូជ​តែម្តង ។ ការ​ប្រទះ​ឃើញ​សាក​សព​បាន​កើត​ឡើង​នា​​ព្រឹក​ថ្ងៃទី​១៤ ​មករា នៅ​ក្នុង​ភូមិ​ទួល​ធ្នង់​ សង្កាត់​រកាធំ ក្រុង​ច្បារ​មន បន្ទាប់​ពី​គ្រួសារ​បារាំង​​នេះ​បាន​​បាត់​ខ្លួន​តាំង​ពី​ថ្ងៃទី​១៤ ​កញ្ញា ឆ្នាំ​២០១១។ ​អ្នក​ភូមិ​ទួល​ធ្នង់​​ម្នាក់​បាន​ដើរទៅទាក់​​លលក​នៅ​ក្បែ​រ​​របង​ខាង​លិច​ផ្ទះ​​បារាំង​ ក្បែរ​​​ត្រពាំង​ទឹក​​ដែល​ជីក​ក្នុងដីឡូត៍​កម្ម​សិទ្ធិ​​បុរស​ជន​ជាតិ​បារាំង​​នោះ​ដែល​មាន​ទំហំ​១០​ម៉ែត្រ​គុណ​៣០​ម៉ែត្រ​ និង​ជម្រៅ​​ប្រមាណ​​ពី​៣​ម៉ែត្រ​​ទៅ​៤​ម៉ែត្រ​​ ។ ដោយ​សារ​​ទឹក​ត្រពាំង​​ខែ​ប្រាំង​បាន​រីង​ ក៏លេច​ចេញ​ដំបូល​រថយន្ត​លើ​ផ្ទៃ​ទឹក​​ប្រមាណ​​២​តឹក ផ្នែក​ខាង​ក្រោយ​​ ទើប​អ្នក​ទាក់​លលក​​នោះ​រត់​ទៅ​ប្រាប់​សមត្ថ​កិច្ច​សង្កាត់​រកាធំ នៅរសៀល​ម៉ោង​៧​និង​១០​នាទី​ព្រឹក​។

ពេល​ផ្អើលឈូឆរ​នោះ​​សមត្ថ​កិច្ច​ដែលមាន​ស្នងការ​នគរបាល​​ខេត្ត​ ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​​ អ្នក​បច្ចេក​ទេស​វិទ្យា​សាស្ត្រ​ នាយក​ដ្ឋាន​សន្តិ​សុខ​ផ្ទៃ​ក្នុង​ មេធាវី​ ពិសេស​តំណាង​​ឱ្យ​ស្ថាន​ទូត​បារាំង​ បាន​ចុះ​សើុប​អង្កេត​​ផ្ទាល់​នៅ​ពេល​ស្ទូច​រថយន្ត​​ឡើងលើគោក។ ខណៈ​នោះ​បាន​យក​ម៉ាសីូន​បូម​ទឹក​ចំនួន៥​គ្រឿង​មក​បូម​រហូត​ដល់​ម៉ោង​២​និង​៣០​នាទី​រសៀល​ ទើប​សម្រេច​ ​បើក​ទ្វារ​រថយន្ត​​ម៉ាក Nissan-PATROL ពណ៌​ស​ ជាកម្ម​សិទ្ធិ​​របស់​ជន​​ជាតិ​បារាំ​ង​​ឈ្មោះ​ឡូរ៉ង់​ វ៉ា​លី​យេ។ ជន​ជាតិ​បារាំង​​រូប​នេះ​ បាន​យក​ប្រពន្ធ​ខ្មែរតែ​​ជា​អកុស​​លក្រោយ​ពី​សម្រាល​កូន​ទី៤​រួច​ក៏​ស្លាប់ ។ តាំង​ពី​ប្រពន្ធ​​ស្លាប់​ចោល​ទៅ​ បុរស​​ជនជាតិ​​បារាំង​រូប​នេះ​ក៏​ស្ថិត​​នៅ​ជា​​បុរស​​ពោះ​ម៉ាយ​​ចិញ្ចឹម​​កូន​របស់​ខ្លួន​ទាំង​៤​នាក់ ដែល​មាន​​​ ១-ឈ្មោះ​ឈួន យ័ន្ត ភេទ​ប្រុស អាយុ​១១​ឆ្នាំ ២-ឈ្មោះ​​ឈួន រស្មី ភេទ​ស្រី អាយុ​៨ឆ្នាំ ៣-ឈ្មោះ​ឈួន ស្រីវ៉ាន់  ភេទស្រី អាយុ​៦​ឆ្នាំ ​និង​៤-ឈ្មោះ​​ឈួន មីកា​អែល​​ ភេទ​ប្រុស អាយុ​១​ឆ្នាំ ។

ការ​បាត់​ខ្លួន​គ្រួសារ​​ជន​ជាតិ​បារាំង​នេះ​ ត្រូវ​បាន​ឪពុក​​ម្តាយ​ក្មេកនៅឯ​ខេត្ត​ព្រៃ​វែង​ រួមទាំង​​ប្រជា​ពល​រដ្ឋ​ក្នុងភូមិ​ទួល​ធ្នង់ និយាយថា បាត់​តាំងពី​ថ្ងៃ​ទី​១៤ កញ្ញា ឆ្នាំ​២០១១ ​គឺ​តាំង​ពី​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​មក​ម៉្លេះ ​ហើយ​​​សមត្ថ​កិច្ចបាន​​​ចុះ​ត្រួតពិនិត្យ​​ចំនួន​ពីរ​លើក​រួច​មក​ហើយ គឺ​នៅពីថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០១១ ​​ម្តង​ និងថ្ងៃ​៥ មករា ឆ្នាំ​២០១២ ម្តង​ ដោយ​ធ្វើការ​ឆែកឆេរ​ក្នុង​ផ្ទះ​​ តែ​គ្មាន​​ពន្លឺ​​ថា ពួកគេ​នៅ​ទីណា​នោះទេ។

ការ​ត្រួតពិនិត្យ​ក្រោយពេល​រថយន្តត្រូវបាន​ស្ទូចចេញពី​ក្នុងត្រពាំង​​​ ទើប​ដឹង​ថា មានសាក​សពរលួយ​ស្អុយ​​​​ទៅហើយ ។ នៅក្នុង​រថយន្ត​​​មាន​វ៉ាលីស​ចំនួន​​ពីរ​ ដែលវ៉ាលីស​ធុន​មធ្យម​មួយដាក់​​​ក្បាលបុរសជាតិ​​​​ជាតិបារាំងឡូរ៉ង់ វា៉លីស​​ ឯដង​ខ្លួន​​ស្ថិត​នៅ​​​​លើ​​ពូករថយន្តខាងមុខ រលួយវ៉ល់​​ដូច​គេ​ជ្រំ​ប្រហុក​ ។ ​ទាក់​ទិន​​នឹង​ការ​ប្រទះ​ឃើញ​សព​ទាំង​​គ្រួសារ​​ត្រូវ​បាន​​សន្និដ្ឋាន​​ថា  ជា​ករណី​មនុស្ស​​ឃាត​​ ព្រោះ​ជន​ដៃដល់​បាន​កាត់ក្បាល​​​​ច្រក​វ៉ាលីស​​ ឯ​ដង​ខ្លួននៅកន្លែង​​​ផ្សេង ។  ​ទោះ​បី​ជាបែបណា ក៏សមត្ថកិច្ច​​​​ដែលធ្វើការ​ត្រួតពិនិត្យ​រួម​​ទាំង​​តំណាង​ស្ថាន​​ទូតបារាំងដែល​ចូលរួម​ផង ​​ពុំទាន់​អះ​អាងថា ជាអំពើ​​​អត្តឃាត ឬមនុស្ស​ឃាត​ដោយ​​​គំនុំ​​ ឬប្លន់នៅឡើយទេ ។

ការត្រួតពិនិត្យ​ចាប់ពីម៉ោង​២​ និង៣០នាទី​​​រសៀលរហូត​មក​ដល់ម៉ោង៤​រសៀល​​​​ថ្ងៃ​ដដែល​ពុំទាន់​ចប់​ ហើយ​សមត្ថកិច្ច​ក៏​ពុំទាន់អាច​បំភ្លឺ​ករណីស្លាប់​យ៉ាង​អាណោចអាធ័ម​របស់គ្រួសារ​​​ជនជាតិ​បារាំង​នេះ ​​នៅ​ឡើយ​ដែរ។ ​ក្នុងការ​ពិនិត្យ​នោះ ក៏មានវត្តមាន​​​ឪពុក​ក្មេក​ម្តាយ​ក្មេក​ជន​ជាតិ​បារាំង​រូប​នេះមកពីខេត្ត​ព្រៃវែង យំយែក​ដោយ​កា​រ​សោក​ស្តាយចំពោះ​សពកូន​​ប្រសា និង​ចៅ​ជាទី​ស្រឡាញ់ទាំង៤នាក់របស់ពួកគាត់​ ។  ករណីសម្លាប់​​​គួរឱ្យភ្ញាក់ផ្អើល​នេះ មិនទាន់មាន​ការបំភ្លឺ​​​​ឱ្យបានឱ្យ​​ច្បាស់លាស់​នោះ​ទេ ហើយ​សមត្ថ​កិច្ច​​​ពុំ​ទាន់​បាន​ផ្តល់​​ព័ត៌មាន​​ដល់អ្នកកាសែត​​ឡើយ តែ​ប្រជាពល​រដ្ឋ​ក្នុង​ភូមិ​ដែលធ្លាប់​ស្រឡាញ់​រាប់អាន​​គ្រួសារ​​ជន​ជាតិ​បារាំង​នេះ​បាន​ចូល​​រួមមរណៈទុក្ខនេះដោយ​គ្រៀម​ក្រំ ។

លោកទិត ឈួន អាយុ​​៦៩​ឆ្នាំ ​និង​ភរិយា​​ឈ្មោះ​ស សាវី អាយុ​៤២​ឆ្នាំ ដែល​ជា​ឪពុក​ ម្តាយ​​​​ក្មេក​​លោក​​វ៉ា​លី​យេ ​រស់នៅ​ភូមិ​​ព្នៅ ឃុំ​ជ្រៃ​ស្រុក​​កំពង់​ត្រ​បែក ខេត្ត​ព្រៃ​វែង​​ ​បានប្រាប់​កោះ​សន្តិ​ភាព​ថា ​បន្ទាប់​ពីទទួល​ព័ត៌មាន​​ថា កូន​ប្រ​សា​ និង​ពួក​ចៅៗ​បាត់​ខ្លួន​ពី​ផ្ទះ គាត់​ក៏​តាម​​​​​​​ស្វែង​រក​​ដែរ ដោយ​​​ព្យា​​យាមម​ក​សួរ​​​អ្នក​ភូមិ ​ប្រ​ធាន​ភូមិ​​បាន​​​ចម្លើយ​មក​​ថា អត់​មាន​នរ​ណា​​​បាន​ដឹង​នោះ​ទេ ។ គាត់​បន្ត​​ថា ​គាត់​បាន​សុំ​ចូល​​មើល​ក្នុង​ផ្ទះ​តែ​ប៉ូលិស​​​​​មិន​ឱ្យ​ចូល​​ជា​ដាច់​ខាត ។ គាត់​ក៏​បាន​ចូល​សួរ​ដល់​​ស្ថាន​ទូត​៣​លើកនៅ​តែ​គ្មាន​ដំណឹង​​ គ្រាន់​តែ​ប្រាប់​​ថា កូន​ប្រសា​​គាត់​និង​កូនៗ​​មិន​បាន​ចេញ​​​​ក្រៅ​​​ប្រ​ទេស​កម្ពុជា​​​នោះ​ទេ ។

ហេតុ​ការណ៍​ប្រ​ទះ​​ឃើញ​សាក​សព​បុរស​ជន​ជាតិ​បារាំង និង​កូនៗ​នេះ​មិន​មែន​​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​តែ​ក្នុង​ប្រ​ទេស​កម្ពុជា​​នោះទេ តែ​ក៏​បាន​ក្លាយជា​​រឿង​រ៉ាវ​​មួយ​ដែល​​ត្រូវ​​ចាប់​អារម្មណ៍​សម្រាប់​​​​សាធារណជន​​បារាំង​ផង​ដែរ ។ ​តាម​ការ​សន្និ​ដ្ឋាន ​​ការ​សម្លាប់នេះ​​ហាក់​បាន​​​ធ្វើ​ឡើង​ដោយ​មនុស្ស​ស្គាល់​គ្នា​​​ ព្រោះ​សូម្បី​តែ​ជីវិត​​កូន​ក្មេង​​ក៏​ក្រុមឃាត​ក​​មិន​ទុក​ជីវិត​​​ដែរ មាន​ន័យ​​ថា បង្ក​ឡើង​ដោយ​មនុស្ស​ស្គាល់​នេះឯង​ ។

មេ​ភូមិ​​ទួល​ធ្នង់ ​បាន​រៀប​រាប់​​ឱ្យ​ដឹង​ថា បុរស​ពោះ​ម៉ាយ​​ជា​ជន​ជាតិ​បារាំង​នេះ ​មាន​ប្រពន្ធ​ជា​ស្ត្រី​ខ្មែរ​ និង​មាន​​កូន​៤​នាក់​ក្នុង​បន្ទុក តែ​​ពុំ​មាន​អ្នក​​ណា​ដឹង​ថា គាត់​មាន​មុខ​របរ​អ្វី​​ពិត​ប្រាកដ​នោះ​ទេ។ គាត់​​រស់​នៅ​​ក្នុង​ភូមិ​ទួល​ធ្នង់ ​ចំនួន​ជាង​២ឆ្នាំ​មក​ហើយ ដោយ​បាន​ទិញ​​ផ្ទះ​ និង​ដី​ពីរ​កន្លែង​​​នៅ​ភូមិ​ទួល​ធ្នង់​​ពី​ស្ត្រី​​ឈ្មោះ​​គីម សុភា ហៅ​​ខូច ​ជា​ស្ត្រី​ខ្មែរ​​​ដែល​បាន​យក​​ប្តី​បារាំង​​ដែរ ឈ្មោះ​​មី​សែល និង​​​មាន​មុខ​របរ​ដាំ​បន្លែ​​។

លោក​មេ​ភូមិ​ឱ្យ​ដឹងទៀត​ថា ​ផ្ទះ​ទី​១ ​ធ្វើ​ពី​ឈើ​​​ប្រក់​ហ្វ៊ី​ប្រូ​ស៊ីម៉ង់ត៍​និង​ខាង​ក្រោម​ចាក់​បេតុង​​​​​ក្រាល​​ឥដ្ឋ​​ការ៉ូ និង​​ផ្ទះ​ទី​២ ​ជា​ផ្ទះ​​​ល្វែង​​​ពីរ​​ជាន់​​​ធ្វើ​​អំពី​ឥដ្ឋ​ថ្ម​ប្រក់​ក្បឿង​​។ ​ក្រោយ​ពី​​បុរស​បារាំង​ឈ្មោះ​​មីសែល ជាអ្នក​ដាំ​បន្លែ​​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ ប្រពន្ធ​​ខ្មែរ​នេះ​ក៏​លក់​​បន្ត​ឱ្យ​​បុរស​បារាំង​ឈ្មោះ​​វ៉ា​លី​យេ​ ដែល​មាន​ប្រពន្ធ​ជាស្ត្រី​ខ្មែរ​ដែរ ​ឈ្មោះ​លួន ​ស៊ីណា ហៅ​ច្រឹប តែក្រោយ​មក​​​​​នាង​លួន​ ស៊ី​ណា ហៅ​ច្រឹប​ក៏បាន​​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​​ខេត្ត​​ ពេល​​សម្រាល​កូន​ទី​៤ ។ ​ចាប់ពី​ពេល​នោះ​មក​​លោក​វ៉ា​លី​យេ​ក៏​ក្លាយ​ជា​បុរស​ពោះ​ម៉ាយ​​ រស់​នៅ​ជា​មួយ​​កូន​៤​នាក់ ​(​ក្នុង​នោះ​ប្រុស២) ​នៅ​​លើ​លំនៅ​ឋាន​​​នេះ ។

អ្នក​ភូមិ​ទួល​ធ្នង់ និយាយថា ​​មុន​ថ្ងៃ​កាន់​បិណ្ឌ​​ជន​​ជាតិ​បារាំង​នេះ​នៅ​ចេញ​ចូលផ្ទះ​​នៅឡើយ លុះ​នៅ​ថ្ងៃ​បិណ្ឌ​​ទី១ ទី​២ ក៏​ស្រាប់តែ​បាត់​មុខ​​រហូត​​​​រួម​ទាំង​កូនៗ​ផង ​ឯ​ទ្វារ​របង​​ក៏​បិទ​ជិត​​ ហើយ​​​​ផ្ទះ​​ចាក់​សោជាប់​​ទៀត ៕

ដកស្រង់ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]