រាជធានីភ្នំពេញ​​​​ ៖ ស្ត្រី​​រូប​ស្រស់​​ម្នាក់​​​ដែល​មាន​វិបត្តិ​ស្នេហា​ ​ដោយ​សារ​ប្រុសស្នេហ៍​បោះ​បង់​​​នាង​ចោលទាំងមានផ្ទៃ​ពោះ​ជាង​៤​ខែ ​​បាន​ធ្វើ​ដំណើរ​មក​លោត​ទឹក​​សម្លាប់​ខ្លួន​​ពី​លើ​ស្ពាន​​ជ្រោយ​ចង្វា ​តែ​ត្រូវ​​បាន​ប៉ូលិស​​​​ហែល​ទឹក​ទៅ​ជួយ​​សង្គ្រោះ​ទាន់​​ពេល​ ។​ ​ហេតុការណ៍​​ប៉ុនប៉ង​សម្លាប់​ខ្លួន​​នេះ​ បាន​ធ្វើ​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​ កាលពី​វេលាម៉ោង​​​២​និង​២០នាទីរសៀល​​ថ្ងៃទី​​២៧ មេសា​ ​​នៅ​ចំណុច​ក្បាល​ស្ពាន​ជ្រោយ​​ចង្វា ប៉ែក​ខា​ង​កើត​ក្នុង​សង្កាត់​​ជ្រោយ​ចង្វា។​

តាម​ប្រភព​ពី​ប៉ូលិសការពារស្ពាន​និយាយថា ​​ ស្រ្តី​រូប​នេះ​បាន​ព្យា​យាម​លោត​ទឹក​​សម្លាប់​ខ្លួន​​២​លើក​ជាប់​គ្នា ​ដែល​មុន​​​ដំបូង​ត្រូវ​ប៉ូលិស​​យាម​ស្ពាន​​ឃាត់​ទាន់​ មិន​បាន​លោតទេ ។​ លុះ​​​១០នាទី​ក្រោយ​មក ​ក៏​បាន​ធ្វើ​ដំណើរ​​មកលោត​ទឹក​ម្តង​ទៀត​​បាន​សម្រេច​​ តែ​ត្រូវ​ជួយ​ស្រង់​​សង្គ្រោះ​​ ទាន់​ ។​ ​ស្ត្រី​​មាន​វិបតិ្ត​នេះឈ្មោះ យ៉ាន់ ធីតា ​ ​​អាយុ​​២៣​ឆ្នាំ ​​មាន​ទីលំនៅ​​ក្នុងសង្កាត់​បឹង​​ត្របែក​ ​ខណ្ឌ​ចំការ​មន ​និង​មានស្រុក​កំណើត​​​នៅខេត្ត​បាត់​ដំបង​ ។​

តាម​មន្ត្រី​ប៉ូលិស​​ការពារ​​ស្ពាន​ជ្រោយ​ចង្វា ​បាន​ឱ្យ​ដឹងថា ​​កាលពីវេលាម៉ោង​​​​​២​រសៀល ​គេ​ឃើញ​​​ស្រ្តី​​វ័យ​ក្មេង​​ម្នាក់​នេះជិះ​ម៉ូតូ​ឌុប​​ទៅ​ឈប់លើ​ស្ពាន​​ ហើយ​ធ្វើដំណើរ​​ទាំង​​ទឹក​មុខ ស្រងូត​​ស្រងាត់​​ ។​ ដោយ​មានការ​​​សង្ស័យ​ ​ប៉ូលិស​​​ក៏​បាន​ចាប់​ឃាត់​​ខ្លួន​បញ្ជូនមក​អង្គភាព​​​​ ដើម្បី​សាក​សួរ​​​តែស្ត្រី​​រូប​នេះ​ប្រាប់​ថា​ ​នាង​​មិន​​មែន​​មក​លោត​​ទឹក​ទេ ​ហើយ​បាន​​ដើរ​ចេញ​បាត់​ទៅ ​​។ ស្រាប់​តែ​​បាន​ប្រមាណ​​១០នាទី​ក្រោយ​មក​ នៅ​វេលា​ម៉ោង​​២​និង​២០នាទី​រសៀល ​​ស្រាប់​តែ​​មាន​ការ​ភ្ញាក់​ផ្អើល​​​ម្តង​ទៀត ​ដោយ​ស្រ្តី​ម្នាក់ដដែលនេះ បាន​ធ្វើ​ដំណើរ​​​ទៅគល់​ស្ពាន​ខាង​​ជ្រោយចង្វា ​ហើយលោត​​ទម្លាក់​​​ខ្លួន​ទៅ​ក្នុង​ទឹក​ទន្លេប្រញាប់​ចង់​ស្លាប់​តែ​ម្តង ។ ​បន្ទាប់​​ពី​ឃើញ​មនុស្សលោតពី​លើ​ស្ពាន ​ដោយ​សារ​​លោត​ក្បែរ​ច្រាំង ​ប៉ូលិស​​ប្រចាំការ និង​អ្នក​ងូត​ទឹក​​នៅ​ជិត​នោះ​​​​បាន​ហែល​ទៅជួយ​​ស្រង់​​ ហើយ​នាំ​មក​​ច្រាំង​ទន្លេ​​ដើម្បី​​សង្គ្រោះ​​​ ។​

នៅ​រសៀល​​នោះ​ ធ្វើ​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង​​ព្រោះភ្លាមៗ​មាន​ស្ត្រី​​ ២នាក់​​ ដែល​ជាមិត្ត​ភក្តិ​​​​របស់​​នារី​​មាន​វិបតិ្ត​​ ចៃ​ដន្យ​​​ធ្វើ​ដំណើរ​​ឆ្លង​កាត់​​ប្រទះ​ឃើញ​​ក៏​ចុះ​ទៅ​សួរនាំ​​ និង​​ទាក់​ទង​​ហៅ​​រថយន្ត​​បង​ប្អូនឱ្យ​មក​ជួយ​​​បញ្ជូន​ទៅ​សង្គ្រោះ​ ។​​​

​នៅ​ចំពោះ​មុខ​​​សមត្ថកិច្ច​​ ស្ត្រី​​រូបនេះ​បាន​ប្រាប់​ឱ្យ​​ដឹង​ថា ​មូល​ហេតុ​ដែល​នាង​មក​លោត​ទឹក​សម្លាប់​ខ្លួន​ ដោយ​សារ​តូច​ចិត្ត​​ខ្លួន​ឯង​​ដែល​សង្សារ​​បោះ​បង់​ចោល​នាង​ទៅ​មាន​ស្រី​ ថ្មី​ ហើយ​ទូរស័ព្ទ​​ក៏​ប្រុស​ដែល​នាង​ស្រឡាញ់​​មិន​លើក​ទៀត​ និង​ប្រាប់​ថា មិន​ស្គាល់​នាងទៀត​ ។

ស្ត្រី​ឈ្មោះ​​យ៉ាន់ ធីដា ​បាន​បន្ត​ទៀត​ថា នាង​បាន​ស្រឡាញ់​បុរស​ម្នាក់​ឈ្មោះ​ គង់​ អាយុ​២៣​ឆ្នាំ ជា​អ្នក​រត់​ម៉ូតុ​ឌុប ប្រចាំ​នៅ​ខា​រ៉ា​អូ​ខេ អ៊ិច​អូ និង​បានរស់​នៅ​​ជាមួយគ្នាជា​ប្តី​-ប្រពន្ធ​ រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ​​​  ចំណែក​​នាង​ក៏មាន​ផ្ទៃ​ពោះ​​ជា​ង​៤​ខែ​ មក​ហើយដែរ​ ។ នាង​រៀបរាប់ថា ​រយៈ​ពេល​​ជាង​៣​ខែ​​មក​ហើយ​ ​ប្រុស​ដែល​​នាង​ស្រឡាញ់​បាន​បង្ខំ​ឱ្យ​នាង​យក​កូន​ចេញ​ ដោយ​ប្រុង​​ដោះ​ដៃ​ទៅ​មាន​ស្រី​ថ្មី តែនាង​ពុំ​ព្រម​យក​​កូន​ចេញ​ ស្រាប់​តែតាំង​ពី​ពេល​នោះ​មក​ប្តី​របស់​នាង​លែង​មក​ផ្ទះ ហើយ​គេ​ច​វេះ​រហូត ។ ​ពេល​ដែល​នាងទូរស័ព្ទ​​ចូល​មិន​ទទួល​ និង​ប្រាប់​ថា មិន​ដែល​ស្គាល់ទៀត ។ ដោយ​សារ​តែ​ប្រុស​ដែល​នាង​​ស្រឡាញ់​បោះ​បង់​ចោល​​ និង​មិន​ទទួល​ខុស​ត្រូវ​កូន​ក្នុង​ផ្ទៃ​បែបនេះ ទើបនៅ​ព្រឹក​ថ្ងៃ​ទី​២៧ មេសា នាង​បាន​លេប​ថ្នាំ​​​​អស់​៤០​គ្រាប់​ តែ​មិន​​ស្លាប់​ ក៏ធ្វើ​​​ដំណើរ​​មក​លោត​ទឹក​សម្លាប់​ខ្លួន​តែ​ម្តង ។

​នៅ​រសៀល​ថ្ងៃនោះ​ដែរ មិត្ត​ភក្តិរបស់ស្ត្រី​មាន​​វិបត្តិ​​ក៏បាន​ទូរស័ព្ទ​ទាក់​ទង​ទៅ​បុរស​ជា​ ប្តី​ហេង​ស៊យ​របស់ស្ត្រី​រូប​នោះ តែ​ត្រូវ​បុរស​នោះ​​ប្រាប់​ថា ​ខ្លួន​មិន​ដឹង​ មិន​ឮ​ទេ អស់​ប្រពន្ធ​កូន​ទៀត​ហើយ ។ បន្ទាប់​ពី​ស្រង់ សង្គ្រោះ​មក​ស្ត្រី​​រូប​នេះ ស្ថិត​ក្នុង​ភាព​អស់​កម្លាំងដេក​ស្តូក​ស្តឹង​ ហើយ​ត្រូវ​មិត្ត​ភក្តិ​ជួយនាំ​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ ៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ