ភ្នំពេញ៖ គ្រូបង្រៀនម្នាក់ រវល់តែទៅលេងផ្ទះគេផ្សេងក្បែរៗនោះ តាំងពីល្ងាច រហូតដល់ពាក់កណ្តាលអាធ្រាត្រ ពេលត្រឡប់មកវិញ ក៏ឃើញក្រុមជនសង្ស័យមានគ្នា ៣នាក់ ធ្វើសកម្មភាពកាត់សោផ្ទះ ប៉ងលួចទ្រព្យសម្បត្តិ តែនគរបាលបឹងទំពុន ឃាត់ខ្លួនបាន ២នាក់ និងរត់រួចម្នាក់ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២៤ និង៥០ នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅចំណុច ផ្ទះលេខ ៣៦ ផ្លូវលេខ ២៦ BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

នាយនគរបាលប៉ុស្តិ៍បឹងទំពុន លោក ឡូ ភារម្យ បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ដែលកម្លាំងរបស់លោកចាប់បាននេះ ម្នាក់មានឈ្មោះ ជា វិបុល ភេទប្រុស អាយុ ៣២ ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងម្នាក់ទៀត ឈ្មោះ លី ម៉េង ភេទប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ចំណែកបក្ខពួកដែលរត់រួចខ្លួន មិនស្គាល់អត្តសញ្ញាណ ។ ដោយឡែកគ្រូបង្រៀន ដែលដើរលេងផ្ទះគេ ផ្ទះឯងមិននៅនោះ ឈ្មោះ នួន សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

គ្រូបង្រៀនរូបនេះ បាននិយាយថា នាល្ងាចថ្ងៃកើតហេតុ ខ្លួនបានចាក់សោទ្វារផ្ទះចោល រួចបានដើរទៅលេងផ្ទះគេ នៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ខ្លួន រហូតដល់ម៉ោងកើតហេតុ ខ្លួនបានត្រឡប់មកផ្ទះវិញ ឃើញជនសង្ស័យទាំង ៣ នាក់កំពុងធ្វើសកម្មភាពគាស់ផ្ទះរបស់ខ្លួន ។ ដូច្នេះរូបគាត់ បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកអន្តរាគមន៍ ឃាត់ខ្លួនពួកគេបាន ២នាក់ យកទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពុន ដើម្បីធ្វើការសាកសួរបន្តទៀត ។

ជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនពួកគេទៅឃុំបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]