ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម ដោយសាររូបគេបានជិះម៉ូតូមួយគ្រឿង យ៉ាងលឿន ព្យាយាមបើកវ៉ា រថយន្ត ហើយក៏ជ្រុល ចង្កូតធ្លាក់ជង្ហុកដួល ប្រាវ ត្រូវរថយន្តហ៊ីយ៉ានដាយ កំពុងបើក ក៏កិនស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ២១ និង ២០ នាទីយប់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៣ តាមផ្លូវវេងស្រេង ស្ថិតនៅ ភូមិដំណាក់ធំ ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

យោងតាមប្រភពព័ត៌មាន ពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា បុរសដែលស្លាប់ បាត់បង់ជីវិត ក្នុងហេតុ ការណ៍គ្រោះថ្នាក់ខាងលើ មានឈ្មោះ យ៉ន សុផល ភេទប្រុស អាយុ ៣៣ ឆ្នាំ ស្នាក់នៅភូមិក្រសាំងកន្រ្ទែ ឃុំ ជាយផុច ស្រុកមេសាង ខេត្តព្រៃវែង ជិះម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពុងស្ពឺ 1A 2237 ធ្វើដំណើរ តាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ដោយបានជិះយ៉ាងលឿន វ៉ាជាមួយ នឹងរថយន្ត ហ៊ីយ៉ានដាយ មួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A 0870 បើកបរស្របគ្នា ។ ខណៈបុរសរងគ្រោះខាងលើ ព្យាយាម ជិះម៉ូតូវ៉ារថយន្តតែមិនទាន់ផុត ក៏បានរេចង្កូតធ្លាក់ជង្ហុកនៅមុខរថយន្តដួលទៅនឹងថ្នល់ ទើបត្រូវរថយន្ត ហ៊ីយ៉ានដាយ កំពុងបើកលឿន ចាប់ហ្រ្វាំង មិនទាន់ ជ្រុលកិន ស្លាប់នៅនឹងកន្លែង កើតហេតុតែម្តងទៅ។

ក្រោយកើតហេតុ អ្នកបើក បររថយន្តបង្កហេតុ បានរត់ គេចខ្លួនបាត់ស្រមោល ដោយទុករថយន្តចោលនៅ ត្រង់ចំណុចកើតហេតុ ។គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ បណ្តាលឲ្យម៉ូតូរងការខូចខាត និងម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនគរ បាលជំនាញ ធ្វើការវាស់វែង អូសយក រថយន្ត និងម៉ូតូ របស់ជនរងគ្រោះ ទៅកាន់ការិយាល័យ នគរបាលចរាចរ ផ្លូវគោក រាជធានីភ្នំពេញ ។ ចំណែក សពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅ ធ្វើបុណ្យ តាមប្រពៃណីនៅ ស្រុកកំណើត ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]