យោងទៅតាមប្រភពព័ត៌មានពី រ៉យទ័រ បានឲ្យដឹងថា ក្មេងស្រីសញ្ជាតិយ៉េមេន អាយុ ទើបតែ៨ឆ្នាំ ម្នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម៌ និងគួរអោយអាណិតបំផុត នៅវេលាយប់ នៃថ្ងៃរៀបអាពាហ៍ពិពាហ៍ របស់នាង ជាមួយនឹងបុរសម្នាក់ ដែលមានអាយុ លើសនាងទ្វេដង ដល់ទៅ ៥ដង ឯណោះ។

នៅក្នុងប្រទេស យ៉េមេន មានគ្រួសារក្រីក្រជាច្រើន ត្រូវបានប្រទះឃើញថា បានសំរេចចិត្ត អោយកូនស្រីរៀបការមានប្តី ដើម្បីតែ ទទួលបាន ចំណងដៃ និង ប្រាក់ ដើម្បីយកមក ដោះស្រាយ ជីវភាពគ្រួសារ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ករណីមួយ បានបង្ក អោយមានការ ភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងប្រទេសមួយនេះ ប៉ុន្តែត្រូវបានមន្រ្តីមាន សមត្ថកិច្ចក្នុងតំបន់ ធ្វើការព្រមានដល់អ្នកសារព័ត៌មាន ក្នុងស្រុក មិនអោយចុះផ្សាយ និង ថែមទាំងបាន បដិសេធចោលថា មិនមានរឿងហេតុបែបនេះ កើតឡើងទៀតផង។

ទោះជាយ៉ាងណា ក្រោយពីមានការចុះយកព័ត៌មាន ពីសំណាក់សារព័ត៌មានបរទេស អំពីការលេចលឺទាក់ទងនឹងករណីនេះ រួចមក ទើបដឹងថា ពិតជាមានការរៀបការ រវាង ក្មេងស្រីអាយុ ៨ឆ្នាំ ជាមួយនឹង បុរសអាយុ ៤០ឆ្នាំ ប្រាកដមែន។ លោក Arwa Othman ប្រធានផ្នែកសិទ្ធិមនុស្ស ប្រចាំក្នុងប្រទេសយ៉េមេន បានប្រាប់ដល់សារព័ត៌មាន រ៉យទ័រ ឲ្យដឹងថា យប់ថ្ងៃផ្សំដំណេក ពួកគេ បានមាន ទំនាក់ទំនងផ្លូវភេទ ដែលជាហេតុធ្វើអោយ ក្មេងស្រីរងគ្រោះ មានការហូរឈាម ចេញពីប្រដាប់ភេទជាខ្លាំង ទើបធ្វើអោយនាង ស្លាប់បាត់បង់ជីវិត បែបនេះ។ យ៉ាងណាមិញ នាងក៏ត្រូវបានបញ្ជូនទៅកាន់ គ្លីនីកមួយកន្លែង ដើម្បីសង្គ្រោះផងដែរ ប៉ុន្តែ ដោយហេតុតែគ្មាន លទ្ធភាពគ្រប់គ្រាន់ ទើបមិនអាចជួយស្រោចស្រង់ អាយុជីវិតរបស់នាងបាន។

គួរបញ្ជាក់ផងដែរថា តាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ បានបង្ហាញថា ប្រជាជនប្រទេសយ៉េមេន កំពុងជួបប្រទះភាពក្រីក្រ ជាខ្លាំង ដោយចំនួនស្ទើរតែពាក់កណ្តាល នៃប្រជាជនសរុប កំពុងប្រឈម នឹងការខ្វះខាត ស្បៀងអាហារ។ ក្នុងនោះដែរ ១៤ភាគរយ  នៃចំនួនក្មេងស្រី បានរៀបការនៅមុន អាយុ ១៥ឆ្នាំ ហើយ ៥២ភាគរយ បានរៀបការ នៅមុនអាយុ ១៨ឆ្នាំ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបញ្ហានេះ?

ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]