ភ្នំពេញ៖ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល ផ្សារដេប៉ូទី១ ខណ្ឌទួលគោក នៅ វេលាម៉ោង ប្រហែល១៖៥នាទី រសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣ បានឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ពីបទឆក់កាបូប ប្រព្រឹត្តនៅ លើដងផ្លូវ ចំណុចមុខផ្ទះ លេខ១០៥ ផ្លូវលេខ១៥៦ ក្រុមទី៨ ភូមិ២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ វង្ស នាង ហៅនាង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ក្រុមហ៊ុន PC ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ( ជាអ្នកបើកម៉ូតូ ) ។ ទី២-ឈ្មោះ ប៊ុន សុជាតិ ហៅ ជាតិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ១៨ ផ្លូវរថភ្លើង ក្រុមទី២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ( ជាអ្នកធ្វើ សកម្មភាពឆក់ ) ។

ដោយឡែក ជនរងគ្រោះវិញ ឈ្មោះ ជា សក្កណា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ហ្រ្គោនតិចណូឡូជី ( Grown Technology ) ស្នាក់នៅផ្ទះលេខ១E1 ផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ បើតាមសមត្ថកិច្ច វត្ថុតាងដកហូតបាន រួមមាន កាបូបយួរដៃម៉ាក LV ពណ៌សូកូឡា ចំនួន០១ ដែលនៅក្នុងកាបូបមាន ទូរស័ព្ទមួយ គ្រឿងម៉ាក Sony Xperia ពណ៌ស កាតMetfone ប្រភេទ ៥ដុល្លារ ចំនួន០៤សន្លឹក និងលុយចំនួន ៥.០០០៛ ( ប្រាំពាន់រៀល ) ជារបស់ជនរងគ្រោះ បានធ្វើការប្រគល់ ជូនជនរងគ្រោះវិញ ។ ម៉ូតូមួយ គ្រឿងម៉ាក Suzuki Viva 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1F-6278 ក្រាម ពណ៌សថ្លា ចំនួន០៣កញ្ចប់តូច ( សង្ស័យជាគ្រឿង ញៀនម៉ាទឹកកក ) , លុយចំនួន ៦៥ដុល្លារ និង លុយខ្មែរចំនួន ១០០.០០០៛ ( ដប់ម៉ឺនរៀល ) ជារបស់ជនសង្ស័យ ។

សមត្ថកិច្ចបានរៀបរាប់ថា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោងប្រហែល ១៣:០៥នាទី ជនរងគ្រោះឈ្មោះ ជា សក្កណា បានជិះម៉ូតូម៉ាក Honda Scoopy ពណ៌ស ស៊េរី2012 ពាក់ស្លាកលេខភ្នំពេញ 1BA-7952 តែម្នាក់ឯងចេញពីផ្ទះ គោលបំណង ទៅកន្លែងធ្វើការ ។ ពេលធ្វើដំណើរ ជនរងគ្រោះបានដាក់ កាបូបយួរដៃនៅឃ្លុបម៉ូតូ ខាងមុខ ពេលធ្វើដំណើរ មកដល់ចំណុច កើតហេតុ នៅលើដងផ្លូវ ចំណុចមុខផ្ទះ លេខ១០៥ ផ្លូវលេខ១៥៦ ក្រុមទី៨ ភូមិ២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ស្រាប់តែជនសង្ស័យ ទាំងពីរនាក់ខាងលើ បានជិះម៉ូតូតាមមកពីក្រោយ ហើយអែបទន្ទឹមខាងស្តាំ ធ្វើសកម្មភាពឆក់កាបូប របស់ជនរងគ្រោះបានសម្រេច ហើយព្យាយាម ជិះម៉ូតូគេចខ្លួន។ ភ្លាមនោះ ជនរងគ្រោះបានជិះម៉ូតូ ដេញតាមពីក្រោយព្រម ទាំងស្រែកចោរ ស្របពេលនោះកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល ផ្សារដេប៉ូទី១ ដែលកំពុងល្បាត ការពារសុវត្ថិភាពនៅ ក្នុងមូលដ្ឋាន បានជួប ហេតុការណ៌នេះ ក៏បានអន្តរាគមន៌ ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ និងចាប់យកវត្ថុតាង បានជាក់ស្តែងតែម្តង ។ បច្ចុប្បន្នជន សង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួន ជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]