ខេត្តព្រះសីហនុៈ ម្ចាស់ផ្ទះសំណាក់មួយ នៅតំបន់ឆ្នេរអូរឈើទាល ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង‑ខេត្ត ព្រះសីហនុ បានដាក់ពាក្យបណ្តឹងចំនួន៣ ដែលមានខ្លឹមសារ ដូចគ្នា ជូនទៅក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន សូមអន្តរាគមន៍ដោះស្រាយ និងទប់ស្កាត់ភាពអនាធិបតេយ្យ នៅតាមបណ្តោយមាត់សមុទ្រ នេះលើករណីជាច្រើន។

លោក ចន ឆយ ( John Choi ) អាយុ ៥៩ឆ្នាំ ជាជនជាតិ កូរ៉េ ជាម្ចាស់ផ្ទះសំណាក់ ម៉ាលីប៊ូ បានថ្លែងប្រាប់ មជ្ឈមណ្ឌលពត៌មាន ដើមអម្ពិលថា រូបលោកបានសម្រេច ចិត្ត ដាក់ពាក្យបណ្តឹងទៅកាន់ក្រសួង ចំនួន៣ខាងលើ ដើម្បីសុំឲ្យជួយអន្តរាគមន៍ និងទប់ស្កាត់ភាពអនាធិបតេយ្យ តាមតំបន់ឆ្នេរអូរឈើទាល ដែលជាតំបន់ទេស ចរណ៍ដ៏សំខាន់បំផុត របស់ខេត្តជាប់មាត់សមុទ្រ ក្នុងប្រទេសកម្ពុជា។

លោក ចន ឆយ ( John Choi ) បានបញ្ជាក់ឲ្យដឹងថា បញ្ហាដែលលោកទាមទារ ឲ្យមានដំណោះស្រាយនោះ គឺមានដូចតទៅ ១‑ សូមឲ្យម្ចាស់បារ ឈ្មោះ ជេជេបារ (JJBar) ដូលហី្វនបារ ( Dolphin Bar) និងភែរ (Pair Bar) បញ្ឈប់បើកសំឡេងតន្រ្តីរំពង សំឡេងខ្លាំង នៅចន្លោះម៉ោង ២១ ដល់ម៉ោង៤ទៀបភ្លឺ ដែលធ្វើឲ្យភ្ញៀវទេសចរ ឈឺចាប់ផ្លូវចិត្ត ដូចជា មិនអាចសម្រាកបាន មិនអាចអានសៀវភៅបានស្រួល និងមិនមានអារម្មណ៍សប្បាយចិត្ត មិនអាចស្នាក់នៅបានយូរ និងត្រូវបង្ខំចិត្តចាកចេញទៅលំហែកាយ នៅប្រទេសជិតខាងវិញ ។ ២- សូមឲ្យមាននគរបាលទេសចរណ៍ នៅប្រចាំការការពារសុវត្ថិភាព នៅចំណុចឆ្នេរ សូរ៉េនឌីភីធី និងកន្លែងផ្សេងៗនៅ ពេលយប់ ថ្ងៃនិងដាក់ស្លាកសញ្ញា លេខទូរស័ព្ទរបស់នគរបាល ដូចនៅប្រទេសថៃ និង វៀតណាម ។ ៣- សូមកុំឲ្យមានជនអនាថា និងក្មេងមករំខានភ្ញៀវទេសចរ ។

ករណីគ្រប់រូបភាព ដូចជាការលក់ដូរ និងសុំប្រាក់ពីភ្ញៀវទេសចរ ។ ៤- សូមកុំឲ្យបង្ហូទឹកស្អុយពី ដំណាក់ស្តេច នាចុងឆ្នេរអូឈើទាល និងកន្លែងមួយចំនួនទៀត តទៅទៀត ។ ៥- សូមជួយបង្រ្កាបសកម្ម ភាពចោរកម្ម ការជួញដូរគ្រឿងញៀន សកម្មភាពរាំច្រៀងអាសអាភាស និងសកម្មភាពរួមភេទ បែបអានាធិបតេយ្យ នៅតាមមាត់ឆ្នេរ នាពេលយប់ ។

លោក ចន ឆយ ( John Choi ) បានបន្ថែមថា មូលហេតុដែលលោក សម្រេចដាក់ពាក្យបណ្តឹង ទៅ កាន់ក្រសួងទាំងបីខាងលើគឺដោយសារតែកន្លងមកលោក បានដាក់ ពាក្យបណ្តឹង ទៅសមត្ថកិច្ចស្ទើរគ្រប់ស្ថាប័ន នៅថ្នាក់ក្រុងនិង ខេត្តរួចហើយតែគ្មានដំណោះស្រាយ ដូច្នោះទើបសម្រេចដាក់ពាក្យបណ្តឹងទៅ ក្រសួងម្តង ។

លោក ចន ឆយ ( John Choi ) ក៏បានឲ្យដឹងទៀតថា កន្លងមកអស់រយៈជាច្រើនឆ្នាំ ទាំងអាជីករខ្មែរ និងបរទេស បានដាក់ទុនជាច្រើន ដើម្បីប្រកបមុខរបររកស៊ី លើវិស័យទេសចរណ៏ដូចជា បើកភោជនីយដ្ឋាន ផ្ទះសំណាក់ និងបឹងកាឡូ ។ល។ ហើយបានបង់ពន្ធ ទៅតាមកំណត់របស់រដ្ឋ និង ខិតខំទាក់ទាញភ្ញៀវទេសចរមកខេត្តព្រះសីហនុ ដោយបានខិតខំផ្សព្វផ្សាយ នៅរមណីយដ្ឋាន សេវាកម្មល្អ ប៉ុន្តែអ្វីៗ ដែលធ្វើឲ្យភ្ញៀវទេសចរខកចិត្តនោះ គឺស្ថានភាពជាក់ស្តែងមិនទំនង ដូចការ ផ្សព្វ ផ្សាយរបស់អាជីវករ ក៏ដូចជាក្រសួងទេសចរណ៍ ទាល់តែសោះ ។ ដើម្បីលុបបំបាត់ ភាពអានាធិបតេយ្យទាំងនោះ លោកសង្ឈឹមថាក្រោយពីពាក្យបណ្តឹងទៅ ដល់ ក្រសួងទាំងបី អាចនិងមានចំណាត់ការលើបញ្ហានេះ ដើម្បីមុខមាត់ប្រទេសជាតិ ។

ទាក់ទងបញ្ហានេះ មជ្ឈមណ្ឌលដើមអម្ពិល បានព្យាយាមរកកាបំភ្លឺ តាមទូរស័ព្ទពីលោក ឆេង លៀង អភិបាលរងក្រុងព្រះសីហនុ និងជាប្រធានគណៈកម្មការ គ្រប់គ្រង តំបន់ឆ្នេរ តែពុំអាចទាក់ទងបាន ដោយទូរស័ព្ទចូល ពេលគាត់លើក គាត់ឆ្លើយថា ស្តាប់មិនឮ ជាច្រើនលើក រួចក៏បិទទូរស័ព្ទ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]