ភ្នំពេញៈ ស្ទើរតែក្លាយ ទៅជាទម្លាប់ ទៅហើយ ដែលអ្នកបើករថយន្ត ភាគច្រើន នៅពេល ដែលបើកបុកម៉ូតូ ឬអ្នកដំណើរហើយ មិនចេញមុខទទួលខុសត្រូវ តែចូលចិត្តដាក់មេប្រូច យករួចខ្លួន ព្រោះតែពួកគេ គិតថានេះ ជា ដំណោះស្រាយ ដ៏ល្អចុងក្រោយបំផុត របស់ខ្លួន ។

ប៉ុន្តែទង្វើទាំងនេះ នឹងត្រូវធ្ងន់កវិញ នៅពេលណាដែលសមត្ថកិច្ច រក្សាសន្តិសុខ ក៏ដូចជានគរបាល ដេញតាម ប្រមាញ់បាន ក្រោយពេលបង្ក គ្រោះថ្នាក់ចរាចរទាំងនោះ ដូចជាត្រូវពិន័យ ធ្ងន់ជាងមុន និងត្រូវបាន ប្រជាពលរដ្ឋ ពេបជ្រាយ រិះគន់ ឬស្តោះទឹកមាត់ដាក់ ជាដើម ។

យ៉ាងណាមិញ ករណីដូចនេះ មួយទៀត ទើបនឹងកើតឡើង កាលពីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៣ ដោយ រថយន្តមួយគ្រឿង ម៉ាកMorning បើកបុកម៉ូតូ ដែលជិះដោយឪពុក- កូន ២នាក់ បណ្តាលឱ្យរបួសហើយ មិនឈប់ទទួលខុសត្រូវ ព្រមទាំងបាន បើករត់គេច រំខានដល់សមត្ថកិច្ច ត្រូវក្តៅចិត្ត ដេញតាមចាប់ ដោយចំណាយពេល អស់ជិតកន្លះយប់ ទម្រាំបាន តែពេលចាប់បាន ក៏ត្រូវពិន័យ និងធ្វើសំណងលើសដើម ផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី៥ កញ្ញា នៅចំណុចផ្លូវលេខ២៦១ កែង១៥៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយរថយន្ត Morning ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-0289 ដែលបើកបរ ដោយជនម្នាក់ មិនទម្លាយអត្តសញ្ញាណ ឱ្យគេដឹង។ ដោយឡែក ឪពុកកូន២នាក់ ជិះម៉ូតូ ម៉ាកសូគុន ស្របទិសជាមួយគ្នា ជាមួយរថយន្ត ពីជើងទៅត្បូង ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា ករណីនេះ មិនបានធ្វើឱ្យ ២នាក់ ឪពុកកូន ដែលជិះម៉ូតូកញ្ចាស់នោះ រងរបួស ធ្ងន់ធ្ងរនោះទេ គ្រាន់តែដួលរលាត់ដៃជើង តែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលហួសចិត្ត នៅពេលកើតហេតុឡើងភ្លាមៗ ម្ចាស់រថយន្ត មិនបានឈប់សុំទោស ជនរងគ្រោះនោះទេ បែរជាព្យាយាមបើកគេច ហាក់ដូចជាមិនខ្វល់ ពីកំហុស របស់ខ្លួនឯង ទាល់តែសោះ ។

តែបន្ទាប់ពីត្រូវសមត្ថកិច្ច ដេញចាប់បាន នៅខាងមុខសាលាជាស៊ីមសន្ធរម៉ុក ទើបជនបង្ក (អ្នកបើករថយន្ត) ព្រមចេញទៅសុំទោស ជនរងគ្រោះដល់កន្លែងកើតហេតុ ព្រមទាំងចេញ សំណងថ្លៃខូចខាត យ៉ាងច្រើនគួសម ទៅដល់ជនរងគ្រោះផងដែរ ដើម្បីសុំបញ្ចប់រឿង។

ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋមួយចំនួន បានរិះគន់ថា នេះជាទង្វើខ្វះសីលធម៌ និងខ្វះភាព ទទួលខុសត្រូវ  សម្រាប់អ្នកបើកបររថយន្ត ដែលបុកគេឱ្យរងគ្រោះហើយ រួចបោលរត់យក រួចខ្លួនតែម្នាក់ឯង មិនខ្វល់ពីជនរងគ្រោះ ដែលកំពុង ដេកស្តូកស្តឹង យ៉ាងអណោចអធ័ម នៅលើដី ទាំងមិនដឹងអ្វីសោះ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]