ខេត្ដកំពង់ឆ្នាំង ៖ ស្រ្ដីម្នាក់បានរងរបួសបាក់ជើងខាងស្ដាំ ខណៈបើកម៉ូតូឆ្លងផ្លូវជាតិជ្រុល ទៅបុកជាមួយរថយន្ដ កាលពីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី៤ កញ្ញា លើផ្លូវជាតិលេខ៥ ចំណុចមុខខ្លោងទ្វារ ចូលវត្ដបាញ់ឆ្កោល ស្ថិតក្នុងភូមិបាញ់ឆ្កោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។

នគរបាលស្រុករលាប្អៀរឱ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ ជូន សុផាន អាយុ៤៣ឆ្នាំ ជាស្រ្ដីមេម៉ាយមានកូន៤នាក់ មុខរបរទិញត្រីលក់ រស់នៅភូមិ-ឃុំខាងលើ ។ ប្រភពដដែលបន្ដថា មុនពេលកើតហេតុ ស្រ្ដីរងគ្រោះជិះម៉ូតូម៉ាកគុបចេញពីផ្ទះ ពេលទៅដល់ខ្លោងទ្វារចូលវត្ដបាញ់ឆ្កោលបានឆ្លងផ្លូវជាតិ ។ ស្រាប់តែពេលនោះមានរថយន្ដកាមរីឆ្លាមមួយ គ្រឿងបើកបរពីទិសខាងជើងទៅត្បូង ក៏ជ្រុលបុកគ្នាពេញទំហឹងបណ្ដាលឱ្យស្រ្ដីនោះដួល នឹងថ្នល់ជាច្រើនត្រឡប់រងរបួសបាក់ជើងខាងស្ដាំជា២កំណាត់ ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដ ។

ប្រភពបន្ដថា រថយន្ដកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ខាងលើត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោកគ្រូបង្រៀនម្នាក់ បានធ្វើដំណើរពីខេត្ដបន្ទាយមានជ័យដើម្បីទៅ ចូលរួមសិក្ខាសាលានៅរាជធានីភ្នំពេញ ។ ក្រោយពេលកើតហេតុ ភាគីម្ចាស់រថយន្ដបានសម្រួលគ្នា ជាមួយតំណាងស្រ្ដីរងគ្រោះនៅអធិការដ្ឋានស្រុករលាប្អៀរ ដោយជួយថ្លៃព្យាបាលទៅឱ្យស្រ្ដីនោះចំនួន៥០០ដុល្លារដើម្បីបញ្ចប់រឿង ៕ 



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]