បាត់ដំបង៖ យុវជនម្នាក់ស្លៀកខោខូវប៊យ អាវដៃវែង ចុះលេងទឹកស្ទឹងសង្កែ បណ្តាលឲ្យលង់ទឹកស្លាប់ ២ថ្ងៃក្រោយ ទើបប្រទះឃើញ សពអណ្តែតទឹក។ ហេតុការណ៍ លង់ទឹកនេះ បានកើតឡើង កាលពីសៀលថ្ងៃទី៣ ខែកញ្ញាឆ្នាំ ២០១៣ នៅចំណុចក្រោមស្ពានថ្ម ឧត្តរៈក្នុងភូមិ-សង្កាត់ស្លាកែត ក្រុងបាត់ដំបង រហូតដល់ម៉ោង ១២ និង៣០នាទី ថ្ងៃទី៤ ខែកញ្ញា ទើបឃើញសាកសពអណ្តែតចម្ងាយពី កន្លែងកើតហេតុប្រហែល៥០ម៉ែត្រ។

នាយប៉ុស្តិ៍នគរបាលសង្កាត់ស្លាកែត លោក ឃុត វណ្ណៈ បានឲ្យដឹងថា យុវជនដែលបានលង់ទឹកស្លាប់នេះ មាន ឈ្មោះ ចាន់ ទូច អាយុ ១៧ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

សាក្សីនៅកន្លែងកើតហេតុបានបំភ្លឺបា្រប់សមត្ថកិច្ចថា កាលពីម៉ោង៣រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣ ជនរង គ្រោះ រួមនិងមិត្តភក្តិ មានគ្នាពី៤ ទៅ៥នាក់ សុទ្ធតែយុវជនមានអាយុចាប់ពី១៦ ទៅ២០ឆ្នាំ បាននាំគ្នាទៅងូតទឹក ស្ទឹងសង្កែ។ ចំណែកជនរងគ្រោះ ចាន់ ទូច មិនចេះហែលទឹកទេ តែគេបានស្លៀកខោខូវបូយ និងពាក់អាវដៃវែង  ចុះងូតទឹកជាមួយពួកខ្លួនតាមក្រោយដែរ។

សាក្សីជាមិត្តជនរងគ្រោះបន្តថា លុះងូតទឹកលេងបានមួយសន្ទុះ ស្រាប់តែជនរងគ្រោះ ចាន់ ទូច ស្រែកថាជួយផង  ៗ។ ឃើញដូចនោះ មិត្តភក្តិក៏បានហែលទៅជួយ ប៉ុន្តែមិនអាចជួយបានដោយសារទឹកកន្លែង ដែលជនរងគ្រោះ  លង់នោះ ជ្រៅ និងកួចខ្លាំងពេក។ ភ្លាមៗនោះមិត្តភក្តិ ក៏បានមុជទឹករាវរកនៅតែរកមិនឃើញ រួចក៏រត់ទៅប្រាប់  សាច់ញាតិជនរងគ្រោះ ព្រមទាំងអ្នកស្រុក ឲ្យមកជួយរាវរកនៅតែរកមិនឃើញដដែល។

លោក ចាន់ សារុំ អាយុ៥២ឆ្នាំ ត្រូវជាឪពុកបាននិយាយថា គាត់បានជួលទូកអ្នកនេសាទឲ្យជួយបង់សំណាញ់ផង ទូកអូសផ្លែសន្ទូចផង និងជួលជនជាតិឥស្លាមពូកែមុជទឹករាវផង រហូតដល់យប់ជ្រៅនៅតែរកមិនឃើញ។ ទើបព្រឹក  ថ្ងៃទី៤ ខែកញ្ញា នៅតែបន្តរាវរកទៀត។ លុះដល់ម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី៤ ខែកញ្ញា ទើបសពអណ្តែត  មានអ្នកចែវទូកប្រទះឃើញ ក៏ជួយស្រង់យកមកលើគោក រួចដឹកយកទៅធ្វើបុណ្យនៅវត្តរំដួលតាមប្រពៃណី។

គួបញ្ជាក់ថា ចាប់តាំងពីកសាងស្ពានថ្មនេះរួចរហូតមកដល់បច្ចុប្បន្ននេះ មានអ្នកស្លាប់ដោយសារលង់ទឹកនៅក្រោម  ស្ពាននេះ ចំនួន៤នាក់ហើយ។ ចំណែកអ្នកស្លាប់បីនាក់មុនច្រើនជាក្មេងៗ អាយុក្រោម១០ឆ្នាំ។

អាជ្ញាធរដែនដីបានធ្វើការអំពាវនាវសុំឲ្យមាតាបិតា ឬអាណាព្យាបាលក្មេងទាំងអស់ មេត្តាកុំបណ្តែតបណ្តោយឲ្យ កូនមកលេងទឹក នៅក្រោមស្ពានថ្មនេះ ព្រោះទឹកនៅទីនោះកួចខ្លាំង វាអាចបណ្តាលឲ្យមានគ្រោះថ្នាក់បាត់បងជីវិត ដោយសារលងទឹកនេះបន្តទៀត៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]