ភ្នំពេញ៖ តារាចម្រៀងស្រី សំឡេងធ្ងន់ពីរោះ ប្រចាំផលិតកម្ម ថោន នាង មាស សោភា ដែលទើបតែ ទទួលបានពាន ទៅឱបក្រសោប យ៉ាងស័ក្តិសម តែសម្រាប់ ប្រជាប្រិយភាពនាងវិញ ហាក់នៅតែដដែល មិនឡើងមិនចុះ ស្របពេលគូប្រជែងនាង គឺ ឱក សុគន្ធកញ្ញា ក៏នៅទ្រឹងដូចគ្នា មិនទាន់មានអ្នកណាឡើង ជាងអ្នកណាឡើយ ព្រោះបីត្រីមាសចុងក្រោយនេះ នាង ឱក សុគន្ធកញ្ញា ហាក់ស្រុតចុះខាងក្បាច់រាំ។ ចំណែក មាស សុខសោភា ខំប្រឹងប្រែងរាំរែកទៅវិញ ពោលតារា ទាំងពីរដួងនេះ គឺម្នាក់ឡើងបន្តិច ម្នាក់ចុះបន្តិច ។

បន្ទាប់ពីបាន ពានតារាចម្រៀងស្រី សំឡេងពីរោះពីកម្មវិធី អាណាចក្រតារា រួចមក តារាចម្រៀង ល្បីល្បាញរូបនេះ បានទទួលរងនូវពាក្យ រិះគន់មួយចំនួន ខណៈត្រូវបានមហាជនចិទថា មាស សុខសោភា ត្រូវបានទិញ ដើម្បីមកទទួល ពានរង្វាន់នេះ។ តែបងប្រុសតារា ចម្រៀងស្រីរូបនេះ បានចេញមុខ មកប្រកែកដាច់អហង្ការ ព្រោះនាងទៅចូលរួម មិនបានគិតដល់រឿងពានអ្វីទេ ពោលគឺបើគេឲ្យក៏យក បើមិនឲ្យក៏មិនថ្វីសម្រាប់នាង។

មិនទាន់ស្ងាត់រឿងនេះផង ស្រាប់តែបុគ្គលិក នៃផលិតកម្មចម្រៀងថ្មីមួយ បានអះអាងថា ផលិតកម្មថ្មីនេះ មានដើមទុនរាប់ម៉ឺនដុល្លារ ព្រមទាំងមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយ ផលិតកម្ម ថោន ព្រមទាំងបានត្រៀមដោះដូរ តារាចម្រៀងល្បី មាស សុខសោភា ក្នុងតំលៃ ២០,០០០ ដុល្លារ តែមិនទាន់ត្រូវរ៉ូវគ្នា នៅឡើយទេ ខណៈដែលតារាចម្រៀងល្បី មិនព្រមទទួលយក នូវតំលៃនេះបានទេ ។ បុគ្កលិកដដែល បានបន្តថា ទោះជាយ៉ាងណា ស្ថិតក្នុងការចរចានៅឡើយ មិនទាន់លេចចេញ ជារូបរាងទេ។ តែក៏មានតារាចម្រៀងប្រុស ក្នុងផលិតកម្មមួយផ្សេងទៀត បាននឹងកំពុងសម្រេចចិត្ត ចូលទៅក្នុងផលិតកម្មថ្មីនេះ ។

លោក មាស សុខរតនៈ អ្នកគ្រប់គ្រងទូទៅ ប្រចាំផលិតកម្ម ថោន ដែលជាបងប្រុស សំណប់ចិត្ត របស់តារាចម្រៀងល្បី មាស សុខសោភា បាននិយាយប្រាប់ LookingTODAY ថា រឿងបែបនេះគ្មានទាល់តែសោះ ។ ម្យ៉ាងបច្ចុប្បន្ន លោកពិតជាមានក្ដីសុខ ជាអ្វីដែលផលិតកម្ម ថោន បានផ្ដល់ឲ្យ មាស សុខសោភា ។ លោកបានបន្តថា លុយ២០០០០ដុល្លារ សម្រាប់តារាចម្រៀងល្បីម្នាក់ វា ហាក់ដូចជាតិចពេកហើយ ។ នៅថ្ងៃនេះ បទចម្រៀងថ្មី របស់ មាស សុខសោភា ក្នុងផលិតកម្ម ថោន នឹងចេញលក់ហើយ មានចេញទៅឯណាទៀតទេ..! ។

ជាការពិត ការផ្លាស់ប្ដូរទ្រនំ សម្រាប់តារាចម្រៀងល្បី ហាក់លែងមានទៀតហើយ ។ លើកលែងតែ ផលិតកម្មបិទទ្វារ តារាចម្រៀងរត់រកផលិតកម្មថ្មី ព្រោះពេល តារាចម្រៀងម្នាក់ ពេលដូរផលិតកម្ម ប្រជាប្រិយភាព ហាក់ថយចុះបន្តិចម្ដងៗ ក្លាយជារឿងគួរឲ្យ ខ្លាចរអាបំផុត។ តារាចម្រៀងខ្លះ សុខចិត្តអត់បទច្រៀង ឲ្យតែបាននៅក្នុង ផលិតកម្មធំៗ ។ ដូចនេះ តារាចម្រៀងស្រី មាស សុខសោភាប្រហែលជា មិនហក់លោត ទៅណាទៀតដែរ ព្រោះរាល់ថ្ងៃនេះ នាងក៏រកបាន រាប់ម៉ឺនដុល្លារ ជាពិសេសក្នុងរដូវប្រាំង កន្លងទៅថ្មីៗនេះ នាងអាចរកសំណូល បានខ្ទង់រាប់ម៉ឺនដុល្លារ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា