កាលពីយប់ថ្មីអាទិត្យម្សិលមិញ ក្នុងក្របខ័ណ្ឌកំពូល របស់អង់គ្លេស English Premier League មានការប្រកួតចំនួន ៣គូ ដោយ ហង្សក្រហម Liverpool សងសឹក Man UTD បានសម្រេច ខណៈកាំភ្លើងធំ Arsenal លុត មាន់គក Tottenham Hotspur ហើយ Swansea យកឈ្នះក្រៅទឹកដី។

ជាមួយនឹង កីឡាដ្ឋាន Anfield ដែលពោរពេញទៅដោយ ពណ៌ក្រហមឆ្អិន ក្រុមហង្សក្រហម Liverpool របស់ លោក Brendan Rodgers បានសងសឹកបានសម្រេចទៅលើ ក្រុមជើងឯកបិសាចក្រហម Manchester United ដោយលទ្ធផលបច្ចេកទេស ១ទល់នឹង០ កាលពីយប់ម្សិលមិញ ដោយការទែតបញ្ចូលទីដោយ ខ្សែប្រយុទ្ធ អាយុ ២៤ឆ្នាំ Daniel Sturridge នៅនាទី ទី៤។ ការលើកបាល់ជ្រុងដ៏ស្អាត ពីសំណាក់ ប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Steven Gerrard ដូចបានហុចដងកាំបិតដល់ ខ្សែការពារ Daniel Agger ដែលរងចាំស្រាប់ និងទែតបញ្ចូលទីថ្មមៗ ដោយ ខ្សែប្រយុទ្ធ Daniel Sturridge ធ្វើឲ្យ ក្រុមម្ចាស់ផ្ទះ យកឈ្នះបានសម្រេច។ ក្នុងនោះ ក្រុម Manchester United ក៏បានវាយសម្រុកយ៉ាងខ្លាំង លើក្រុមម្ចាស់ផ្ទះ ប៉ុន្តែនៅតែមិនអាច បំបែកពងមាន់ និងទម្លុះសំណាញ់ទី របស់ក្រុម Liverpool បានឡើយ។ គួរបញ្ជាក់ផងដែរថា ក្រុមហង្សក្រហម Liverpool នឹងធ្វើដំណើរទៅ កីឡាដ្ឋាន Old Trafford របស់ក្រុមបិសាចក្រហម Manchester United វិញម្តង ក្នុងក្របខ័ណ្ឌ លីកខាប់ នាថ្ងៃទី ២៥ឫ២៦ ខែកញ្ញាខាងមុខ ដែលជាឱកាសមួយ សម្រាប់ ក្រុមរបស់លោក Moyes ធ្វើការសងសឹក និងស្តារមុខមាត់ក្លឹបឡើយវិញ។


ចំណែកឯនៅកីឡាដ្ឋាន Hawthorns វិញ ក្រុម West Brom ត្រូវបរាជ័យយ៉ាងអាម៉ាស់មុខ ដោយក្រុមភ្ញៀវ Swansea បានយកឈ្នះ ដោយលទ្ធផល ២ទល់នឹង០ ក្នុងការប្រកួតទាំងពីរតង់។ ក្នុងនោះ គ្រាប់បាល់ទីមួយ ត្រូវបានស៊ុតបញ្ចូលទីដោយ កីឡាករ Ben Davies និងគ្រាប់បាល់ទីពីរ ស៊ុតបញ្ចូលទីដោយ Pablo Hernandez ជួយឲ្យក្រុមជើងឯក លីកខាប់រដូវកាល ២០១២ - ២០១៣ Swansea យកឈ្នះ ក្រុមម្ចាស់ផ្ទះ West Brom បានដោយងាយ។


ងាកមកកាន់ ទីក្រុងឡុងដ៍ វិញម្តង ក្រុមកាំភ្លើងធំ Arsenal បានបើកទ្វារ កីឡាដ្ឋាន Emirate Stadium របស់ខ្លួន ស្វាគមន៍ ក្រុមមាន់គក Tottenham Hotspur ដោយមានទស្សនិកជន ចូលរួមទស្សនា យ៉ាងច្រើនកុះករ។ ការប្រកួតទើបតែបាន ២៣នាទី ខ្សែបម្រើស្លាប វ័យក្មេង សញ្ជាតិអង់គ្លេស របស់ Arsenal គឺកីឡាករ Theo Walcott បានបញ្ចូលបាល់ ចូលក្នុងតំបន់គ្រោះថ្នាក់ របស់ក្រុម Tottenham និង ស៊ុតបញ្ចូលទីបានយ៉ាងល្អឥតខ្ចោះ ពីសំណាក់កីឡាករ Olivier Giroud ជួយឲ្យ ក្រុម Arsenal របស់លោក Arsene Wenger យកឈ្នះ ក្រុមមាន់គក Tottenham Hotspur របស់លោក Andre Villas-Boas ក្នុងលទ្ធផលចប់ការប្រកួត ១ទល់នឹង០។ គួរបញ្ជាក់ផងដែរថា ក្រុម Tottenham Hotspur ទើបតែបាត់បង់ខ្សែបម្រើ ជម្រើសជាតិវែល ដ៏ឆ្នើម គឺកីឡាករ Bale ដោយលក់ទៅឲ្យ ក្រុមយក្សស Real Madrid ក្នុងតម្លៃកប់ពពក ប្រហែល ៨៥លាន ផោន រឺ ស្មើនឹង ១៣០លាន ដុល្លារសហរដ្ឋអាមេរិក ។


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការប្រកួតទាំងនេះ? សូមកុំភ្លេចចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូតទាំងអស់គ្នា!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]