ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បុកជាបន្តបន្ទាប់ ខណៈដែលបុរសម្នាក់ស្រវឹងស្រា បើករថយន្ត ហាយឡែនឌ័រ ១គ្រឿង ដឹកស្រីស្នេហ៍ ចេញពីផឹកស៊ី ក្នុងល្បឿនលឿនជ្រុលបុកម៉ូតូ១គ្រឿង ម៉ាកវ៉េវ ខ្ទេច ១គ្រឿង ហើយរថយន្ត ព្យាយាម បើករត់គេចខ្លួន រហូតបង្កឲ្យមានរឿងធំ គឺបើកបុករថយន្ត១គ្រឿង ដែលចត ស្ងៀម រួចបន្តទៅបុកម៉ូតូ ៣គ្រឿងថែមទៀត ខណៈបើកគេចពីសមត្ថកិច្ច។

គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ២៣និង១០នាទី យប់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅភោជនីយ ដ្ឋាន ជំនោរក្បាលទំនប់១ តាមបណ្តោយផ្លូវលេខ ២៧១ កែងផ្លូវលេខ ៣៧១ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ មានបុរសម្នាក់វ័យជាង ២០ឆ្នាំ ស្ថិតក្នុងសភាពស្រវឹងស្រា បានបើករថយន្ត ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2W-3490 ចេញពីផឹកស៊ី ដោយមានឌុប ស្រីស្អាតម្នាក់ជាសង្សារ ធ្វើ ដំណើរក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូវ៉េវ ១គ្រឿង ខ្ទេចទាំងស្រុង នៅម្តុំផ្សារអូរឡាំពិក ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន។ ហើយរថយន្តមិនឈប់ នៅទទួលខុសត្រូវ បានព្យាយាមបើករត់គេចខ្លួន រហូតទៅដល់ចំណុចមុខ ភោជនីយដ្ឋានជំនោរក្បាលទំនប់ទី១ តាមបណ្តោយ ផ្លូវលេខ២៧១ កែងផ្លូវលេខ ៣៧១ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រថយន្តបង្កហេតុ បានរេចង្កូត ជ្រុលបុករថយន្តកាមរីគូទហើម១គ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-0685 ដែលកំពុងចតស្ងៀម បណ្តាលឲ្យរថយន្តទាំង ២គ្រឿងរងការខូចខាត ។

ភ្លាមៗនោះម្ចាស់ រថយន្តបង្កបានសម្រេចសងប្រាក់ឲ្យម្ចាស់រថយន្តរងគ្រោះចំនួន ៣០ដុល្លារជាការបញ្ចប់រឿង ។ ប៉ុន្តែ ពេលនគរបាលចរាចរណ៍ខណ្ឌចំការមន ចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ ទើបបែកធ្លាយរឿង ដែលរថយន្ត បង្កហេតុនេះ បុកគេនៅម្តុំផ្សារអូឡាំពិក ក៏បណ្តាលឲ្យម្ចាស់រថយន្ត ភ័យខ្លាំងពេកចូលទៅបើក រថយន្តរត់គេចខ្លួន ក៏ជ្រុលបុករះម៉ូតូ ៣គ្រឿងថែមទៀត ដោយរថយន្តបានអូសម៉ូតូហ្វីណូ ១គ្រឿង តាមពីកន្លែង កើតហេតុរហូតដល់ ចំណុចច្រមុះជ្រូកក្បាលថ្នល់ ទើបម៉ូតូហ្វីណូខ្ទាតចេញពីក្រោយរថយន្ត។

សមត្ថកិច្ចបានបន្តថា រថយន្តបង្កហេតុ ត្រូវនគរបាលដេញព័ទ្ធចាប់បាន នៅតាមបណ្តោយផ្លូវលេខ ៣១០ កែងផ្លូវ ព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ហើយនគរបាលបានចាប់វាយខ្នោះ ម្ចាស់រថយន្តបង្ក យកទៅ កាន់ទីស្នាក់ការប៉ុស្តិ៍ ដើម្បីរង់ចាំសមត្ថកិច្ចជំនាញ ចុះមកអន្តរាគមន៍ធ្វើការវាស់វែង អូសយករថយន្តបង្ក និងម៉ូតូ របស់ក្រុមជនរងគ្រោះ រួមទាំងឃាត់ខ្លួនបុរសម្ចាស់រថយន្តហាយឡែនឌ័រ យកទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]