ភ្នំពេញៈ បុរសម្នាក់ ដែលស្លៀកពាក់ឯកសណ្ឋាន ជាយោធាក្នុងស្ថានភាពស្រវឹងជោក ជិះម៉ូតូមួយគ្រឿង ជ្រុលទៅបុកគូថរថយន្តគេ កំពុងតែឈប់នៅនឹងភ្លើងស្តុប បណ្តាលឲ្យរងរបួសបាក់ដៃម្ខាង ត្រូវរថយន្តឯក ជន ដឹកយកទៅសង្គ្រោះជាបន្ទាន់ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១៤រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ នៅតាមផ្លូវសហ ពន្ធ័រុស្ស៊ី ត្រង់ចំណុចភ្លើងស្ដុប មុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ 

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផូក សាវិន ភេទប្រុស អាយុជាង ៤០ឆ្នាំ មុខរបរ យោធា មានទីលំនៅរំលេចស្វាយ ឃុំពពែល ស្រុកត្រាំកក់ ខេត្តតាកែវ ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ ស្លាកលេខ ឍ៤១0២ ភព២ ។ ចំណែកឯរថយន្តដែលជនរងគ្រោះ បើកម៉ូតូទៅបុកនោះម៉ាកគា ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T 9052 ម៉ូតូ និងរថយន្តរងការខូចខាតយ៉ាងដំណំ។

ប្រភពបានបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូពីលិចទៅកើត លុះដល់ចំណុចកើត ហេតុ ដោយសារតែភ្លើងស្តុបជាសញ្ញាឲ្យឈប់ ប៉ុន្តែជនរងគ្រោះដោយសារតែស្រវឹង បាត់ស្មារតីក៏ជ្រុល ទៅបុករថយន្ត ដែលឈប់នៅនឹងភ្លើងស្តុប បណ្តាលឲ្យជនរងគ្រោះ សន្លប់ឈឹងតែម្តង ត្រូវនគរបាលលើក យកមកដាក់លើចិញ្ចើមផ្លូវទើបដឹងខ្លួនវិញ ក៏បានហៅ រថយន្តសង្គ្រោះឯកជន ដឹកយកទៅសង្គ្រោះ ចំណែកឯម៉ូតូ និងរថយន្តត្រូវនគរបាលយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]