ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសាររូបគេ បានចុះលេងទឹកស្រះ នៅក្នុងសាលា រៀនបឋមសិក្សាពងទឹក ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ហើយក៏រអិលជើងធ្លាក់ទឹក លង់ ស្លាប់តែម្តង ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៣ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងរងគ្រោះនេះឪពុកវាបាន បញ្ចុកបាយថ្ងៃត្រង់ ហើយស្លៀកពាក់ឲ្យទៅរៀនភាសាអង់គ្លេស ហើយឪពុកនោះ ក៏រៀបចំរថយន្តថា ទៅ ភ្នំពេញ ។ តែមួយសន្ទុះក្រោយក៏មានក្មេងៗគ្នាវា រត់មកប្រាប់ថា អាបញ្ញាលង់ទឹក ។ ពេលនោះក៏នាំគ្នារត់ ទៅជួយស្រង់លើកដាក់លើគ្រែឆ្អើភ្លើងផង ហើយនៅតែមិនអស់ចិត្ត ក៏យកទៅពេទ្យ ទើបគ្រូពេទ្យប្រាប់ថា ស្លាប់បាត់ហើយ ។

ដោយឡែកសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលពងទឹក ក៏បានបញ្ជាក់ឲ្យដឹងដែរថា ក្មេងរងគ្រោះនោះមាន ឈ្មោះ សយ បញ្ញា អាយុ ៧ឆ្នាំ រៀននៅសាលាបឋមសិក្សាពងទឹក។ ចំណែកឪពុកមានឈ្មោះ ម៉ែន ភិរម្យ អាយុ ៤៦ឆ្នាំ មុខរបរខួងអណ្តូង និងម្តាយឈ្មោះ នី ទូច អាយុ៣៦ឆ្នាំ ជាកម្មការិនីរោងចក្រ មានទីលំនៅ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចក៏បានបញ្ជាក់ឲ្យដឹង អំពីមូលហេតុថា មុនពេលកើតហេតុ អ្នកភូមិបានឃើញក្មេងប្រុសរងគ្រោះ និងគ្នាវា ២នាក់ទៀត ជិះកង់ទៅក្នុងសាលា ហើយក៏នាំគ្នាដើរសំដៅទៅស្រះទឹកនោះ ហើយស្រះទឹកហ្នឹងពី មុនជាស្រះទឹកដែលឪពុកវាចិញ្ចឹមត្រី ។ នៅពេលនោះ ពួកគេក៏នាំគ្នាចុះទៅលេងទឹកស្រះ ហើយទំនងជា រអិលជើងធ្លាក់ទៅកន្លែងជ្រៅ ទើបលង់ស្លាប់តែម្តង ។ ស្រាប់តែពេលនោះ គ្នាវាម្នាក់ក៏រត់មកប្រាប់គេឯង ហើយទម្រាំរត់ទៅវិញនោះ ហួសពេលបាត់ទៅហើយ ក្នុងនោះក៏មានក្មេងម្នាក់ទៀត ទៅជាមួយគ្នាក៏លង់ ដែរតែគេជួយទាន់ ។ ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ជាករណី លង់ទឹកស្លាប់ពិតប្រាកដមែន ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]