ភ្នំពេញ៖  ដោយសារតែ ការភ័យខ្លាច មិនចង់ពាក់ព័ន្ធនឹងរឿង មានម៉ែញ៉ែមតាមរំខាន និងទាក់ទងឱ្យទៅជួប ជាមួយបុរសម្នាក់ ជាមន្រ្តីធំ មានងារជាឯកឧត្តម ត្បាយអាយនោះ តារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា សោភ័ណ្ឌ លីនដា កាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ នេះ បានទូរស័ព្ទមកភ្នាក់ងារ គេហទំព័រ LookingTODAY សម្តែងនូវការ មិនសប្បាយចិត្ត ចំពោះទង្វើរបស់ស្រី្តម្នាក់ ដែលកំពុងតែព្យាយាម តាមរំខាន ដល់ជីវិតរបស់នាង។

ឆ្លើយឆ្លងជាមួយភ្នាក់ងារ គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ នេះ សោភ័ណ្ឌ លីនដា បាននិយាយ ប្រាប់ទាំងអារម្មណ៍ មិនសូវសប្បាយចិត្តថា "មួយរយៈនេះ គឺមានស្រី្តម្នាក់ (ម៉ែញ៉ែម) បាននឹងកំពុងតែព្យាយាម ទាក់ទងមករំខានដល់ខ្ញុំ ខ្លាំងណាស់ដោយគេ ចង់ឱ្យខ្ញុំ ទៅជួបជាមួយបុរសម្នាក់ ដែលជាមន្រ្តីធំ ហើយមានងារជាឯកឧត្តម"។

កញ្ញា សោភ័ណ្ឌ លីនដា បាននិយាយទៀតថា "នៅពេលដែលស្តី្រម្នាក់នេះ ខលមកម្តងៗ គេតែងនិយាយប្រាប់ខ្ញុំថា មានឯកឧត្តមម្នាក់ ចង់ចិញ្ចឹម និងជួយឧបត្ថម្ភផ្គត់ផ្គង់ ដល់ការរស់នៅរបស់ខ្ញុំ ។ មិនត្រឹមតែប៉ុណ្ណោះ ស្រី្តម្នាក់នេះ (ម៉ែញ៉ែម) ក៏បាននិយាយទៀតថា ដាច់ខាត គឺត្រូវតែឱ្យខ្ញុំ ទៅជួបបុរសម្នាក់នោះ។ ប៉ុន្តែខ្ញុំតែងតែឆ្លើយបដិសេធ ពីរឿងនេះព្រោះខ្ញុំមិនចង់ មានការរញ៉េរញ៉ៃ នឹងរឿងឆ្កួតៗអ៊ីចឹងទេ..!"។

លីនដា បាននិយាយបន្តថា ជារឿយៗនាងតែងតែប្រាប់ និងពន្យល់ទៅកាន់ស្រី្តម្នាក់នោះវិញថា នាងមិនចង់បានការជួយ ជ្រោមជ្រែងឧបត្ថម្ភ ឬការជួយចិញ្ចឹមពី បុរសមានទ្រព្យ ណាម្នាក់ឡើយ ហើយសព្វថ្ងៃនេះនាង ក៏មានលោក អេឡិច ហ្សូរ៉ា ជាបុរសម្នាក់ ដែលនាងត្រូវ ស្រឡាញ់ហើយដែរ...។

កញ្ញា សោភ័ណ្ឌ លីនដា បានបន្ថែមថា បើទោះបីជាមានការពន្យល់ប្រាប់ពីនាង ជាច្រើនលើកច្រើនសារហើយ យ៉ាងណាក្តី ប៉ុន្តែស្រី្ត(ម៉ែញ៉ែម)ម្នាក់នេះ នៅតែមិនស្តាប់ពីអ្វី ដែលនាងប្រាប់នោះឡើយ។ ផ្ទុយទៅវិញស្រី្ត(ម៉ែញ៉ែម) ម្នាក់នោះកាន់តែព្យាយាម ទាក់ទងមករំខាននាង កាន់តែខ្លាំងឡើងៗ រហូតដល់ពេលខ្លះ គឺនាងបង្ខំចិត្ត បិទទូរស័ព្ទទៀតផង ក៏មានដែរ។

សោភ័ណ្ឌ លីនដា បាននិយាយទៀតថា ឥឡូវនេះ នាងមានការព្រួយបារម្មណ៍ជាខ្លាំង ចំពោះទង្វើដែលស្រ្តីម្នាក់នេះ បាននឹងកំពុង តែព្យាយាមទាក់ទងមក ដោយការបង្ខំ ដើម្បីឱ្យនាងទៅជួបជាមួយ ឯកឧត្តមម្នាក់នោះ។ ដូច្នេះហើយ ទើបនាងសម្រេចចិត្តស្នើឱ្យមានការចុះផ្សាយ អំពីរឿងនេះតាម បណ្តាញសារព័ត័មាន ដើម្បីឱ្យស្រ្តីម្នាក់នេះ បញ្ឈប់នូវការតាម រំខានជីវិតឯកជន របស់នាងតទៅទៀត។

ជាមួយគ្នានេះដែរ កញ្ញា សោភ័ណ្ឌ លីនដា ក៏បានបញ្ជាក់ប្រាប់ដែរថា ប្រសិនជាស្រី្តម្នាក់នេះ (ម៉ែញ៉ែម)នៅតែបន្ត តាមរំខាន និង ព្យាយាមទាក់ទង មកនាងទៀតនោះ គឺនាងនឹងចាត់វិធានការ ទៅតាមផ្លូវច្បាប់ ជាក់ជាមិនខាន៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]